ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិថ្មីចំនួន ៣៣ រូប ត្រូវបានប្រកាសជាផ្លូវការ ក្រោយការបោះឆ្នោត ខណៈលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សង្ឃឹមថា សមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិថ្មី នឹងខិតខំបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការលើកកម្ពស់ វិស័យយុត្តិធម៌នៅកម្ពុជា។
ការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិថ្មី ឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ ត្រូវបានធ្វើឡើងស្របជាមួយនឹងមហាសន្និបាតគណៈមេធាវីកម្ពុជាលើកទី២៦ ដែលមានរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ តុលា នាទីស្នាក់ការគណៈមេធាវី រាជធានីភ្នំពេញ។
តាមលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី១៨ តុលាថា បេក្ខភាពចំនួន ៣៣ រូបត្រូវបានជាប់ឆ្នោតដោយមានសំឡេងច្រើនជាងគេក្នុងចំណោមបេក្ខភាពចំនួន ១១០ រូបដែលបានឈរឈ្មោះឱ្យគេបោះឆ្នោត ដើម្បីក្លាយជាសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី ១០។
លោករំពឹងថា សមាជិក្រុមប្រឹក្សាដែលបានជាប់ឆ្នោតថ្មីនេះ នឹងចូលរួមយ៉ាងសកម្មជាមួយគណៈមេធាវីដើម្បីលើកកម្ពស់វិស័យច្បាប់ និងយុត្តិធម៌នៅក្នុងប្រទេស ជាពិសេស ជួយឱ្យការងាររបស់គណៈមេធាវីប្រព្រឹត្តទៅមុខយ៉ាងសកម្ម ខណៈមេធាវីនៅតែជួបប្រទះនូវបញ្ហាជាច្រើន។
លោកបានបញ្ជាក់នៅក្នុងពីធីប្រកាសលទ្ធផលយ៉ាងដូច្នេះថា៖ «ខ្ញុំត្រៀមខ្លួនរួចជាស្រេចរួមគ្នាធ្វើការងារជាមួយបងប្អូនសហភាតាដែលជាប់ឆ្នោតដើម្បីឧត្តមភាពនិងកិត្យាភាពនៃវិជ្ជាជីវៈមេធាវីរបស់យើង។ សូមរួមគ្នាជាមួយខ្ញុំ ដើម្បីឧត្តមភាពនិងកិត្យានុភាពគណៈមេធាវី»។
បើតាមលោក លី ច័ន្ទតុលា ក្រុមប្រឹក្សាគណៈមេធាវីរួមគ្នាពិនិត្យ ដោះស្រាយគ្រប់បញ្ហា ដែលពាក់ព័ន្ធទៅនឹងការអនុវត្តវិជ្ជាជីវៈមេធាវី និងធានាដល់ការបំពេញភារកិច្ច និងការពារសិទ្ធិរបស់មេធាវី។
ក្នុងនោះលោកបន្តថា សមាជិកគណៈមេធាវីក៏មានសិទ្ធិធ្វើបទបញ្ជាផ្ទៃក្នុងក្រមសីលធម៌សម្រេចលើការស្នើសុំអនុញ្ញាតទាំងឡាយដែលធ្វើឡើងដោយមេធាវីរួមទាំងកិច្ចការជាច្រើនទៀតដោយ ៥០ បូក១ ឬសំឡេងភាគច្រើន។
លោក កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា មេធាវីគឺបុគ្គលមួយដែលចូលរួមនិងមិនអាចខ្វះនៅក្នុងការលើកកម្ពស់វិស័យយុត្តិធម៌នៅកម្ពុជាហើយស្ថាប័ននេះក៏បានចូលរួមផ្តល់ការការពារសិទ្ធិនិងផលប្រយោជន៍នៅចំពោះមុខច្បាប់ផងដែរ។
លោករំពឹងថា៖ «ក្រុមប្រឹក្សាគណៈមេធាវីថ្មីនេះនឹងបំពេញតួនាទីដ៏មានសារៈសំខាន់ របស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតដើម្បីជាឧត្តមប្រយោជន៍ដល់គណៈមេធាវីសម្រាប់មេធាវី។ សមត្ថភាពខាងវិជ្ជាជីវៈរបស់មេធាវីគឺជាកត្តារួមចំណែកមិនអាចខ្វះបាននិងដំណើរការលើកកម្ពស់ ដល់វិស័យយុត្តិធម៌នៅកម្ពុជា»។
លោក ទូច ធីរិទ្ធ មេធាវីដែលទទួលបានសំឡេងឆ្នោតច្រើនក្នុងលំដាប់ទី ៣ ក្នុងចំណោមមេធាវីជាប់ឆ្នោតទាំង ៣៣ រូបបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១៨ តុលាថា លោកពេញចិត្តនឹងការបំពេញការងារជាសមាជិកក្រុមប្រឹក្សាគណៈមេធាវីក្នុងអាណត្តិថ្មីនេះ។
លោកបានប្តេជ្ញាថា៖ «សម្រាប់ខ្ញុំ មាន២ ចំណុចក្នុងការប្តេជ្ញាចិត្តគឺខ្ញុំមានពេលវេលាគ្រប់គ្រាន់ ដើម្បីបំពេញការងារនិងចូលរួមកិច្ចប្រជុំរបស់គណៈមេធាវី។ ទី២ គឺខ្ញុំនឹងបន្តនិរន្តរភាពចូលរួមសកម្មភាពក្នុងការចូលរួមជាមួយការដឹកនាំរបស់គណៈមេធាវីលើគោលការណ៍ ៨ ចំណុចដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី»។
ក្រៅពីការប្តេជ្ញានេះលោកមើលឃើញថា ការបោះឆ្នោតក្នុងអាណត្តិថ្មីនេះគឺមានលក្ខណៈល្អនិងត្រឹមត្រូវដែលបង្ហាញតម្លាភាពនិងភាពច្បាស់លាស់ ក្នុងការជ្រើសរើសសមាជិកដែលមានសមត្ថភាពដើម្បីបំពេញការងារក្នុងវិស័យនេះឱ្យកាន់តែរីកចម្រើន៕