ព្រះសីហនុៈ នាវាចម្បាំងកងទ័ពជើងទឹកអូស្ត្រាលីឈ្មោះ HMAS Anzac ចំនួន ១ គ្រឿង ដែលផ្ទុកនាវិកជិត ១៦០ នាក់ បានមកបំពេញទស្សនកិច្ច ៣ ថ្ងៃនៅខេត្តព្រះសីហនុ នៅថ្ងៃទី ១៨-២០ ខែតុលា ដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីរវាងប្រទេសទាំង ២។
នេះជាលើកដំបូងហើយចាប់តាំងពីឆ្នាំ ២០១៦ មក ដែលនាវាចម្បាំងកងទ័ពជើងទឹកអូស្ត្រាលីបានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅក្នុងប្រទេសកម្ពុជា។ នាវា HMAS Anzac ជាផ្នែកមួយនៃសកម្មភាពចូលរួមក្នុងតំបន់នៃនាវាបញ្ជាការរបស់អូស្ត្រាលីដែលហៅថា កិច្ចខិតខំប្រឹងប្រែងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific Endeavour)។
ស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ១៨ ខែតុលាថា «នៅក្នុងឆ្នាំ ២០២១ នេះយើងឃើញមានកម្លាំងប្រតិបត្តិការតូចមួយរបស់នាវាកងទ័ពជើងទឹក អូស្ត្រាលីចូលសំចតតាមកំពង់ផែធ្វើលំហាត់ហ្វឹកហ្វឺនយោធា ផ្តល់ជំនួយវេជ្ជសាស្ត្រ និងមនុស្សធម៌ ព្រមទាំងផ្លាស់ប្តូរគំនិតថ្មីៗ និងទស្សនវិស័យនានាស្តីពីបញ្ហាសន្តិសុខជាមួយបណ្តាប្រទេសជាដៃគូរបស់អូស្ត្រាលី នៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។
នៅក្នុងពិធីទទួលការមកដល់នៃនាវានេះនៅឯកំពង់ផែក្រុងព្រះសីហនុកាលពីថ្ងៃទី ១៨ តុលា លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា បានប្រគល់អំណោយជាសម្ភារការពារខ្លួន និងសម្ភារវេជ្ជសាស្ត្របង្ការជំងឺកូវីដ ១៩ ចំនួន ៨០០ គីឡូក្រាម ជូនដល់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក អ៊ុកសីហា មេបញ្ជាការរងកងទ័ពជើងទឹក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
សេចក្តីប្រកាសព័ត៌មានបានស្រង់សម្ដីលោក Pablo Kang ដែលថ្លែងក្នុងពិធីនេះថា ប្រទេសកម្ពុជាបានធ្វើឱ្យសកម្មភាពកិច្ចខិតខំប្រឹងប្រែងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះទទួលបានជោគជ័យ ហើយការគាំទ្រ និងកិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងការដោះស្រាយជំងឺកូវីដ ១៩ គឺមានសារៈសំខាន់ណាស់។
លោកបានថ្លែងថា៖ «ទស្សនកិច្ចនេះ ពង្រឹងដល់ការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសកម្ពុជា រួមមាន ការស្តារសេដ្ឋកិច្ច និងសុខាភិបាលឡើងវិញពីជំងឺកូវីដ-១៩ និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីរបស់យើង»។
លោក Pablo Kang បន្ថែមថា ទស្សនកិច្ចនេះកើតឡើងក្នុងសប្តាហ៍នៃខួបអនុស្សាវរីយ៍លើកទី ៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលបានត្រួសត្រាយផ្លូវបញ្ចប់ជម្លោះជាច្រើនទសវត្សរ៍ នៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះបាននាំឱ្យមានអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិ ក្នុងប្រទេសកម្ពុជា ដែលមានកងទ័ពអូស្ត្រាលីជាបុរស និងស្ត្រីជាច្រើនរូប បានមកចូលរួមបំពេញការងារប្រកបដោយកិត្តិយស។
បើយោងតាមសេចក្តីប្រកាសព័ត៌មាននេះ ក្នុងអំឡុងពេលទស្សនកិច្ចនេះ កងនាវិកក៏នឹងរៀបចំសិក្ខាសាលាតាមប្រព័ន្ធ អនឡាញ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខជាមួយតំណាងកងយោធពលខេមរភូមិន្ទផងដែរ ដែលនឹងជាមូលដ្ឋាន សម្រាប់ការគាំទ្រគោលនយោបាយ និងហិរញ្ញវត្ថុរបស់អូស្ត្រាលីចំពោះដំណើរការជោគជ័យនៅក្នុងវេទិកាស្តីពីស្ត្រី សន្តិភាព និងសន្តិសុខនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលក្រសួងកិច្ចការនារីរបស់ប្រទេសកម្ពុជា បានរៀបចំប្រារព្ធធ្វើ កាលពីសប្តាហ៍មុន។
សេចក្តីប្រកាសព័ត៌មានសាលាខេត្តព្រះសីហនុបានដកស្រង់សម្ដីលោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុថ្លែងក្នុងពិធីនេះថា ការផ្តល់អំណោយរបស់អូស្ត្រាលីនេះបង្ហាញពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសអូស្ត្រាលី និងជាផ្នែកមួយនៃសកម្មភាពកិច្ចសហប្រតិបត្តិការជើងទឹកដ៏សំខាន់របស់អូស្ត្រាលីនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឆ្នាំ ២០២១។
លោកបានថ្លែងថា៖ «សូមឱ្យចំណងសាមគ្គីភាពនេះកាន់តែមានភាពស្អិតល្មួតបន្ថែមទៀតរវាងប្រទេសទាំង ២ និងប្រជាជននៃប្រទេសទាំង ២»។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាខេត្តព្រះសីហនុ នាវាចម្បាំង HMAS Anzac មួយគ្រឿងនេះមានបណ្តោយប្រវែង ១១៨ ម៉ែត្រ ទទឹង ១៤,៨ ម៉ែត្រ ទម្ងន់ផ្ទុក ៣ ៨១០ តោន មាននាវឹកចំនួន ១៥៨ នាក់ ដឹកនាំដោយលោក Mal Wise មេបញ្ជាការនាវាឥណ្ឌូប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹករបស់ប្រទេសអូស្ត្រាលី ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុចាប់ពីថ្ងៃទី ១៨-២០ ខែតុលា៕