កំពង់ឆ្នាំង៖ អាជ្ញាធរឃុំជ្រៃបាក់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងកំពុងសម្របសម្រួលរកដំណោះស្រាយ បន្ទាប់ពីពលរដ្ឋបាននាំគ្នាទៅតវ៉ានៅចំណុចអន្លង់ភ្លង ឃុំជ្រៃបាក់ នាពេលថ្មីៗនេះ រឿងម្ចាស់រណ្តៅដីបិទផ្លូវមិនឱ្យពួកគាត់ចូលជីកយកដីឥដ្ឋ ដើម្បីយកទៅធ្វើចង្ក្រាន ឆ្នាំង។
លោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ថ្លែងនៅថ្ងៃទី ១៧ តុលាថា ពលរដ្ឋប្រមាណជាង ៤០ នាក់ បានតវ៉ានៅចំណុច អន្លង់ភ្លង ក្នុងឃុំជ្រៃបាក់ ស្នើឱ្យអាជ្ញាធរឃុំជួយរកដំណោះស្រាយ ជាមួយម្ចាស់រណ្តៅដី។ កន្លងមកម្ចាស់រណ្តៅដីនោះធ្លាប់អនុញ្ញាតឱ្យពលរដ្ឋចូលយកដីឥដ្ឋធ្វើឆ្នាំង ប៉ុន្តែពេលនេះបែរជាបិទមិនអនុញ្ញាតទៅវិញ។
លោកមេឃុំប្រាប់ថា ដើមឡើយ ដីនោះត្រូវបានម្ចាស់ដីទិញបន្តពីប្រជាពលរដ្ឋដើម្បីទុកជីកយកដីក្រួស និងអាចម៍ដីលក់ ប៉ុន្តែប្រជាពលរដ្ឋបានស្នើសុំឱ្យអាជ្ញាធរជួយសម្រួល ដើម្បីឱ្យពួកគាត់បានដី ១ កន្លែងសម្រាប់យកដីឥដ្ឋទៅធ្វើឆ្នាំងបន្តមុខរបរចិញ្ចឹមជីវិត ដែលមានតាំងពីយូរមកហើយ។
លោក តាំង ប៊ុនទត បញ្ជាក់ថា ក្រោយពីលោកធ្វើការសម្របសម្រួលខាងម្ចាស់ដី ក៏ព្រមកាត់ដីចំនួន ៤ ហិកតានៅអន្លង់ភ្លងនោះទុកសម្រាប់ប្រជាពលរដ្ឋចូលយកអាចម៍ដីទៅធ្វើឆ្នាំង។ ប៉ុន្តែខាងម្ចាស់ដីនៅមិនទាន់មានសកម្មភាពជីកយកអាចម៍ដីនៅឡើយ។
នៅឆ្នាំ ២០១៧ ទើបអ្នកស្រី អ៊ិត ដានី ជាម្ចាស់ដីចាប់ផ្តើមជីកយកអាចម៍ដីលក់ ដែលមានទីតាំងនៅជាប់កន្លែងដែលកាត់ជូនពលរដ្ឋនោះ។ ក្រោយមកពលរដ្ឋក៏នាំគ្នាឆ្លងចូលទៅកាប់ដីនោះយកទៅធ្វើឆ្នាំងខ្លះ និងលក់ខ្លះ ប៉ុន្តែក្រុមហ៊ុនមិនបានហាមឃាត់ទេ លុះដល់ចុងខែកញ្ញា ឆ្នាំ ២០២១ ក្រុមហ៊ុនក៏លែងអនុញ្ញាត។
លោកថ្លែងថា៖ «មកដល់ចុងខែកញ្ញា ដើមខែតុលាហ្នឹង ភ្លៀងចូលទឹកក្នុងរណ្តៅដីលិចអស់។ អ៊ីចឹងទៅ ពលរដ្ឋចេះតែដើរទៅយករបស់គេទៀតទៅ ដល់ឥឡូវគេហាម។ ពេលគេហាម គាត់បានឱ្យខ្ញុំហ្នឹងទៅសុំចរចាជាមួយម្ចាស់ដី ដើម្បីដូរដី ទៅកន្លែង ៤ ហិកតាដែលគេទុកឱ្យហ្នឹង»។
លោកមេឃុំបញ្ជាក់ថា បញ្ហាមិនទាន់អាចដោះស្រាយទៅបានដោយសារតែមានពលរដ្ឋមួយចំនួនជាអ្នកត្រូវការដីធ្វើឆ្នាំងចង់ដូរដីវិញ។ ព្រោះតែដីរបស់ក្រុមហ៊ុនដែលនៅជាប់នោះបានកាយក្រួសចេញអស់ ធ្វើឱ្យគាត់មិនពិបាកហត់ក្នុងការលុងដីចូលជីកយកដីឥដ្ឋ។
ដោយឡែកអ្នកមិនត្រូវការដីឥដ្ឋធ្វើឆ្នាំង មិនយល់ព្រម ព្រោះចង់ទុកដីដែលមានក្រួសខ្លះ ដើម្បីដឹកយកមកចាក់បំពេញដីភូមិរបស់ពួកគាត់។ រីឯមួយចំនួនទៀតចង់ឱ្យមានកន្លែងដែលមានព្រៃសម្រាប់ពួកគាត់អាចកាប់អុសដុត។
លោកថ្លែងថា៖ «ពិបាកតម្រូវមតិគាត់ បើជួយជាដី វាអត់ [មានសម្រាប់អ្នកត្រូវការអុស]។ តែបើតាមទស្សនៈខ្ញុំ ខ្ញុំចង់ប្តូរ ២ ហិកតា ទុកសម្រាប់ពលរដ្ឋដែលត្រូវការដីក្រួសនិងព្រៃ ចំណែក ២ ហិកតាទៀតសម្រាប់អ្នកត្រូវការដីឥដ្ឋធ្វើឆ្នាំង។ នេះគ្រាន់តែខ្ញុំគិតសិនទេ មិនទាន់ជាផ្លូវការទេ»។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនទាន់បានរាយការណ៍រឿងហ្នឹងទៅខាងស្រុកនៅឡើយទេ។ ព្រោះខ្ញុំគិតថា ខ្ញុំព្យាយាមជួបជាមួយភាគីម្ចាស់ដីឱ្យអស់លទ្ធភាពសិន បើបរាជ័យ គេមិនទទួលយក ចាំរាយការណ៍ទៅស្រុកបន្តទៀត»។
អ្នកស្រី អ៊ិត ដានី ជាម្ចាស់ដីថ្លែងនាថ្ងៃទី ១៨ តុលាថា អ្នកស្រីយល់ព្រមចែកដីដែលអ្នកស្រីបានទិញលក្ខណៈឯកជនជូនទៅពលរដ្ឋ ប៉ុន្តែដីដែលបានចែកជូននោះពលរដ្ឋមិនបានចូលទៅជីកយកដីឥដ្ឋដោយខ្លួនឯងនោះទេ បែរជាចូលមកជីកដីកន្លែងផ្សេងដែលអ្នកស្រីធ្វើអាជីវកម្មកាយក្រួស និងអាចម៍ដីលក់ទៅវិញ។
អ្នកស្រីថ្លែងថា៖ «ទីតាំងដីចែកឱ្យគាត់ហើយគាត់អត់យកទេ ហើយពួកគាត់ថាខ្ញុំបិទផ្លូវមិនមែនខ្ញុំបិទ ផ្លូវដីដែលខ្ញុំចែកឱ្យគាត់ហ្នឹងទេ។ ខ្ញុំកាយផ្តាច់ផ្លូវក្នុងដីខ្ញុំ ហើយពួកគាត់ហ្នឹងចូលទៅយកដីខ្ញុំដោយសារតែខ្ញុំកាយក្រួសក្រហមអស់។ អស់ព្រៃអស់អីហើយពួកគាត់ស្រួលចូលយក។ អ៊ីចឹងពួកគាត់ស្រឡាញ់ពេញចិត្តតែកន្លែងដែលមានស្រាប់ៗ ហាមមិនស្តាប់»។
អ្នកស្រីថា បើពលរដ្ឋស្នើសុំដោះដូរដី អ្នកស្រីឱ្យពលរដ្ឋទៅជួបផ្ទាល់ ដើម្បីជជែកគ្នា។ អ្នកស្រីថា៖ «រយៈពេល ៣ ឆ្នាំមកហ្នឹងគាត់ដូរតាម អំពើចិត្តគាត់រហូត ខ្ញុំមានដីប៉ុន្មានកន្លែង ដើម្បីដូរទៀត។ ឥឡូវគាត់ចង់ ដូរ អូខេ! មកជួបនិយាយជាមួយខ្ញុំឱ្យច្បាស់ ឈប់ដើរជីកតែពីសតែពាស ខ្ញុំទទួលយកបាន»។
មិនអាចរកប្រភពពីពលរដ្ឋ ដើម្បីបំភ្លឺបានទេពីថ្ងៃទី ១៨ តុលា៕