បាត់ដំបងៈ អភិបាលខេត្តបាត់ដំបងដែលទើបចូលកាន់តំណែងថ្មី លោក សុខ លូ បានណែនាំដល់សមត្ថកិច្ចនៅតាមបន្ទាត់ព្រំដែន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវរួមគ្នាទប់ស្កាត់ពលរដ្ឋកុំឱ្យឆ្លងដែនខុសច្បាប់ទៅថៃ តាមរយៈការអូសទាញពីពួកមេខ្យល់។
លោក សួស សុភ័ក្ត្រ ប្រធានមន្ទីរព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៨ តុលាថា ក្នុងកិច្ចប្រជុំគណៈបញ្ជាការរដ្ឋបាលខេត្តបាត់ដំបងពីថ្ងៃទី ១៤ តុលា លោក សុខ លូ លើកឡើងថា ពលរដ្ឋដែលបម្រុងឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃតែងតែកើតមានក្នុងភូមិសាស្ត្រខេត្តបាត់ដំបងដូចជា ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ជាដើម។
លោក សុខ លូ ក៏បានអំពាវនាវដល់អាជ្ញាធរនៃរដ្ឋបាលក្រុងស្រុកពាក់ព័ន្ធក្នុងខេត្តទាំងអស់ត្រូវមានវិធានការ ទប់ស្កាត់ឱ្យបាននូវលំហូរនៃការលួចឆ្លងដែនខុសច្បាប់ទៅថៃ ជាពិសេសត្រូវវែកមុខបក្ខពួកក្រុមមេខ្យល់ដែលតែងនាំពលករឆ្លងដែនខុសច្បាប់ឱ្យបាន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
លោក សួស សុភ័ក្ត្រ ថ្លែងថា៖ «ឯកឧត្តមអភិបាលខេត្តក៏បានដាស់តឿនដល់អាជ្ញាធរដែនដីតាមបណ្តាស្រុកទាំងនេះឱ្យបន្តយកចិត្តទុកដាក់ចុះត្រួតពិនិត្យផ្នែករដ្ឋបាលលើទីតាំងដែលសង្ស័យមានការប្រមូលផ្តុំប្រជាពលរដ្ឋ ដែលបម្រុងឆ្លងដែន ដែលមេខ្យល់បានកំណត់ មុននាំឆ្លងដែនខុសច្បាប់ទៅថៃ និងត្រូវបង្កើនការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនកុំឱ្យចាញ់បោកមេខ្យល់ដែលនាំឆ្លងដែនខុសច្បាប់»។
លោក សុក គឹមខុន អភិបាលស្រុកកំរៀង ប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ១៨ តុលា ថា ពលរដ្ឋកម្ពុជានៅតែបន្តចាញ់បោកមេខ្យល់ និងមួយទៀតពួកគាត់បានឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ដើម្បីរកការងារធ្វើនៅតែមានជាបន្តបន្ទាប់។ សកម្មភាពនេះមិនមែនកើតឡើងតែនៅពេលបច្ចុប្បន្ននេះទេ គឺកើតឡើងតាំងពីអំឡុងពេលផ្ទុះជំងឺកូវីដ ១៩ ខ្លាំង ហើយភាគីថៃក៏បានបញ្ជូនពលករខ្មែរត្រឡប់មកវិញ និងអ្នកខ្លះទៀតក៏បានលបលួចត្រឡប់ទៅវិញដែរ។
លោកបានបន្តថា សម្រាប់ស្រុកកំរៀង សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទប់ស្កាត់កុំឱ្យពលរដ្ឋលួចចូលទៅប្រទេសថៃដោយខុសច្បាប់។ ប៉ុន្តែករណីនេះក៏រមែងតែងតែមានការឆកល្វែងខ្លះ ព្រោះប្រជាពលរដ្ឋបានលួចចូលទៅមិនឱ្យសមត្ថកិច្ចដឹងជាមុន។ ទោះយ៉ាងណា សម្រាប់មេខ្យល់វិញនៅពេលដែលអាជ្ញាធរឃាត់ខ្លួនបានគឺមិនដែលលើកលែងនោះទេគឺត្រូវបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមច្បាប់។
លោកបានបញ្ជាក់ថា៖ « កងកម្លាំងគ្មានបានទំនេរ បានសម្រាកបុណ្យទានអីទេ ហើយក៏មិនដែលបានដេកស្រួលដែរ ជាពិសេសកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែន។ និយាយរួមយើងបានដុតដៃដុតជើង ទាំងកម្លាំងខាងក្នុង និងខាងក្រៅដើម្បីទប់ស្កាត់កុំឱ្យពលរដ្ឋលួចឆ្លងដែន ចូលទៅប្រទេសថៃដោយខុសច្បាប់»។
បើតាមលោក គឹមខុន ប្រជាពលរដ្ឋដែលលួចឆ្លងដែនចូលទៅប្រទេសថៃមិនមែនអ្នករស់នៅក្នុងស្រុកកំរៀងទេ តែភាគច្រើនគឺមកពីតាមបណ្តាខេត្តនានាទូទាំងប្រទេសដោយមានមេខ្យល់ដឹកនាំ និងឮតាមគ្នាថាច្រកព្រំដែន ត្រូវបានបើកវិញ ខណៈដែលសាច់ញាតិនៅក្នុងប្រទេសថៃខ្លះបានទាក់ទងហៅត្រឡប់ទៅវិញ ដើម្បីបានបេះផ្លែឈើ ស្របពេលដែលប្រទេសថៃជួបវិបត្តិខ្វះកម្លាំងពលកម្ម។
លោក សុក គឹមខុន ថា អាជ្ញាធរស្រុកកំរៀងក៏ដូចជាស្រុកផ្សេងទៀតនៅជាប់ព្រំដែនមិនអាចទប់ស្កាត់មិនឱ្យលួចចូលទៅកាន់ប្រទេសថៃតែឯងបានទេ លុះត្រាតែមានការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសខេត្តនានានៅទូទាំងប្រទេស ត្រូវណែនាំ និងផ្សព្វផ្សាយដល់ពលរដ្ឋនៅក្នុងភូមិស្រុករបស់ខ្លួនពីគ្រោះថ្នាក់ទើបកិច្ចការនេះទទួលបានជោគជ័យ។
តាមរបាយការណ៍បូកសរុបរបស់គណៈបញ្ជាការដ្ឋានឯកភាពរដ្ឋបាលខេត្តបាត់ដំបងប្រចាំខែកញ្ញាឆ្នាំនេះបង្ហាញថា តាមរយៈកិច្ចប្រតិបត្តិការរក្សាសន្តិសុខព្រំដែន សមត្ថកិច្ច បានទប់ស្កាត់ប្រជាពលរដ្ឋដែលបម្រុងឆ្លងដែនខុសច្បាប់បានចំនួន ១៩ លើក ដោយមានមនុស្សចំនួន ១៩៨ នាក់ (ស្ត្រី ៦៥ នាក់) ជាអនីតិជន ២៨ នាក់។
ជាមួយគ្នានេះ ខាងសមត្ថកិច្ចថៃក៏ធ្លាប់បានចាប់បញ្ជូនពលករខ្មែរដែលឆ្លងដែនខុសច្បាប់ឱ្យត្រឡប់មកវិញចំនួន ៧៨ លើកដែលមានមនុស្សចំនួន ១ ២៤៥ នាក់ក្នុងនោះជាស្ត្រី ៤៧៧ នាក់ និងអនីតិជនចំនួន ២៤ នាក់ផងដែរ៕