តាកែវៈ អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា សម្តែងការព្រួយបារម្ភចំពោះកម្ពស់ទឹកនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវដែលទាបជាងឆ្នាំកន្លងមក ដែលនឹងធ្វើឱ្យសត្វនៅតំបន់នេះជួបហានិភ័យក្នុងការរកចំណីនៅរដូវប្រាំង។
អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជាបញ្ជាក់ក្នុងហ្វេសប៊ុកពីថ្ងៃទី ១៧ ខែតុលាថា រហូតមកទល់ពេលនេះ អាងគ្រប់គ្រងទឹកនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងស្រុកបុរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ ពុំទាន់ទទួលបានរបបទឹកគ្រប់គ្រាន់ទេ បើប្រៀបធៀបនឹងឆ្នាំកន្លងមក។
នៅក្នុងខែតុលា ឆ្នាំនេះទឹកទើបតែឡើងបានប្រមាណតែ ១ ម៉ែត្រដោយឆ្នាំកន្លងមកកម្ពស់ទឹកធ្លាប់បានឡើងរហូតដល់ប្រមាណ ៣ ម៉ែត្រក្នុងខែតុលា ដូចគ្នា។
អង្គការនេះបញ្ជាក់ថា៖ «យើងបានសង្កេតឃើញថា កម្ពស់ទឹកបានធ្លាក់ចុះពី ១ ឆ្នាំទៅ ១ ឆ្នាំហើយទឹកក៏ពន្យារពេលក្នុងការជន់លិច និងស្រកទៅវិញឆាប់រហ័ស ដែលបានបង្កើតជាក្ដីព្រួយបារម្ភចំពោះតំបន់ដីសើមមួយនេះ»។
កាលណាកម្ពស់ទឹកឡើងទាបពេក ការរក្សាទឹកទុកសម្រាប់សត្វក្រៀល និងសត្វស្លាបផ្សេងទៀត សម្រាប់រកចំណីនៅរដូវប្រាំងនឹងជួបហានិភ័យ ដោយសារតំបន់ទាំងមូលនឹងឆាប់ស្ងួតហួតហែង ដែលធ្វើឱ្យសត្វក្រៀលឆាប់ផ្លាស់ទីចេញពីតំបន់ទេសភាពបឹងព្រែកល្ពៅនេះ។
ប្រភពដដែលបញ្ជាក់ថា ផលអវិជ្ជមានមួយទៀតនៅពេលដែលកម្រិតទឹកជំនន់ទាប និងរយៈពេលជន់លិចខ្លី ក៏បានបណ្ដាលឱ្យជះឥទ្ធិពលដល់ការគ្រប់គ្រងរុក្ខជាតិទន្ទ្រានផងដែរ គឺបន្លាអ៊ុយយ៉ាស់។ កាលណាទឹកជំនន់តិច រយៈពេលជន់លិចខ្លី នោះដើមរុក្ខជាតិនេះនឹងមានអត្រាដុះឡើងវិញខ្ពស់ បន្ទាប់ពីទឹកស្រក។ ទឹកជាកត្តាចម្បងដែលត្រូវបានប្រើ ដើម្បីគ្រប់គ្រងការដុះដាលនៃរុក្ខជាតិចង្រៃនេះ ដោយកាប់ដើមពន្លិចទឹក។
អង្គការនេះបញ្ជាក់ថា៖ «ប៉ុន្តែយើងសង្ឃឹមថា ទឹកនឹងនៅតែបន្តឡើង ព្រោះតាមរយៈការកត់ត្រាប្រចាំថ្ងៃរបស់ក្រុមការងារយើង កម្ពស់ទឹកមានការកើនឡើងប្រមាណជា ២ សង់ទីម៉ែត្រក្នុង ១ ថ្ងៃ ហើយនៅតែបន្តកើនឡើង»។
គម្រោងអភិរក្ស និងគ្រប់គ្រងតំបន់ដីសើមបឹងព្រែកល្ពៅ ស្ថិតក្រោមកិច្ចសហការរវាងក្រសួងបរិស្ថានដែលមានមន្ទីរបរិស្ថានខេត្តតាកែវជាសេនាធិការ អង្គការជីវិតសត្វស្លាបអន្តរជាតិ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការ WWT។
លោក ប៊ូ វរសក្ស នាយកកម្មវិធីប្រចាំកម្ពុជានៃអង្គការជីវិតសត្វស្លាបអន្តរជាតិប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៨ ខែតុលាថា តំបន់បឹងព្រែកល្ពៅដែលទទួលបានរបបទឹកពីទន្លេបាសាក់មានការប្រែប្រួលក្នុងរយៈពេលជាង ៥ ឆ្នាំចុងក្រោយនេះ។ ទន្ទឹមនេះក៏មានការធ្វើស្រែប្រាំងច្រើនផងដែរ ដោយកសិករបូមទឹកពីក្នុងអូរមកស្រោចស្រពស្រែរបស់ពួកគាត់។
លោកថ្លែងថា៖ «ទន្ទឹមនឹងទឹកទទួលបានតិច ហើយហូរចេញលឿន ហើយនិងមានការបូមបាចទៀត រយៈពេល ៥ ឆ្នាំចុងក្រោយនេះ គឺយើងឃើញថា ទឹកមានការហួតហែង មានន័យថា អស់ខ្លាំងនៅក្នុងតំបន់ព្រែកល្ពៅហ្នឹង។ អ៊ីចឹងជាចំណាត់ការរបស់យើងកន្លងមកហ្នឹងគឺយើងធ្វើអាង ដើម្បីស្ទាក់ទឹកទុកនៅក្នុងអាងឱ្យវាហូរតាមធម្មជាតិវិញ ដើម្បីកុំឱ្យវាស្រកតាមអូរទៅវិញលឿនពេក»។
លោក ប៊ូ វរសក្ស បន្តថា អាងនេះត្រូវបានរៀបចំឡើងរយៈពេល ៣ ឆ្នាំមកហើយ ដែលឆ្នាំនេះគឺជាឆ្នាំទី៤ សម្រាប់ការស្ទាក់ទឹកទុកចំនួន ១៦ ហិកតា ដែលជាដំណាក់កាលសាកល្បង។
រយៈពេលប្រមាណ ៣ ឆ្នាំ ដែលបានសាកល្បងនេះ អាងនេះអាចទប់ទឹកបានតែរយៈពេល ១ ខែប៉ុណ្ណោះ ដោយសារទឹកក្នុងអាងនៅតែហូរជ្រាបចេញ ព្រោះវាមានជម្រាបព្រមទាំងមានកម្រិតរំហួតខ្លាំង៕