ភ្នំពេញៈ រដ្ឋាភិបាល និងសង្គមស៊ីវិលរួមគ្នាពិភាក្សាអំពីគោលនយោបាយថ្នាក់ជាតិស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ ខណៈការប្ដេជ្ញាចិត្តលុបបំបាត់បញ្ហានេះត្រូវបានប្រកាសដើម្បីបង្ហាញអំពីវឌ្ឍនភាពនៃការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
កិច្ចពិភាក្សាគោលនយោបាយថ្នាក់ជាតិនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី ១៩ តុលា តាមប្រព័ន្ធអនឡាញដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គាំទ្រពីយូនីសេហ្វ អង្គការ Save the Children និងអង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជា (CRC Cambodia)។
កិច្ចពិភាក្សានេះមានការចូលរួមពីសមាជិកសមាជិកានៃគណៈកម្មការដឹកនាំអនុវត្តផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីថ្នាក់ក្រោមជាតិ ទីភ្នាក់ងារសហប្រជាជាតិ ម្ចាស់ជំនួយអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ វិស័យឯកជន និងតំណាងកុមារ និងយុវជនផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ស្ថាប័នខាងលើ។
សេចក្តីប្រកាសរួមបានបញ្ជាក់ថា «វត្តមានចូលរួមរបស់តំណាងកុមារ និងយុវជននៅក្នុងកិច្ចពិភាក្សានេះ សបញ្ជាក់ឱ្យឃើញថា សំឡេងរបស់ពួកគេ ត្រូវបានគេដឹងឮ និងឆ្លុះបញ្ចាំងនៅក្នុងការប្តេជ្ញាចិត្តដែលត្រូវធ្វើឡើងនៅថ្ងៃនេះតែម្តង។ ប្រទេសកម្ពុជាបានបង្ហាញជំហរយ៉ាងច្បាស់របស់ខ្លួនដោយចាត់ទុកថា ការទប់ស្កាត់អំពើហិង្សាលើកុមារគឺជាអាទិភាពមួយ»។
ការប្តេជ្ញាចិត្តដែលធ្វើឡើងនេះនឹងផ្ដល់ជាសក្ខីកម្មសម្រាប់ដោះស្រាយចំពោះបញ្ហាអំពើហិង្សាលើកុមារនៅឆ្នាំបន្តបន្ទាប់ខាងមុខ ហើយនឹងត្រូវចែករំលែកជាជំហានសកលមួយនៅក្នុងព្រឹត្តិការណ៍អ្នកដឹកនាំ ដើម្បីបញ្ចប់អំពើហិង្សា (#EndViolence Leaders Event) នៅពាក់កណ្ដាលខែធ្នូឆ្នាំ ២០២១។ នេះបើតាមការអះអាងរួមនៅក្នុងសេចក្តីប្រកាសព័ត៌មាន។
លោក នឹម ថូត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានលើកឡើងថា ទន្ទឹមនឹងការអភិវឌ្ឍសកលភាវូបនីយកម្ម និងបច្ចេកវិទ្យា ប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍បាននិងកំពុងជួបប្រទះបញ្ហាជាច្រើនក្នុងការបញ្ចប់អំពើហិង្សាលើកុមារ។
លោកបន្តថា អំពើហិង្សាលើកុមារទោះក្នុងទម្រង់ណាមួយក៏ដោយ សុទ្ធសឹងជាសកម្មភាពដែលមិនអាចអត់ឱនបាន ព្រោះថាអំពើបែបនេះបានបង្កជាផលប៉ះពាល់យ៉ាងអន្តរាយដល់ការអភិវឌ្ឍរបស់កុមារ សីលធម៌-សង្គម សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍធនធានមនុស្សនាពេលអនាគត។
លោកបានបញ្ជាក់ថា៖ «ដើម្បីលើកកម្ពស់កិច្ចការពារកុមារ និងសុខុមាលភាពកុមារ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តច្បាប់គតិយុត្ត គោលនយោបាយ និងផែនការសកម្មភាពជាតិមួយចំនួន។ ដើម្បីបន្តគាំទ្រដល់វឌ្ឍនភាពនៃកិច្ចការពារកុមារ ថ្ងៃនេះយើងសូមអំពាវនាវឱ្យមានកិច្ចសហការ និងការខិតខំរួមគ្នាជាបន្តពីសំណាក់គ្រប់ក្រសួងស្ថាប័ន អង្គការជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់»។
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ តំណាងយូនីសេហ្វ ប្រចាំប្រទេសកម្ពុជាបានថ្លែងដែរថា យូនីសេហ្វ ទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងដ៏មានអត្ថន័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងប្រព័ន្ធនានាដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ព្រមទាំងពង្រឹងបន្ថែមទៀតចំពោះប្រព័ន្ធទាំងនោះ។
លោកស្រីបានបន្តថា៖ «ការរាតត្បាតនៃជំងឺកូវីដ ១៩ បានស្តែងឱ្យឃើញបន្ថែមទៀតពីតម្រូវការជាបន្ទាន់ក្នុងការពន្លឿនចំណាត់ការនានា ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារទាំងនៅក្រៅ និងក្នុងបណ្ដាញអ៊ីនធឺណិត។ យូនីសេហ្វនៅតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនយ៉ាងមុតមាំក្នុងការជួយគាំទ្រដល់ចំណាត់ការឥតប្រែប្រួល និងកាន់តែលឿនទៅមុខរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់អំពើហិង្សាលើកុមារ ព្រមទាំងអនុវត្តការប្ដេជ្ញាចិត្តរបស់ខ្លួនឱ្យខាងតែបានក្នុងការបញ្ចប់អំពើហិង្សាលើកុមារនៅត្រឹមឆ្នាំ ២០៣០»។
កាលពីឆ្នាំ ២០១៣ ប្រទេសកម្ពុជាបានក្លាយទៅជាប្រទេសដំបូងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានរៀបចំធ្វើអង្កេតថ្នាក់ជាតិស្ដីពីអំពើហិង្សាលើកុមារដោយមានការគាំទ្រពីមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងជំងឺ (CDC) នៃសហរដ្ឋអាមេរិក និងយូនីសេហ្វ។
លទ្ធផលពីការអង្កេតនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ (ឆ្នាំ ២០១៧-២០២១) ដែលបានកំណត់ឱ្យស្ថាប័នក្រសួងចំនួន ១៣ ត្រូវចូលរួមអនុវត្តលើគោលដៅរួមមួយនេះ។
សូមជម្រាបថា តាមសេចក្តីថែ្លងការណ៍របស់ស្ថាប័នទាំងនេះក៏បានបញ្ជាក់ជាថ្មីម្ដងទៀតពីការប្តេជ្ញាចិត្តបន្តពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ឆ្ពោះទៅរកការបញ្ចប់អំពើហិង្សាលើកុមារនៅត្រឹមឆ្នាំ ២០៣០ តាមរយៈការហាមឃាត់រាល់ទម្រង់នៃអំពើហិង្សាលើកុមារ ការពង្រឹងទិន្នន័យ និងការតាមដានត្រួតពិនិត្យលើកិច្ចការពារកុមារ ការជួយជំរុញដល់ឪពុក-ម្ដាយ ឬអាណាព្យាបាល និងអ្នកថែទាំធ្វើឱ្យកុមារមានសុវត្ថិភាព ការធ្វើឱ្យបណ្ដាញអ៊ីនធឺណិតមានសុវត្ថិភាពសម្រាប់កុមារ ការធ្វើឱ្យសាលារៀនមានសុវត្ថិភាព គ្មានអំពើហិង្សា និងប្រកបដោយបរិយាប័ន្ន៕