ព្រះសីហនុៈ មន្ដ្រី​ជំនាញ​កំពុង​ពិនិត្យ​ និង​ជ្រើសរើស​ទីតាំង​សម្រាប់​សាងសង់​ប៉មឆ្មាំ​សមុទ្រ ចំនួន ​១២ ទីតាំង​បន្ថែមទៀត នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ ចាប់ពី​ចំណុច​ផែ ៥០២ ​ឆ្នេរ​អូរឈើទាល រហូតដល់​ឆ្នេរ​ជំទាវម៉ៅ ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ និង​អ្នកទេសចរ ដែល​មកលេង​កម្សាន្ត​នៅពេល​មាន​គ្រោះថ្នាក់​ណាមួយ​កើតឡើង​ជាយថាហេតុ​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បាន​ឱ្យដឹង​ពីថ្ងៃ​ទី​ ១៩ ខែតុលា​ថា កាលពី​រសៀល​ថ្ងៃទី​ ១៨ ​តុលា លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ និង​មន្ដ្រី​ជំនាញ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចុះ​ពិនិត្យ​ស្ថានភាព និង​ជ្រើសរើស​ទីតាំង​សម្រាប់​សាងសង់​ប៉ម​ជួយ​សង្គ្រោះ​បន្ថែម​នៅតាម​បណ្តោយ​ឆ្នេរ​។

លោក ភារម្យ ថ្លែងថា​៖ «​កន្លងមក​គឺ​​យើង​មាន​ប៉ម​ចំនួន​ ៤ ​ហើយ កាលពី​ម្សិលមិញ​ [១៩ ​តុលា​ ២០២១] ឯកឧត្ដម​អភិបាលខេត្ដ លោក​បាន​ដឹកនាំ​ក្រុម​ការងារ​ចុះទៅពិនិត្យ​ទៅលើ​ទីតាំង​ដែល​យើង​គ្រោង​សាងសង់​បន្ថែម​មាន​ ១២ ​ទីតាំង​ទៀត តាម​បណ្ដោយ​ឆ្នេរ​»​។ ពាក់ព័ន្ធ​នឹង​ថវិកា​សាងសង់​រដ្ឋបាល​ខេត្ដ​កំពុង​សិក្សា​បន្តទៀត​ដោយ​ជំហាន​ទី​ ១ ​រដ្ឋបាលខេត្ត កំពុង​សិក្សា​លើ​ទីតាំង​ឱ្យបាន​ច្បាស់លាស់ និង​ឱ្យ​ក្រុមការងារ​ចាប់ផ្ដើម​រចនា​គម្រោង​នៃ​ការសាងសង់​ប៉ម​នេះ​ឡើងលើ​ប្រភេទ​ប៉ម កម្រិត កម្ពស់ ទំហំ​នៃ​ការសាងសង់ និង​ចាយ​ថវិកា​ប៉ុន្មាន​ជាដើម​។

លោក ភារម្យ បញ្ជាក់ថា ប៉ម​នេះ​គឺជា​ទីតាំង​សម្រាប់​ឆ្មាំ​សមុទ្រ​ប្រចាំការ​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ក្នុង​ការត្រួតពិនិត្យ​ភ្ញៀវទេសចរ​ដែល​មកលេង​កម្សាន្ត​នៅ​តំបន់ឆ្នេរ​ ឬក៏​ចុះ​លេង​ទឹកសមុទ្រ​កម្សាន្ត​ជាដើម ហើយ​ក្នុងករណី​ដែល​ឃើញ​មាន​បញ្ហា​ណាមួយ​ឆ្មាំ​សមុទ្រ​អាច​នឹង​ចុះទៅ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​។

លោក​បន្តថា​៖ «​ប៉ុន្ដែ​ទោះបីជា​យ៉ាងណា យើង​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​ជាពិសេស​ភ្ញៀវទេសចរ​ក៏ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ដែរ​ នៅពេល​ដែល​យើង​ចុះ​លេង​ទឹក​នៅ​ទីតាំង​ណាមួយ​ត្រូវមាន​ពោង​សុវត្ថិភាព អាវ​ប៉ោង​សុវត្ថិភាព និង​កុំ​ចុះ​លេង​ទឹកសមុទ្រ​នៅ​ទីតាំង​ដែល​មាន​រលក​ធំៗ ទីតាំង​ដែល​វា​មានទឹក​ជ្រៅ ដើម្បី​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន​»​។

ជាមួយ​គ្នា​នេះ​លោក គួច ចំរើន បានធ្វើ​ការណែនាំ​ដល់​អាជីវករ​លក់ដូរ​នៅតាម​ឆ្នេរ​ត្រូវ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​តាម​ទីតាំង​របស់ខ្លួន​ឱ្យបាន​ស្អាត​ជាប្រចាំ​ព្រោះ​បរិស្ថាន​ស្អាត​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ និង​បង្កើន​ចំណូល​បាន​ថែមទៀត​ ដោយសារ​ភ្ញៀវ​ត្រូវការ​ភាពស្អាត និង​បរិស្ថាន​ល្អ​។

លោក​ គួច ចំរើន​ចង្អុល​ផែនទី ពេល​ចុះ​ពិនិត្យ​ទីតាំង​សង់​ប៉ម​ឆ្មាំ​សមុទ្រ​។ រូប រដ្ឋបាលខេត្ត​ព្រះសីហនុ

លោក​ ឡោ ហារី ប្រធាន​កម្មវិធី​អប់រំ​របស់​អង្គការ​ហេបកូដ​ប្រចាំ​កម្ពុជា (Helpcode Cambodia) គាំទ្រ​ចំពោះ​ការរៀបចំ​សាងសង់​ប៉ម​ឆ្មាំ​សមុទ្រ​បន្ថែម​នៅតាម​បណ្ដោយ​ឆ្នេរសមុទ្រ​ក្នុង​ក្រុង​ព្រះសីហនុ​នេះ​។ ប៉ុន្ដែ​លោក​សំណូមពរ​ដល់​រដ្ឋបាល​ខេត្ដ​បន្ត​ផ្ដល់​ការសហការ​ជាមួយ​អង្គការ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​គ្រោះថ្នាក់​ដោយសារ​លង់ទឹក​នៅក្នុង​ខេត្ដ​ព្រះសីហនុ​ឱ្យ​បាន​ទូលំទូលាយ​បន្ថែមទៀត​។

លោក​ថ្លែងថា​៖ «​កន្លងមក អង្គការ​យើង​បាន​ស្នើសុំ​រដ្ឋបាល​ខេត្ដ​ដាក់​ស្លាក​ផ្សព្វផ្សាយ​នៅតាម​ទីសាធារណៈ អំពី​ការប្រុងប្រយ័ត្ន​ពី​គ្រោះថ្នាក់​ដោយសារ​លង់ទឹក និង​ស្លាក​អំពី​របៀប​សង្គ្រោះ​បឋម​ពី​ការលង់ទឹក​ជាដើម ប៉ុន្ដែ​រដ្ឋបាល​ខេត្ដ​ឱ្យ​ដាក់​តែ​ក្នុង​សាលារៀន មិនឱ្យ​ដាក់​តាម​ទីសាធារណៈ​ផ្សេង​ទេ​»​។

ឥឡូវនេះ អង្គការ ហេបកូដ នៅតែ​ចង់​ដាក់​ស្លាក​អំពី​ការប្រុងប្រយ័ត្ន​ពី​គ្រោះថ្នាក់​ដោយសារ​លង់ទឹក និង​ការថែរក្សា​សុវត្ថិភាព​ផ្សេងៗ​ពី​ការលង់ទឹក​នៅ​កន្លែង​ដែលជា​តំបន់​គ្រោះថ្នាក់​នៅតាម​បណ្ដោយ ឆ្នេរសមុទ្រ ដោយសារ​ប្រជាពលរដ្ឋ​ភាគច្រើន​ពួកគាត់​អត់​យល់​ពី​ស្ថានភាព​ទឹក​ទេ​។ ស្ថានភាព​ទឹកសមុទ្រ និង​ទឹកសាប គឺ​ខុសគ្នា តែ​កាលណា​រលក​បោក​មក​គឺ​ទាញ​មនុស្ស​ទៅ​តែម្ដង​ដែល​នាំឱ្យ​ពលរដ្ឋ​រងគ្រោះ​ជាយថាហេតុ​។

លោក​ ហារី លើកឡើងថា មាន​ប៉ម​សម្រាប់​ឆ្មាំ​សង្គ្រោះ គឺ​ល្អប្រសើរ​ហើយ ប៉ុន្ដែ​ឆ្មាំ​នេះ គឺ​ត្រូវ​មាននៅ​ប្រចាំការ​រហូត​ពិសេស​នៅពេល​មាន​ខ្យល់ មាន​ព្យុះ​កើតឡើង​។ ប៉ុន្ដែ​ក៏ត្រូវ​មាន​ស្លាក​សញ្ញា​គ្រោះថ្នាក់​ដោយសារ​លង់ទឹក និង​ការផ្សព្វផ្សាយ​បន្ថែមទៀត​ពី​គ្រោះថ្នាក់​ដោយសារ​លង់ទឹក​នេះ​ដល់​ប្រជាពលរដ្ឋ​។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ហេបកូដ​ស្ដីពី​ទិវា​បង្ការ​ការលង់​ទឹក​ជា​សកល​ ២៥ កក្កដា ២០២១ ​បានឱ្យដឹងថា នៅ​ប្រទេស​កម្ពុជា​ការលង់ទឹក​គឺជា​បុព្វហេតុ​ចម្បង​នៃ​ការស្លាប់​ចំពោះ​កុមារ​បន្ទាប់ពី​ទារក (១-១៧ ឆ្នាំ​)​។ បើតាម​របាយការណ៍​អត្រា​មរណភាព​កុមារ​របស់​អង្គការ​សុខភាព​ពិភពលោក​ឆ្នាំ​ ២០១៩ ​បង្ហាញថា ជា​មធ្យម​កុមារ​ចំនួន​ ៥ នាក់​បាន​ស្លាប់​ ដោយសារ​លង់ទឹក​ជា​រៀងរាល់ថ្ងៃ​នៅក្នុង​ប្រទេស​កម្ពុជា​។

រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បញ្ជាក់​ថា នៅតាម​រមណីយដ្ឋាន​នានា​ជាពិសេស​បណ្តោយ​ឆ្នេរ​គឺមាន​មន្ត្រីនគរបាល​ទេសចរណ៍​ និង​ឆ្មាំ​សមុទ្រ​ចុះ​ល្បាត​ និង​ត្រៀម​ជួយសង្គ្រោះ​ព្រមទាំង​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​បិទ​ស្លាក​សញ្ញា​ និង​ណែនាំ​ភ្ញៀវទេសចរ​ដែល​មកលេង​កម្សាន្ត​អំពី​វិធានការ​សុវត្ថិភាព​ និង​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ជាប់​ជាប្រចាំ​។

សូមបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​ ៥ ខែតុលា ឆ្នាំ​ ២០២១ មាន​ករណី​ក្មេងស្រី​អាយុ​ ១១ ​ឆ្នាំ​ម្នាក់​ដែល​ចុះ​លេង​ទឹក សមុទ្រ​ហើយ​បាន​លង់ទឹក​ក្នុង​នោះ ត្រូវបាន​ក្រុម​ឆ្មាំ​សមុទ្រ​ជួយសង្គ្រោះ​ទាន់ពេលវេលា​។ ដោយឡែក​កាលពី​ថ្ងៃទី​ ៧ ខែតុលា​នៅ​ចំណុច​ឆ្នេរ​ដើមឈើ​ចាំ​ស្នេហ៍ ឆ្នេរ​ជំទាវ​ម៉ៅ មាន​យុវជន និង​កុមារ​ចំនួន​ ៥ ​នាក់​បាន​លង់ទឹក​សមុទ្រ​ពេល​កំពុង​ងូតទឹក លេង​កម្សាន្ត ហើយ​បាន​បណ្ដាលឱ្យ​ ៤ ​នាក់​ស្លាប់ និង​ ២ ​នាក់​ត្រូវបាន​ជួយសង្គ្រោះ​៕

វីដេអូ៖