ភ្នំពេញៈ តំណាងអង្គការ GIZ បានប្រកាសបើកឱ្យដំណើរការ «វគ្គបណ្តុះបណ្តាលសកម្មភាពអាកាសធាតុសម្រាប់ឧស្សាហកម្មវាយនភណ្ឌ» កាលពីថ្ងៃទី ១៨ ខែតុលា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ឧស្សាហកម្មនេះក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅក្នុងចង្វាក់ផ្គត់ផ្គង់របស់ខ្លួន។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ការប្រកាសបើកឱ្យដំណើរការវគ្គបណ្តុះបណ្តាលនេះធ្វើឡើងតាមរយៈកម្មវិធី «គម្រោងពង្រឹងនិរន្តរភាពវិស័យវាយនភណ្ឌ និង កាត់ដេរនៅទ្វីបអាស៊ី (GIZ FABRIC)។ វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអ៊ីនធឺណិតដោយឥតគិតថ្លៃនេះមានគោលបំណងគាំទ្រដល់អ្នកផ្គត់ផ្គង់ផ្នែកវាយនភណ្ឌកាត់ដេរ និងស្បែកជើងនៅអាស៊ីដោយកំណត់គោលដៅលើផលិតផលសម្រេច និងដំណើរការផលិតសម្ភារដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងតួនាទីរបស់ពួកគេក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។
វគ្គនេះមាននៅលើគេហទំព័រ www.atingi.org ដែលមានជាភាសាអង់គ្លេស ភាសាខ្មែរ និងភាសាផ្សេងទៀត ដែលអ្នកផ្គត់ផ្គង់ផលិតផលអាចរៀនដោយខ្លួនឯងដោយមិនគិតថ្លៃនៅពេលណាក៏បាន និងនៅទីណាក៏បានដើម្បីឱ្យអ្នកផ្គត់ផ្គង់ក្នុងស្រុក ក្នុងប្រទេសផលិតកម្ម សំខាន់អាចទទួលបានការបណ្តុះបណ្តាលបែបនេះបាន។
វគ្គនេះត្រូវបានរៀបចំឡើងសម្រាប់អ្នកផ្គត់ផ្គង់ផ្នែកវាយនភណ្ឌ និងកាត់ដេរដើម្បីស្វែងយល់ពីការបំភាយឧស្ម័នផ្ទះកញ្ចក់ការគិតគូរពីការបញ្ចេញឧស្ម័នរបស់ក្រុមហ៊ុន ការកំណត់គោលដៅកាត់បន្ថយ និងដំណោះស្រាយនៅក្នុងវិស័យថាមពល និងថាមពលកកើតឡើងវិញដែលក្រុមហ៊ុនឧស្សាហកម្មអាចធ្វើការពិចារណា។
វគ្គនេះក៏អាចត្រូវបានផ្តល់ជូនដោយគ្រូបង្គោលក្នុងស្រុកដែលត្រូវបានទទួលស្គាល់ដើម្បីណែនាំដល់អ្នកផ្គត់ផ្គង់តាមរយៈវគ្គនេះ ដើម្បីទទួលបានបទពិសោធសិក្សាដ៏ទូលំទូលាយ៕