ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា ក្រសួងនៅតែបន្តធ្វើការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបដោយអនុវត្តតាមគោលការណ៍ច្បាប់ យុត្តិធម៌ និងដោយតម្លាភាព ដែលក្រសួងបានកំណត់យកកាលបរិច្ឆេទនៃការប្រឡងនេះនៅថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២១ ខាងមុខ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២០ ខែតុលាថា ក្រសួងនឹងប្រជុំត្រៀមរៀបចំការប្រឡងឌីប្លូម និងបាក់ឌុបនេះផងដែរ។
លោកបានលើកឡើងថា៖ «នៅអំឡុងចុងខែតុលានេះ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡានឹងប្រជុំវាយតម្លៃដំណើរការសិក្សារបស់សិស្សថ្នាក់ទី ៩ និងថ្នាក់ទី ១២ ដើម្បីបន្តត្រៀមរៀបចំការប្រឡងឌីប្លូម និងបាក់ឌុប»។
លោក រស់ សុវាចា បានបញ្ជាក់ថា៖ «បើគ្មានអ្វីប្រែប្រួល ការប្រឡងឌីប្លូម និងបាក់ឌុប ត្រូវបន្តអនុវត្តគោលការណ៍ច្បាប់យុត្តិធម៌តម្លាភាព និងលទ្ធផលទទួលយកបានស្របនឹងវិធានការសុវត្ថិភាព សុខភាព តាមការគ្រោងទុក ដែលសម័យប្រឡងបាក់ឌុបថ្នាក់ជាតិ គឺ ៦ ធ្នូ ២០២១»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា មកទល់ពេលនេះមិនទាន់មានការបូកសរុបចំនួនបេក្ខជនដែលនឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឡើយទេ។
យោងតាមលិខិតដែលរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ផ្ញើប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្តកាលពីថ្ងៃទី ១៨ ខែតុលា កន្លងមកនេះបានបញ្ជាក់ថា វិញ្ញាសាជម្រើសសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវបានកំណត់ចំនួន ២ ទី ១ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងទី ២ សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។
នៅក្នុងសេចក្តីណែនាំចុះថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២១ ស្តីពីការរៀបចំសំណុំលិខិតចុះឈ្មោះប្រឡង និងបេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ ២០២០-២០២១ ក្រសួងអប់រំ យុវជន និងកីឡាបានស្នើឱ្យនាយកនាយិកាគ្រឹះស្ថានសិក្សាទាំងអស់ និងមន្ទីរអប់រំ រាជធានី-ខេត្តអាចរៀបចំសំណុំលិខិតចុះឈ្មោះប្រឡងរបស់បេក្ខជន តារាងស្រង់ពិន្ទុប្រចាំឆមាសលើកទី ១ និងលើកទី ២ តារាងស្រង់ពិន្ទុប្រចាំឆ្នាំ និងបញ្ជីបេក្ខភាព ជូនមកក្រសួងតាមពេលវេលាកំណត់ និងដោយមានភាពត្រឹមត្រូវ។
សេចក្តីណែនាំដដែលនេះបានបញ្ជាក់ផងដែរថា មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ត្រូវបញ្ជូនសំណុំលិខិតចុះឈ្មោះប្រឡងមកនាយកដ្ឋានកិច្ចការប្រឡង (ការិយាល័យប្រឡងចំណេះទូទៅ និងអប់រំបច្ចេកទេស) មុនថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១។
កញ្ញា សុខ សុផាន់ណា អាយុ ១៩ ឆ្នាំ ជាសិស្សរៀនថ្នាក់ទី ១២ នៃវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ ខេត្តស្វាយរៀង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២០ ខែតុលាថា កញ្ញាបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រឡងបាក់ឌុបនៅចុងឆ្នាំនេះ បើទោះបីជាយុវសិស្សរូបនេះមានការរំពឹងនឹងទទួលបានលទ្ធផលត្រឹមតែ ៥០ ភាគរយក៏ដោយ។
កញ្ញាបានប្រាប់ថា៖ «ខ្ញុំនៅជនបទ មិនសូវមានសេវាអ៊ីនធឺណិតក្នុងការរៀនអនឡាញទេ ខ្ញុំនិងមិត្តរួមថ្នាក់រៀនតាមឯកសារដែលសាលាបានផ្តល់ឱ្យ ១ អាទិត្យម្តងសម្រាប់រៀនបន្ថែម»។
យុវតី សុខ សុផាន់ណា បានបន្ថែមថា កញ្ញាមិនទាន់ដឹងថាតើការប្រឡងនេះនឹងធ្វើនៅក្នុងថ្នាក់ ឬតាមអនឡាញនោះទេ ប៉ុន្តែកញ្ញាថា ប្រឡងដោយរបៀបណាក៏បានដែរ។ មួយវិញទៀតប្រសិនបើរាជរដ្ឋាភិបាលសម្រេចឱ្យមានការជាប់ទាំងអស់គ្នាដូចនឹងឆ្នាំមុន ក៏កញ្ញាទទួលយកដែរ ប៉ុន្តែសម្រាប់នាងគឺមានបំណងចង់ឱ្យមានការប្រឡងជាជាងឱ្យជាប់ដោយមិនមានការប្រឡង ដោយសារនាងចង់បាននិទ្ទេស សម្រាប់ប្រឡងចូលតាមមហាវិទ្យាល័យផ្សេងៗ។
នៅឆ្នាំ ២០២០ កន្លងមកនេះបេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន ១២១ ១០៨ នាក់ក្នុងនោះស្រីមានចំនួន ៦៣ ៩០៨ នាក់៕
វីដេអូ៖