ស្ទឹងត្រែងៈ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែងកំពុងសិក្សាពីលទ្ធភាពក្នុងការចងក្រងឯកសារផ្លូវការនៃនំអន្សមជ្រូក មុខម្ហូប និងបង្អែមផ្សេងៗ សម្រាប់សម្គាល់អាហារប្រចាំតំបន់នេះ ដើម្បីរក្សានូវមរតកដូនតា និងទុកបន្តឱ្យកូនចៅជំនាន់ក្រោយបានស្គាល់។
ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងលោក អ៊ុក ធារី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ថ្មីៗនេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែងបានចុះតាមមូលដ្ឋានដើម្បីចងក្រងនំអន្សមជ្រូក និងមុខម្ហូប ដូចជា ឡាប ភ្លា ដែលសុទ្ធសឹងតែជាមរតក ប្រចាំខេត្តស្ទឹងត្រែង។ លោកបន្តថា នំ និងមុខម្ហូបទាំងនេះស្ថិតក្នុងដំណាក់កាលនៃការសិក្សានៅឡើយ ដោយមិនទាន់ចងក្រងឯកសារជាផ្លូវការទេ។
លោកបានបញ្ជាក់ថា៖ «មិនទាន់បានចុះកំណត់ត្រា ឬចងក្រងនំអន្សមជ្រូកនោះជាមរតកប្រចាំខេត្តស្ទឹងត្រែងនៅឡើយទេគ្រាន់តែចុះដើរសួរពិនិត្យមើល ហើយមិនទាន់ចេញជារូបរាងឯកសារជាក់លាក់ថាម្ហូបណា នំណា ដែលជាម្ហូបមរតកសម្រាប់ប្រជាជនខេត្តស្ទឹងត្រែងនៅឡើយទេ»។
លោកបានបន្តថា បន្ទាប់ពីមន្ត្រីជំនាញនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែងបានចុះសិក្សារួចមក គឺគាត់ចាប់អារម្មណ៍តែលើនំអន្សមជ្រូកទេ។ លោកថា៖ «គាត់វេចនំអន្សមជ្រូកលក់មានដាក់ពងទាប្រៃ ហើយល្បីតៗគ្នា ព្រោះនំនេះកំពុងល្បីលក់នៅតាមអនឡាញ ហើយលក់ដល់ភ្នំពេញថែមទៀតផង»។
លោកបានបញ្ជាក់ថា តាមពិតទៅនំអន្សមជ្រូក នៅខេត្តណាក៏មានដែរ ប៉ុន្តែការចងក្រងនំអន្សមនេះ ឬមុខម្ហូបផ្សេងទៀតគឺសម្រាប់សម្គាល់អ្វីដែលជាស្នាដៃបងប្អូននៅខេត្តស្ទឹងត្រែង។
លោកបានបន្ថែមថា៖ «គ្រាន់តែចង់បង្ហាញថា នំអន្សមប្រភេទនេះមកពីខេត្តស្ទឹងត្រែងជាស្នាដៃរបស់បងប្អូននៅខេត្តស្ទឹងត្រែង ព្រោះនំអន្សមជ្រូកនេះ នៅខេត្តស្ទឹងត្រែងគាត់ធ្វើឆ្ងាញ់»។
លោកបន្តថា អ្វីដែលសំខាន់គឺនំអន្សមជ្រូកនៅខេត្តស្ទឹងត្រែងនេះទទួលបានកេរ្តិ៍ឈ្មោះល្បីនៅតាមអនឡាញ ហើយក៏ជាមុខរបរមួយជួយលើកកម្ពស់ជីវភាពពលរដ្ឋប្រចាំថ្ងៃស្របពេលមានវិបត្តិកូវីដ ១៩ ផងដែរ។
លោកបានឱ្យដឹងទៀតថា ដោយឡែកមុខម្ហូបវិញ គឺក្រុមការងារកំពុងពិចារណាលើមុខម្ហូប ឡាប និងភ្លា ដែលជាម្ហូបពេញនិយមនៅខេត្តស្ទឹងត្រែង។
លោកថា៖ «យើងក៏កំពុងសិក្សាផងដែរ ដូចជា ម្ហូបឡាប ព្រោះប្រជាជនស្ទឹងត្រែងតែនិយមចូលចិត្តញ៉ាំ ដោយសារប្រជាជននៅនេះមួយចំនួនកាត់ឡាវ អ៊ីចឹងគាត់ចូលចិត្តធ្វើម្ហូបឡាបញ៉ាំ»។ ម្ហូបឡាប នៅស្ទឹងត្រែងខុសពីឡាបនៅភ្នំពេញ ឡាបនៅស្ទឹងត្រែងគេធ្វើពីត្រីស្លាត គឺគេកោសសាច់ត្រីមកចិញ្ច្រាំឱ្យម៉ដ្តរួចគេយកមកកូរ ហើយដាក់គ្រឿងផ្សំមានប្រហុក អង្ករលីង និងគ្រឿងផ្សំផ្សេងទៀត»។
លោកបន្តទៀតថា៖ «ក្រៅពីនោះមុខម្ហូបមួយទៀត គឺភ្លា នៅស្រុកស្ទឹងត្រែងគេហៅ «កយ» តែភ្លានៅយើងនេះ សាច់គេធ្វើមិនសូវឆ្អិនទេ ប៉ុន្តែនៅខេត្តខ្លះ ឬនៅភ្នំពេញគេធ្វើឆ្អិន»។
លោកស្រី ញោច សារឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែងប្រាប់ភ្នំពេញប៉ុស្តិ៍យ៉ាងខ្លីថា កំពុងសិក្សាលើរឿងនេះ។
បើតាមលោក អ៊ុក ធារី ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង ការងារនេះមិនងាយស្រួលទេ ព្រោះ នំ ឬមុខម្ហូបដែលត្រូវចងក្រងឯកសារជាផ្លូវការគឺត្រូវឆ្លងកាត់ការវាយតម្លៃពីភាគីពាក់ព័ន្ធជាមុនសិន។
លោកបានបញ្ជាក់ថា៖ « មុននឹងបានចេញជាឯកសារចងក្រងជាផ្លូវការ ទាល់តែត្រូវការសិក្សាស្រាវជ្រាវពីមន្ទីរវប្បធម៌ ដៃគូពាក់ព័ន្ធ និងប្រជុំជាមួយអនុគណៈកម្មការមួយ ដើម្បីវាយតម្លៃផ្តល់មតិថា ម្ហូប ឬនំ នោះជាមរតកនៅភូមិភាគឦសានយើងឬអត់? ទើបយើងកំណត់អត្តសញ្ញាណបាន»៕