សៀមរាបៈ រដ្ឋបាលខេត្តសៀមរាបបានសម្រេចបិទបញ្ចប់បម្រាមគោចរក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលធ្លាប់បានរឹតត្បិតការធ្វើចរាចរណ៍ពេលយប់ចាប់ពីម៉ោង ៩ ដល់ម៉ោង ៣ ទៀបភ្លឺ បន្ទាប់ពីខេត្តសង្កេតឃើញអត្រាឆ្លងជំងឺកូវីដ ១៩ បានថយចុះ ខណៈនៅខេត្តកំពង់ស្ពឺក៏បានបញ្ចប់ដូចគ្នា ហើយបានបើកឱ្យដំណើរការអាជីវកម្មឡើងវិញផងដែរ។
សេចក្តីជូនដំណឹងចុះហត្ថលេខាដោយអភិបាលខេត្តសៀមរាបលោក ទៀ សីហា បានសម្រេចបញ្ចប់ការដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្នសម្រាប់បម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៨ ខែតុលាតទៅ។
សេចក្តីជូនដំណឹងបន្តថា ចំពោះសេចក្តីសម្រេចចុះថ្ងៃទី ៨ ខែកញ្ញា និងសេចក្តីសម្រេចចុះថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០២១ របស់រដ្ឋបាលខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ត្រូវទុកជានិរាករណ៍។
អ្នកនាំពាក្យសាលាខេត្តសៀមរាប លោក លីវ សុខុន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការដកបម្រាមគោចរនេះដោយផ្អែកលើអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យរៀនរស់បែបគន្លងថ្មីនៃបរិបទកូវីដ ១៩ គួបផ្សំអត្រាឆ្លងកូវីដ ១៩ ក្នុងខេត្តបានថយចុះ។
លោកបានបញ្ជាក់ថា៖ «គោលការណ៍របស់រាជរដ្ឋាភិបាលបានប្រកាសឱ្យដឹងជាទូទៅថា ប្រជាពលរដ្ឋទូទាំងប្រទេសត្រូវរៀនរស់ក្នុងបរិបទគន្លងថ្មី រៀនរស់នៅជាមួយកូវីដ នេះជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច (ហ៊ុន សែន) ដោយសារប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងបង្ការកូវីដបានជាង ៩០ ភាគរយហើយ និងត្រៀមបើកសេដ្ឋកិច្ចឡើងវិញ អ៊ីចឹងអាជ្ញាធរខេត្តបានពិនិត្យលើស្ថានភាពជាក់ស្តែងទើបដកបម្រាមគោចរ»។
លោកបន្តថា មួយវិញទៀត ការឆ្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍ក៏មានការថយចុះដែរ ពោលគឺក្នុង ១ ថ្ងៃអត្រាឆ្លងមានត្រឹមតែចន្លោះពី ៣០ ទៅ ៥០ នាក់ប៉ុណ្ណោះ។ លោកថា៖ «ប៉ុន្មានថ្ងៃនេះបើយើងគិតតែការធ្វើតេស្តនៅតាមរយៈម៉ាស៊ីនធំ PCR រកឃើញអ្នកវិជ្ជមានកូវីដត្រឹមតែ ៣០ ទៅ ៥០ នាក់ទេ អ៊ីចឹងហើយផ្អែកតាមប្រសាសន៍គោលការណ៍សម្តេចផង ស្ថានភាពនៃការចាក់វ៉ាក់សាំងបានច្រើនផង ផ្អែកលើការបើកផ្សារសាកល្បង គឺយើងមិនឃើញមានស្ថានភាពឆ្លងរាលដាលធ្ងន់ធ្ងរទេ អ៊ីចឹងហើយបានយើងសម្រេចបិទបម្រាមគោចរ»។
លោកបានឱ្យដឹងដែរថា ថ្មីៗនេះរដ្ឋបាលខេត្តបានបើកសាកល្បងឡើងវិញនូវផ្សារធំៗចំនួន ៣ គឺផ្សារសាមគ្គី ផ្សារលើធំថ្មី និងផ្សារសម្តេចតេជោដើមក្រឡាញ់ ដើម្បីឱ្យអាជីវករបានលក់ដូរ និងប្រកបរបរឡើងវិញ។
ទន្ទឹមនឹងនេះដែររដ្ឋបាលខេត្តកំពង់ស្ពឺក៏សម្រេចបញ្ចប់ការអនុវត្តវិធានការរដ្ឋបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងភូមិសាស្ត្រខេត្ត និងវិធានការរដ្ឋបាលផ្សេងទៀតផងដែរ ដោយគិតចាប់ពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ តទៅ។
សេចក្តីសម្រេចបន្តថា «រាល់សកម្មភាព មុខរបរ និងអាជីវកម្មរមណីយដ្ឋាន សួនកម្សាន្ត សារមន្ទីរ ក្លិបហាត់ប្រាណអាចដំណើរការឡើងវិញបានដោយតម្រូវឱ្យអនុវត្តវិធានការសុខាភិបាលចាំបាច់នានា និងវិធាន"៣កុំ ៣ការពារ" ឱ្យបានត្រឹមត្រូវ ដោយត្រូវរៀបចំឱ្យមានទឹកអាល់កុល ឬជែលសម្រាប់លាងដៃធ្វើការវាស់កម្ដៅនៅមុខច្រកចេញចូល ជាពិសេសត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥ ម៉ែត្រ»។
ការដកបម្រាមគោរចរ និងវិធានការរបស់រដ្ឋបាលខេត្តតាមខេត្តមួយចំនួននេះគឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារសំឡេងពិសេសនាថ្ងៃទី ១៩ ខែតុលាបានថ្លែងថាស្ថានភាពនៃការឆ្លងរាលដាលនៃវីរុសកូវីដ ១៩ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌរួចពុំមានការកើនឡើងឡើយ ផ្ទុយទៅវិញវាមានការថយចុះ និងការស្លាប់មានចំនួនថេរ និងមាននិន្នាការថយចុះផងដែរ។
លោកបានមានប្រសាសន៍ថា៖ «ចំណុចទាំងនេះ គឺជាការសាកល្បងដ៏ធំ ដើម្បីឈានទៅដល់ការបើកប្រទេសឡើងវិញគ្រប់វិស័យ បើទោះបីជាចំនួននៃអ្នកឆ្លងមានការធ្លាក់ចុះ ការស្លាប់ក៏មិនមានការកើន ហើយក៏មាននិន្នាការថយចុះ ប៉ុន្តែហានិភ័យក៏នៅតែខ្ពស់នៅឡើយ»។
លោក ហ៊ុន សែន បានបន្តថា៖ «ការរៀនរស់សម្របខ្លួនជាមួយនឹងមេរោគកូវីដ ១៩ គឺជាដំណើរចៀសវាងមិនបាន ដោយសារមិនមានអ្នកណាដឹងថា តើកូវីដនេះនឹងចប់នៅពេលណានោះឡើយ»៕
វីដេអូ៖