គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាននិងកំពុងដំណើរការរៀបចំការចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីបោះឆ្នោតឆ្នាំ ២០២១ នៅតាមឃុំ-សង្កាត់ នៅទូទាំងប្រទេសរយៈពេល ៥០ ថ្ងៃចាប់ពីថ្ងៃទី ១២ តុលា ដល់ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត សម្រាប់យកទៅបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២២។
ក្នុងដំណើរការនេះបានជួបប្រឈមនូវបញ្ហាមួយចំនួនជាពិសេសការរីករាលដាលនៃជំងឺកូវីដ ១៩ និងជំនន់ទឹកភ្លៀងដែលធ្វើឱ្យចំនួនប្រជាពលរដ្ឋដែលទៅចុះឈ្មោះបានតែជាង ១ ម៉ឺននាក់ប៉ុណ្ណោះក្នុង ១ ថ្ងៃ ខណៈ គជប គ្រោងចុះឈ្មោះអ្នកដែលទើបគ្រប់អាយុបោះឆ្នោត ១៨ ឆ្នាំឱ្យបានជាង ១ លាន ៦ សែននាក់។
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានផ្តល់កិច្ចសម្ភាសន៍ជាមួយភ្នំពេញប៉ុស្តិ៍ ជុំវិញបញ្ហានេះ៖
តើដំណើរការនៃការចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដែលកំពុងតែប្រព្រឹត្តទៅមានដំណើរការយ៉ាងដូចម្តេចដែរ?
បាទ ចាប់តាំងពីដំណើរការនៃការចុះឈ្មោះ និងត្រួតពិនិត្យបញ្ជីបោះឆ្នោតដំបូងគឺនៅថ្ងៃទី ១២ តុលា ឆ្នាំ ២០២១ គជប បានបើកឱ្យដំណើរការនូវការិយាល័យចុះឈ្មោះបោះឆ្នោត ចំនួន ១ ៦៤៦ ការិយាល័យគ្រប់ឃុំ-សង្កាត់នៅទូទាំងប្រទេសតាមពេលវេលាដែលបានគ្រោងទុក ចាប់ពីព្រឹកម៉ោង ៧ ព្រឹក រហូតដល់ ៥ ល្ងាច។
បើគិតរហូតមកទល់ពេលនេះប្រជាពលរដ្ឋដែលគ្រប់អាយុ ១៨ ឆ្នាំដល់ថ្ងៃបោះឆ្នោត និងប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមកនៅទូទាំងប្រទេសបាននាំគ្នាទៅចុះឈ្មោះបោះឆ្នោតជាប្រក្រតី ដោយគិតជាមធ្យមមានជាង ១ ម៉ឺននាក់ក្នុង ១ ថ្ងៃៗ។ ដោយឡែកចំពោះការពិនិត្យបញ្ជីឈ្មោះវិញ គជប ក៏បានបង្កើតនូវ App ដែលអាចឆែកមើលឈ្មោះនៅតាមទូរស័ព្ទដៃ និងតាមវេបសាយរបស់ គ.ជ.ប ផងដែរ។
អ៊ីចឹងទេ ជារូបភាពនៃការទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ ហាក់មិនសូវមានមនុស្សកុះករនោះទេ។ ប៉ុន្តែនេះត្រូវបាន គ.ជ.ប វាយតម្លៃជាចំណុចល្អមួយដែលមិនឱ្យមានការឆ្លងនូវជំងឺកូវីដ ១៩ នៅក្នុងដំណើរការនេះ។
ជាផលវិបាកក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ មានភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យមានទឹកជំនន់ដែលធ្វើឱ្យការិយាល័យមួយចំនួនជួបបញ្ហាប្រឈម និងផ្អាកបណ្តោះអាសន្ន ជាពិសេសនៅកំពង់ធំ និងបន្ទាយមានជ័យ ប៉ុន្តែយើងក៏បានបើកឱ្យដំណើរការឡើងវិញដែរ បើទោះបីមានផលរំខានពីជំនន់ទឹកភ្លៀង និងភ្លៀងធ្លាក់យ៉ាងណាក្តី។
ពាក់ព័ន្ធនឹងការសម្អាតបញ្ជីឈ្មោះបោះឆ្នោតដែលត្រូវលុបឈ្មោះប្រជាពលរដ្ឋ ដែលស្លាប់ចេញពីបញ្ជីឈ្មោះបោះឆ្នោត តើបានដំណើរការយ៉ាងដូចម្តេចដែរ?
ដំណើរការដែលមានចែងនៅក្នុងនីតិវិធី គឺ គជប ក៏បានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន ដែលមានន័យថា ឈ្មោះដែលត្រូវត្រៀមក្នុងការចេញបញ្ជីបោះឆ្នោត ដោយផ្អែកទៅលើឯកសារ ដែលមានជាធរមាន និងមានការស្នើសុំពីគ្រួសារ ឬអាជ្ញាធររបស់ជនពាក់ព័ន្ធដោយក្នុងនោះ អ្នកដែលទទួលមរណភាព អ្នកដែលផ្លាស់ប្តូរទីកន្លែងរស់នៅពីឃុំ-សង្កាត់ចាស់ទៅរស់នៅក្នុងឃុំ-សង្កាត់ថ្មី ឬក៏អ្នកដែលត្រូវបានអនុវត្តទោស នៅក្នុងពន្ធនាគារជាដើម (ច្បាប់មិនអនុញ្ញាតឱ្យធ្វើការបោះឆ្នោត)។ នៅក្នុងកិច្ចការនេះ គ.ជ.ប មានការប្រុងប្រយ័ត្នយ៉ាងខ្លាំង ដើម្បីធ្វើយ៉ាងណាមិនឱ្យបាត់ឈ្មោះរបស់ប្រជាពលរដ្ឋណាម្នាក់ពីបញ្ជីបោះឆ្នោតនោះទេ។
ទាក់ទងនឹងតួលេខអ្នកចុះឈ្មោះបោះឆ្នោត ដែលចុះបានតែជាង ១ ម៉ឺននាក់ក្នុង ១ ថ្ងៃ ខណៈដែល គជប គ្រោងចុះឈ្មោះប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ ឆ្នាំ និងអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុន គឺមានសរុបជាង ១ លាន ៦ សែននាក់ តើលោកមានការពន្យល់បែបណាដែរ?
ខ្ញុំចង់ជម្រាបថា តួលេខដែលរកឃើញ និងការប៉ាន់ស្មានដែលថា មាន ១ លាន ៦ សែននាក់នេះគឺជាតួលេខនៃអ្នកដែលមានអាយុ ១៨ ឆ្នាំ ហើយនិងមិនទាន់បានចុះឈ្មោះបោះឆ្នោត ហើយការចុះឈ្មោះបោះឆ្នោតបានចំនួនប៉ុន្មាននោះអាស្រ័យទៅលើការចូលរួមរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋបានទៅរស់នៅក្រៅប្រទេស មិនបានមកចុះឈ្មោះក៏ជាសិទ្ធិរបស់លោកដែរ។ គជប គ្រាន់តែបង្ហាញតួលេខ អ្នកដែលមិនទាន់បានចុះឈ្មោះប៉ុណ្ណោះ។ តាមអ្វីដែលជាបទពិសោធកន្លងមក នៅដើមថ្ងៃនៃការចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋលោកមិនសូវបានយកចិត្តទុកដាក់មកចុះឈ្មោះប៉ុន្មានទេ ប៉ុន្តែ នៅពេលដែលកៀកនឹងថ្ងៃបិទបញ្ចប់ ទើបមានប្រជាពលរដ្ឋសម្រុកមកចុះឈ្មោះច្រើន។ ដូច្នេះយើងមិនអាចវាយតម្លៃចំនួននេះថា បានតិច ឬ បានច្រើននោះទេ ព្រោះទើបតែបានក្នុងរយៈពេលជាង ១ សប្តាហ៍ទេ ព្រោះយើងមានពេលវេលារៀបចំចុះឈ្មោះបោះឆ្នោតរយៈពេល ៥០ ថ្ងៃ។
ក្នុងដំណើរការចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីបោះឆ្នោតឆ្នាំ ២០២១ នេះ តើមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចូលរួមទេ?
តួលេខដែលខ្ញុំទទួលបានបឋម មានអ្នកចូលរួមសង្កេតការណ៍ជាង ២ ០០០ នាក់ ប៉ុន្តែ គជប បានទទួលបន្តបន្ទាប់ ដែលមិនទាន់បូក គឺមានប្រមាណជាង ៤ ០០០ នាក់ដែលជាអ្នកសង្កេតការណ៍មកពីអង្គការក្រៅរដ្ឋាភិបាល ហើយតួលេខនេះអាចនឹងកើនឡើងថែមទៀត ព្រោះឃើញដាក់ពាក្យស្នើសុំចុះឈ្មោះជាបណ្តើរៗ។
ចំពោះគណបក្សនយោបាយវិញ មកដល់ពេលនេះមានបានដាក់អ្នកសង្កេតការណ៍ដែរទេ?
គណបក្សនយោបាយក៏មានដាក់ភ្នាក់ងារសង្កេតការណ៍ដូចគ្នា ដោយផ្អែកទៅលើកាលបរិច្ឆេទក្នុងការទទួលពាក្យរបស់អង្គការមិនមែនរដ្ឋាភិបាល និងគណបក្ស។ គណបក្សខ្លះក៏បានដាក់ពាក្យស្នើសុំចុះឈ្មោះអ្នកសង្កេតការណ៍របស់ខ្លួន ដើម្បីតាមដានក្នុងការត្រួតពិនិត្យ និងចុះឈ្មោះបោះឆ្នោតនេះដែរ។
តើអ្នកសង្កេតការណ៍មានតួនាទីអ្វីខ្លះ ក្នុងដំណើរការនៃការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត?
តាមច្បាប់អ្នកសង្កេតការណ៍របស់អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយអាចដាក់ពាក្យស្នើសុំដាក់អ្នកសង្កេតការណ៍របស់ខ្លួនឱ្យតាមដាន និងឃ្លាំមើលនីតិវិធីនៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោតក៏បានមិនដាក់ក៏បាន ប៉ុន្តែបើមិនបានដាក់ក៏ គជប នៅតែដំណើរការទៅមុខ និងយកជាការបានដែរ។ សម្រាប់តួនាទីអ្នកសង្កេតការណ៍ មកពីអង្គការមិនមែនរដ្ឋាភិបាល និងគណបក្សនយោបាយ គឺតាមឃ្លាំមើល និងឆ្លុះបញ្ចាំងនូវរាល់សកម្មភាពទាំងឡាយណានៃការអនុវត្តនីតិវិធី និងច្បាប់របស់ គជប ក្នុងដំណើរការនៃការពិនិត្យ និងចុះឈ្មោះបោះឆ្នោត។ ទោះជាយ៉ាងណាការឃ្លាំមើលនេះ ក៏មិនអាចរំខានដល់ការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោត បានដែរ។ ពួកគាត់អាចធ្វើជារបាយកាណ៍នូវរាល់សកម្មភាពនៃការចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតដើម្បី ឱ្យ គជប ទទួលយកមកធ្វើការត្រួតពិនិត្យ ឬក៏ដកពិសោធកែលម្អលើដំណើរការចុះឈ្មោះ និងពិនិត្យបញ្ជីបោះឆ្នោតនេះ ប៉ុន្តែរាល់អនុសាសន៍ទាំងអស់មិនប្រាកដត្រឹមត្រូវទៅតាមច្បាប់ទេ។
បន្ទាប់ពីការចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតត្រូវបានបញ្ចប់ តើ គជប នឹងត្រូវធ្វើអ្វីបន្តទៀត?
គជប នឹងអនុវត្តទៅតាមប្រតិទិនរបស់ខ្លួន គឺត្រៀមខ្លួនឆ្ពោះទៅរកការរៀបចំការបោះឆ្នោតតាមបែបសកលនៅគ្រប់ឃុំ-សង្កាត់ទូទាំងប្រទេសក្នុងនោះការិយាល័យបោះឆ្នោតក៏មានគម្រោងរួចហើយ។ បណ្តុះបណ្តាលនូវមន្ត្រីពាក់ព័ន្ធនឹងការងារបោះឆ្នោត និងការពិនិត្យ កែសម្រួលនូវសម្ភារទាំងឡាយដែលអាចប្រើប្រាស់ក៏ត្រូវបានត្រៀមលក្ខណៈរួចរាល់ និងឧបករណ៍ការពារជំងឺកូវីដ ១៩ ក៏ត្រូវបានត្រៀមរួចរាល់ផងដែរ ហើយ គជប ក៏ត្រៀមកុំព្យូទ័រដើម្បីដោះស្រាយលើបញ្ហាបច្ចេកវិទ្យាក្នុងដំណើរការបោះឆ្នោតនាពេលខាងមុខ។ មួយទៀត គជប នឹងធ្វើការផ្សព្វផ្សាយ និងអប់រំដល់ពលរដ្ឋទៅចូលរួមបោះឆ្នោតតាមកាលបរិច្ចេទជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នៅថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២៕