ភ្នំពេញៈ ក្រសួងសុខាភិបាលដាក់ឱ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដាស្តីពីការធ្វើចត្តាឡីស័ករបស់អ្នកដំណើរមកពីបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ ដូសមូលដ្ឋានបានពេញលេញ ដែលមានវិសាលភាពអនុវត្តទូទាំងប្រទេស ដើម្បីធានាសុវត្ថិភាពសុខភាពសាធារណៈ តាមរយៈការពង្រឹងការអនុវត្តវិធានការសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព។
ការសម្រេចឱ្យប្រើបែបនេះបានធ្វើឡើងកាលពីថ្ងៃទី ២០ ខែតុលា ហើយក៏ដើម្បីបង្កើតនូវកាលានុវត្តភាពទាក់ទាញអ្នកវិនិយោគជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដោយបន្តប្រកាន់ខ្ជាប់នូវភាពប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង លើកឡើងថា នីតិវិធីប្រតិបត្តិស្តង់ដានេះកំណត់លក្ខខណ្ឌធ្វើដំណើរ និងការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជាសម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី។
នីតិវិធីប្រតិបត្តិស្តង់ដាចំពោះអ្នកដំណើរ រួមមាន ភ្ញៀវផ្លូវការរបស់រាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលដែលត្រឡប់ពីបំពេញបេសកកម្មនៅក្រៅប្រទេស។ អ្នកដំណើរជាមន្ត្រីរាជការ ដែលត្រឡប់ពីបំពេញបេសកកម្មផ្លូវការនៅក្រៅប្រទេស និងក្រុមគ្រួសារ។ មន្ត្រីការទូតបរទេស និងមន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងក្រុមគ្រួសារ។
អ្នកដំណើរបរទេសដែលជាវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេស បុគ្គលិកក្រុមហ៊ុន និងក្រុមគ្រួសារ ដែលមានការធានា ឬការអញ្ជើញ។ អ្នកដំណើរទូទៅជាជនជាតិខ្មែរ ឬជនបរទេស និងអ្នកដំណើរគ្រប់ប្រភេទ ដែលមិនបានចាក់វ៉ាក់សាំងកូវីដ ១៩ ឬមិនទាន់ចាក់វ៉ាក់សាំង ដូសមូលដ្ឋាន បានពេញលេញ។
គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានកំណត់លក្ខខណ្ឌធ្វើដំណើរការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កតាមគន្លងប្រក្រតីភាពថ្មី ដើម្បីធានាសុវត្ថិភាពសុខភាពសាធារណៈ តាមរយៈការពង្រឹងការអនុវត្តវិធានការសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នកដំណើរចូលមកកម្ពុជា។
សេចក្តីសម្រេចបញ្ជាក់ថា៖ «សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ ត្រូវធ្វើចត្តាឡីស័កចំនួន ៣ ថ្ងៃដែលមានអ្នកដំណើរជាមន្ត្រីរាជការ ដែលត្រឡប់ពីបំពេញបេសកកម្មផ្លូវការនៅក្រៅប្រទេស និងក្រុមគ្រួសារ។
មន្ត្រីការទូតបរទេស និងមន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងក្រុមគ្រួសារ និងអ្នកដំណើរបរទេសដែលជាវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេស បុគ្គលិកក្រុមហ៊ុន និងក្រុមគ្រួសារ ដែលមានការធានា ឬការអញ្ជើញ»។
ចំណែកអ្នកដំណើរទូទៅជាជនជាតិខ្មែរ ឬជនបរទេស រយៈពេលចត្តាឡីស័កមានចំនួន ៧ ថ្ងៃ។ រីឯភ្ញៀវផ្លូវការរបស់រាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលត្រឡប់ពីបំពេញបេសកកម្មនៅក្រៅប្រទេស គឺរយៈពេលចត្តាឡីស័កតាមការសម្រេចរបស់រាជរដ្ឋាភិបាល។ ទាក់ទងនឹងការអនុវត្តនីតិវិធីនេះ បន្ទាប់ពីទទួលបានការត្រួតពិនិត្យឯកសាររួច អ្នកដំណើរនឹងត្រូវបានពិនិត្យសុខភាព និងយកសំណាកដើម្បីធ្វើតេស្ត PCR ដោយមន្ត្រីសុខាភិបាល នៅទីតាំងច្រកចូលប្រទេសកម្ពុជា មុនទៅសណ្ឋាគារ ឬទីតាំង ដែលកំណត់ ដោយក្រសួងសុខាភិបាល ដើម្បីធ្វើចត្តាឡីស័ក។
នីតិវិធីប្រតិបត្តិស្តង់ដាដដែលនេះ លើកឡើងថា ករណីអ្នកដំណើរទាំងនេះមិនទាន់បានចាក់វ៉ាក់សាំងកូវីដ ១៩ ឬចាក់វ៉ាក់សាំងមិនទាន់បានពេញលេញ ត្រូវធ្វើចត្តាឡីស័ករហូតដល់ ១៤ ថ្ងៃ ដោយត្រូវអនុវត្តវិធានការសុខាភិបាល និងត្រូវមានឯកសារកក់សណ្ឋាគារសម្រាប់ការធ្វើចត្តាឡីស័កនៅសណ្ឋាគារណាមួយ។
ប្រភពដដែលបញ្ជាក់ថា៖ «ក្នុងករណីពុំមានឯកសារកក់សណ្ឋាគារទេ ត្រូវត្រៀមសាច់ប្រាក់ចំនួន ២ ០០០ ដុល្លារអាមេរិក (សម្រាប់អ្នកដំណើរបរទេស) ដើម្បីតម្កល់នៅច្រកចូលកម្ពុជា សម្រាប់ធានាចំណាយទាំងអស់ពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័កនៅពេលមកដល់កម្ពុជា»។
អ្នកដំណើរនឹងត្រូវបានពិនិត្យសុខភាព និងយកសំណាកដោយមន្ត្រីសុខាភិបាល មុននឹងត្រូវបញ្ជូនទៅសណ្ឋាគារ ឬទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាលដើម្បីធ្វើចត្តាឡីស័ក។
សេចក្តីសម្រេចនីតិវិធីប្រតិបត្តិស្តង់ដានេះបន្ថែមថា ក្នុងករណីសមាជិកគ្រួសារ ដែលមិនបានចាក់វ៉ាក់សាំង ហើយមានអាយុក្រោម ១៨ ឆ្នាំដែលរួមដំណើរចូលមកកម្ពុជា រយៈពេលធ្វើចត្តាឡីស័កត្រូវអនុវត្តដូចគ្នានឹងរយៈពេលធ្វើចត្តាឡីស័ករបស់អ្នកដំណើរដែលជាអាណាព្យាបាលដែរ។
ដោយឡែក ប្រទេសអូស្ត្រាលីបានប្រកាសគ្រោងនឹងចាប់ផ្តើមបើកព្រំដែនអន្តរជាតិឡើងវិញបន្តិចម្តងៗ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ ប៉ុន្តែតម្រូវឱ្យអ្នកដំណើរ ដែលមកដល់ព្រលានយន្តហោះអូស្ត្រាលី ត្រូវបំពេញលក្ខខណ្ឌមួយចំនួន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំអូស្ត្រាលីនាថ្ងៃទី ២០ ខែតុលា។
សេចក្តីប្រកាសលើកឡើងថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំង ពេញលេញ (Fully vaccinated-២ ដូស) នៅប្រទេសអូស្ត្រាលីត្រូវបង្ហាញវិញ្ញាបនបត្រចាក់វ៉ាក់សាំង អន្តរជាតិអូស្ត្រាលី (Australian International Covid-19 Vaccination Certificate)។
ស្ថានឯកអគ្គរាជទូតបន្តថា៖ «សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងនៅប្រទេសផ្សេង ត្រូវបង្ហាញវិញ្ញាបនបត្រចេញដោយអាជ្ញាធរមានសមត្ថកិច្ច ឬភ្នាក់ងារដែលមានការទទួលស្គាល់ ពីប្រទេសនោះ។ វិញ្ញាបនបត្រត្រូវធ្វើជាភាសាអង់គ្លេស ឬអមដោយលិខិតបកប្រែភាសាអង់គ្លេសមានការបញ្ជាក់ត្រឹមត្រូវ»។
អ្នកដំណើរដែលត្រូវទទួលស្គាល់ថាបានចាក់វ៉ាក់សាំងពេញលេញ គឺសំដៅលើវិញ្ញាបនបត្ររបស់គាត់មានបញ្ជាក់ប្រភេទវ៉ាក់សាំងដែលមានការទទួលស្គាល់ពីរដ្ឋបាលទំនិញសុខាភិបាលអូស្ត្រាលី (Australia''s Therapeutic Goods Administration(TGA)។
បច្ចុប្បន្នប្រភេទវ៉ាក់សាំង និងចំនួនដូស រួមទាំងគម្លាតនៃការចាក់ដែលទទួលស្គាល់ពី TGA មានវ៉ាក់សាំង ២ ដូស ដែលមានរយៈពេលគម្លាតនៃការចាក់ចំនួន ១៤ ថ្ងៃ។ វ៉ាក់សាំងទាំងនោះមានប្រភេទវ៉ាក់សាំង AstraZeneca Vaxzevria, AstraZeneca COVISHIELD, Pfizer/Biontech Comirnaty, Moderna Spikevax, Sinovac Coronavac ឬវ៉ាក់សាំងដែលចាក់តែ ១ ដូសរបស់ជប៉ុនប្រភេទ Cilag COVID Vaccine។
សេចក្តីប្រកាសបន្តថា អ្នកដំណើរដែលចាត់ទុកថា បានចាក់វ៉ាក់សាំង ពេញលេញ លុះត្រាតែការចាក់ដូសចុងក្រោយ (ដូសទី២) ធ្វើឡើង យ៉ាងតិច ៧ ថ្ងៃ នៅមុនថ្ងៃចេញដំណើរ។ មួយវិញទៀត វ៉ាក់សាំងប្រភេទផ្សេងដែលពុំមានឈ្មោះ រដ្ឋាភិបាលអូស្ត្រាលីកំពុងពិចារណាហើយនឹងជូនដំណឹងពីការសម្រេចនៅពេលក្រោយ៕