ភ្នំពេញៈ ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កបប ឬ CCF) រកឃើញ​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​ចំនួន​ ១៧ ​ទីតាំង ក្នុង​ខេត្ត​ចំនួន​ ៤ ធ្វើ​អាជីវកម្ម មិន​អនុលោម​តាមច្បាប់ ខណៈ​ទំនិញ​ខូចគុណភាព​ជាង ១ ០០០ ​គីឡូក្រាម និង​អាល់កុល ភេសជ្ជៈ​ក្លែងក្លាយ​ជាង​ ៥០០ ​លីត្រ​ត្រូវបាន​ដកហូត និង​កម្ទេចចោល​។

ទំព័រ​ហ្វេសប៊ុក​របស់ ក.ប.ប បានឱ្យដឹង​នៅ​ថ្ងៃទី​ ២០ តុលា​ថា ក្នុង​រយៈពេល​ ៣​ ថ្ងៃ​មន្ត្រី​ ក.ប.ប បាន​ចុះ​ត្រួតពិនិត្យ​តាម​បណ្ដា​ស្ថានីយ និង​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​ចំនួន​ ៤៤ ​ទីតាំង គិតពី​ថ្ងៃទី​ ១៨ ដល់​ថ្ងៃទី​ ២០ ខែតុលា ឆ្នាំ​ ២០២១​។

ក.ប.ប បញ្ជាក់ថា​៖ «​ការចុះ​ត្រួតពិនិត្យ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្ត​បាត់ដំបង និង​ខេត្តព្រៃវែង ដោយ​បាន​រកឃើញ​ដេប៉ូ​ចំនួន​ ១៧ ​ទីតាំង មិន​អនុលោម​ទៅតាម​ច្បាប់​។ ក្រោយពី​បាន​រកឃើញ​ដូចនេះ មន្ត្រី​ជំនាញ​បាន​ធ្វើការ​ពិន័យ​អន្តរការណ៍ និង​ណែនាំ​ដល់​ម្ចាស់​ដេប៉ូ​ឱ្យ​ឈប់​ប្រព្រឹត្តល្មើស​នឹង​ច្បាប់​ដែល​ធ្វើឱ្យ​ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ ក៏ដូចជា​ខាតបង់​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​»​។

ក្រៅពី​ដេប៉ូ​ប្រេងសាំង​មិន​អនុលោម​ទៅតាម​ច្បាប់ កបប ក៏បាន​ឱ្យដឹង​ដែរ​ថា នៅ​ថ្ងៃទី​ ២០ តុលា មន្ត្រី​របស់ខ្លួន​ក៏​បាន​ចុះ​ត្រួតពិនិត្យ​តាម​បណ្ដា​ផ្សារ​ក្នុង​ខេត្ត​ប៉ៃលិន ខេត្ត​ឧត្តរមានជ័យ ខេត្ត​បន្ទាយមានជ័យ ខេត្ត​កែប និង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ទប់ស្កាត់​ការដាក់​ចរាចរ​នូវ​ទំនិញ​ខូចគុណភាព​។ ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​ទំនិញ​ក្លែងក្លាយ ដែល​បង្ក​ហានិភ័យ​ដល់​សុខភាព និង​ធ្វើឱ្យ​ខាតបង់​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​។

ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បាន​រកឃើញ​ទំនិញ​ហួស​សុពលភាព​ប្រើប្រាស់​ចំនួន​ ១ ១៨៦ ​គីឡូក្រាម​ដែល​សុទ្ធសឹង​ជា​គ្រឿងឧបភោគ- បរិភោគ និង​អាល់កុល​ក្លែងក្លាយ​ (​មេតាណុល​) ​ចំនួន​ ១៩៣,៥០ ​លីត្រ​ផងដែរ​។

ចំណែក​នៅ​ថ្ងៃទី​ ១៨-១៩ ខែតុលា មន្ត្រី​ស៊ើបអង្កេត​សាខា ក.ប.ប ប្រចាំខេត្ត​កំពង់ស្ពឺ ខេត្តតាកែវ ខេត្តព្រះវិហារ ខេត្តក្រចេះ និង​ខេត្ត​ឧត្តរមានជ័យ បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ ម្ហូបអាហារ​គ្រប់​ប្រភេទ ដែល​ដាក់លក់​នៅលើ​ទីផ្សារ​នៃ​ខេត្ត​ទាំងនេះ​។

ក្នុង​ប្រតិបត្តិការ ២ ​ថ្ងៃនេះ កបប បាន​រកឃើញ និង​ដកហូត​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល និង​គ្មាន​ជាតិ​អាល់កុល ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ចំនួន​ ២៩៨ ​លីត្រ និង​អាល់កុល​ក្លែងក្លាយ​ (​មេតាណុល​) ​ចំនួន​ ៥៩ ​លីត្រ និង​ទំនិញ​ចម្រុះ​ខូច​គុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ប្រមាណ ២៥,៧៤ ​គីឡូក្រាម យក​មក​កម្ទេចចោល​ភ្លាមៗ និង​បាន​ពិន័យ​អន្តរការណ៍​ទៅតាម​ច្បាប់​ដែលមាន​ចែង​ផងដែរ​។

ក.ប.ប បាន​អះអាង​ថា ក្នុង​ប្រតិបត្តិការ​នេះ ក្រៅពី​ចុះ​ពិនិត្យ​ទំនិញ និង​ពិនិត្យ​លើ​ការអនុលោម​មិន​តាមច្បាប់ មន្ត្រី​ប្រចាំ​គោលដៅ​ទាំងនោះ​ក៏បាន​ធ្វើ​ការចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​អប់រំ​សុខភាព និង​ការយល់ដឹង​ស្ដីពី​អំពើ​មិន​សុចរិត​ក្នុង​ធុរកិច្ច​ប្រេងឥន្ធនៈ​ក្នុង​ខេត្ត​ទាំងនេះ​ទៀតផង​ ដើម្បី​ធានា​ការពារ ផលប្រយោជន៍ សុខុមាលភាព​របស់​ប្រជាពលរដ្ឋ និង​ការយល់ដឹង​ពាក់ព័ន្ធ​អំពើ​មិន​សុចរិត​លើ​អ្នកប្រើប្រាស់​»៕

វីដេអូ៖