ភ្នំពេញៈ អង្គការ EnergyLab ប្រចាំកម្ពុជាចាប់ផ្តើមបើកយុទ្ធនាការ «សប្តាហ៍ថាមពលស្អាតកម្ពុជា» ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៨ ខែតុលា ដើម្បីបង្ហាញពីឱកាសដែលប្រទេសកម្ពុជាអាចទទួលបានថាមពលស្អាត។
យុទ្ធនាការតាមប្រព័ន្ធអ៊ីនធឺណិតនេះ មានគោលបំណងដើម្បីពង្រីកសារថា ថាមពលស្អាត គឺជាជម្រើសដ៏ល្អបំផុតរបស់កម្ពុជា សម្រាប់សេដ្ឋកិច្ចរឹងមាំ និងអនាគតកាន់តែប្រសើរ។
យុទ្ធនាការនេះបង្ហាញពីវិធីដែលថាមពលស្អាតអាចនាំមកនូវការវិនិយោគបៃតង ដែលត្រូវការជាចាំបាច់ និងការងារ ខណៈពេលដែលការគាំទ្រដល់សន្តិសុខថាមពលធ្វើឱ្យប្រសើរឡើងនូវឯករាជ្យភាពថាមពល និងកំណត់ប្រទេសកម្ពុជា នៅលើផ្លូវមួយដើម្បីកាត់បន្ថយថ្លៃអគ្គិសនី។
លោកស្រី Bridget McIntosh តំណាងប្រចាំប្រទេសកម្ពុជានៃអង្គការ EnergyLab ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២១ តុលា ថា យុទ្ធនាការនេះ លើកកម្ពស់អត្ថប្រយោជន៍ថាមពលស្អាត នៅក្នុងប្រទេសកម្ពុជា ហើយវាកាន់តែមានសារៈសំខាន់ទៅទៀត ព្រោះឥឡូវនេះ រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំបញ្ចប់ផែនការថាមពលរបស់ខ្លួនរហូតដល់ឆ្នាំ ២០៤០»។
លោកស្រីថ្លែងថា ប្រទេសចិន បានប្រកាសកាលពីខែមុនថា ខ្លួននឹងគាំទ្រថាមពលបៃតង បន្ថែមទៀតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងបញ្ឈប់ការសាងសង់រោងចក្រថាមពលដើរដោយធ្យូងថ្មថ្មីនៅក្នុងប្រទេសនានា ដូចជាកម្ពុជាជាដើម។
អង្គការ EnergyLab បញ្ជាក់បន្ថែមក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ២១ ខែតុលាថា៖ «ដូច្នេះ ប្រទេសកម្ពុជាមានឱកាសដ៏អស្ចារ្យក្នុងការរៀបចំផែនការអនាគត ដែលផលិតអគ្គិសនីស្អាតដោយខ្លួនឯង ដោយធានាសុវត្ថិភាព ភាពជឿជាក់ តម្លៃសមរម្យ និងថាមពលអគ្គិសនីប្រកបដោយនិរន្តរភាពសម្រាប់ទាំងអស់គ្នា»។
កាលពីថ្ងៃទី ២១ ខែតុលា លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាបានទៅទស្សនាកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យទំហំ ៨០ មេហ្កាវ៉ាត់ របស់ក្រុមហ៊ុន SchneiTec នៅខេត្តកំពង់ស្ពឺ ដើម្បីបើកយុទ្ធនាការ «សប្តាហ៍ថាមពលស្អាតកម្ពុជា»នេះ។
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបញ្ជាក់ក្នុងហ្វេសប៊ុកនៅថ្ងៃទី ២២ តុលាថា៖ «សប្តាហ៍ថាមពលស្អាតនេះនឹងបង្ហាញព្រឹត្តិការណ៍មួយចំនួនដើម្បីលើកកម្ពស់ថាមពលស្អាតនៅកម្ពុជា ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព ផលិតភាពសេដ្ឋកិច្ច និងការច្នៃប្រឌិត»៕