ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ឆ្នាំ១៩៩១ សង្រ្គាមស៊ីវិលនៅកម្ពុជានៅតែបន្ត ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់លោក សង្រ្គាមស៊ីវិលត្រូវបានបញ្ចប់ទាំងស្រុងនៅឆ្នាំ ១៩៩៨។
លោកថ្លែងដូច្នេះក្នុងឱកាសអបអរសាទរខួប ៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា។
លោក ហ៊ុន សែន សរសេរនៅលើទំព័រហ្វេសប៊ុកថា៖ «ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)»។
លោកបន្តថា ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់លោកគឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ។
លោកបានរំឭកថា កាលពី ៣០ឆ្នាំមុន គឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន លោក ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិចដែលតំណាងដោយសម្តេចព្រះនរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរដែលតំណាងដោយ លោក សឺន សាន និងក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។
លោកនាយករដ្ឋមន្ត្រីបន្តថា មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុង ប៉ារីស ២៣ តុលា គឺលោក ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង។ ការចរចានេះមានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង លោក ហ៊ុន សែន ដែលហៅថា «ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ១៩៨៧»។
លោកសរសេរថា៖ «ហើយបន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី ២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត»៕