កំពតៈ ក្រសួងព័ត៌មានកំពុងសិក្សារៀបចំសាងសង់ស្ថានីយវិទ្យុនិងទូរទស្សន៍បូកគោ ស្ថិតនៅតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ នៃក្រុងបូកគោ ដើម្បីពង្រីកប្រព័ន្ធផ្សព្វផ្សាយនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ និងដែនកោះឱ្យកាន់តែមានភាពទំនើបកម្មថែមទៀត។
កាលពីថ្ងៃទី២២ ខែតុលា លោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះទៅពិនិត្យទីតាំងពង្រីកទំហំដីស្ថានីយវិទ្យុ និងទូរទស្សន៍នេះ។
លោក សុខ ប្រសិទ្ធិ បញ្ជាក់ក្នុងហ្វេសប៊ុកកាលពីថ្ងៃដដែលនេះថា៖ «ក្រសួងព័ត៌មានបានកំពុងសិក្សារៀបចំសាងសង់ស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោ ដើម្បីពង្រីកប្រព័ន្ធផ្សព្វផ្សាយ នៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ និងដែនកោះនៃព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានភាពទំនើបកម្មថែមទៀត»។
លោកបន្តថា បន្ទាប់ពីក្រុមវិស្វករជំនាញបានធ្វើការសិក្សាទៅលើទីតាំងដីដែលជាកម្មសិទ្ធិ របស់មន្ទីរព័ត៌មានខេត្តកំពត ស្ថិតនៅក្រុង បូកគោនោះ គឺត្រូវការពង្រីកបន្ថែមទៀត ដើម្បីសមស្របទៅនឹងបទដ្ឋានស្តង់ដាបច្ចេកទេស។
លោក សុខ ប្រសិទ្ធិ សរសេរថា ៖«ដូចនេះហើយ ទើបក្រសួងព័ត៌មានបានស្នើសុំកិច្ចសហការពីក្រសួងបរិស្ថានដើម្បីពិនិត្យ និងសិក្សាលទ្ធភាពក្នុងការពង្រីកទំហំដីស្ថានីយវិទ្យុ និងទូរទស្សន៍ ក្រុងបូកគោ»។
ហ្វេសប៊ុកលោក សុខ ប្រសិទ្ធិ បានដកស្រង់សំដីលោក នេត្រ ភក្ត្រា ថា ក្រសួងបរិស្ថានពិនិត្យមើលជាបច្ចេកទេសឃើញថា មិនមានការប៉ះពាល់អ្វីនោះទេ គឺអាចពង្រីកទីតាំងតាមការស្នើសុំរបស់ក្រសួងព័ត៌មានបាន។
ហ្វេសប៊ុកលោក សុខ ប្រសិទ្ធិ បានដកស្រង់សំដីលោក នេត្រ ភក្ត្រា ថា៖ «ប៉ុន្តែអ្វីដែលយើងនឹងធ្វើការពិនិត្យគឺនិយាមការដែលត្រូវរៀបចំ ហើយចំណុចមួយទៀត ការពង្រីកនេះយើងនឹងពិនិត្យជាមួយមន្ត្រីបច្ចេកទេសដើម្បីកុំឱ្យជាន់ជាមួយដីរបស់ក្រុមហ៊ុន សុខា ដែលទទួលបានសិទ្ធិវិនិយោគស្របច្បាប់»៕