បាត់ដំបងៈក្រសួងមហាផ្ទៃសម្រេចបង្កើតភូមិថ្មីមួយទៀតឈ្មោះ «ភូមិព្រៃតាឡូញ »ដែលមានទីតាំងស្ថិតនៅក្នុង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដោយយោងតាមសំណើរបស់រដ្ឋបាលខេត្តនេះ។
យោងតាមប្រកាសស្តីពីការបង្កើតភូមិនៃខេត្តបាត់ដំបងដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស ខេង កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ បានសម្រេចបង្កើត «ភូមិព្រៃតាឡូញ» ដោយបំបែកចេញពីភូមិទំនប់ទឹក ភូមិកំពង់ឆ្នាំង១និងភូមិស្ទឹងដាច់ នៃឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
ប្រកាសនេះបានបន្តថា ការរៀបចំរចនាសម្ព័ន្ធនិងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលភូមិបង្កើតថ្មី ត្រូវអនុលោមទៅតាមសេចក្តីណែនាំលេខ ០០៤ សណន ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០០៦ របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ នីតិវិធីនៃការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាស់ប្តូរមេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនាទី ភារកិច្ច របៀបរបបធ្វើការងាររបស់មេភូមិ។ចំពោះបទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
ប្រកាសបន្តទៀតថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារនិងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អង្គភាពផ្សេងទៀតចំណុះក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាខេត្តបាត់ដំបង គណៈអភិបាលខេត្តបាត់ដំបង ក្រុមប្រឹក្សាស្រុកបវេល គណៈអភិបាលស្រុកបវេល និងក្រុមប្រឹក្សាឃុំបវេល ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
អ្នកនាំពាក្យសាលាខេត្តបាត់ដំបងលោក សួស សុភ័ក្ត្រ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការបំបែកភូមិថ្មីនេះដោយសារផ្អែកទៅលើកំណើនប្រជាជននិងដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។លោកថា៖ «ដោយសារដង់ស៊ីតេប្រជាជនច្រើន ដល់អ៊ីចឹងទៅ យើងស្នើសុំបំបែកភូមិដើម្បីឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង»។
លោកឱ្យដែរថា កន្លងទៅថ្មីៗនេះ ក្រសួងមហាផ្ទៃក៏បានបង្កើតឃុំថ្មីដែរ ឈ្មោះឃុំ បួរវិល ដោយបំបែកចេញពីឃុំបវេល នៃស្រុកបវេល ខេត្តបាត់ដំបង។ លោកថា៖ «ព្រោះឃុំនេះវាធំ អ៊ីចឹងយើងបំបែកខាងកើតនិងខាងលិច»។
អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុម ហ្រ្វែល លោក កន សាវាង្ស ធ្លាប់បានថ្លែងថា ការ បង្កើតភូមិឃុំ ឬសង្កាត់ជារឿងល្អសម្រាប់គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិដោយផ្អែកទៅលើចំនួនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។
លោកថា៖ «ប៉ុន្តែសម្រាប់ខ្ញុំការបង្កើត[ភូមិឃុំ] នេះមិនទាន់មានការផ្អែកឬពឹងទៅលើច្បាប់ណាមួយដែលនិយាយអំពី ថាតើចំនួនប្រជាពលរដ្ឋដែនដីយ៉ាងម៉េចដើម្បីបង្កើតនោះទេយើងមិនទាន់ឃើញមានការកំណត់បែបនេះទេ បើយើងបង្កើតច្រើន ហើយអត់ស្របទៅនឹងសមាមាត្រចំនួនប្រជាជន វាធ្វើឱ្យបង្កើនការចំណាយថវិកាជាតិ ហើយរួមទាំងការបង្កើនមនុស្សសម្រាប់ធ្វើកិច្ចការងារនេះកាន់តែច្រើនថែមទៀត »។
លោក សួស សុភ័ក្ត្រ អ្នកនាំពាក្យសាលាខេត្តបាត់ដំបងឱ្យដឹងដែរថា សម្រាប់ខេត្តបាត់ដំបង បច្ចុប្បន្ននេះ មានប្រជាជនជាង ១ លាន ៣សែននាក់ ក្នុងនោះមានជាង ៤០០ ភូមិ ឃុំចំនួន ១០២ ស្រុកចំនួន ១៣ និងក្រុងចំនួន ១៕