ព្រះសីហនុៈ អាជ្ញាធរមីន និងសមាគមជួយសង្គ្រោះប្រជាជននៅកម្ពុជានៃប្រទេសចិន នៅថ្ងៃទី ២៥ តុលា បានចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីកៀរគរធនធានពីអ្នកវិនិយោគជនជាតិចិនទាំងក្នុង និងក្រៅប្រទេសគាំទ្រដល់ការងារបោសសម្អាតមីនឱ្យអស់ពីខេត្តព្រះសីហនុ ខណៈរាជរដ្ឋាភិបាល បានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តនេះ ជាប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។
ការចុះអនុស្សរណៈនេះ ធ្វើឡើងនៅខេត្តព្រះសីហនុក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន និងលោក គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ និងចុះហត្ថលេខាលើអនុស្សរណៈដោយលោក ព្រំ សុភមង្គល អគ្គលេខាធិការ អាជ្ញាធរមីន និងលោក Wang Jiang ប្រធានសមាគមជួយសង្គ្រោះប្រជាជននៅកម្ពុជានៃប្រទេសចិន។
លោក លី ធុជ បានថ្លែងថា អាជ្ញាធរមីនដោយបានទទួលនូវគោលការណ៍អនុញ្ញាតពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីនកាលពីថ្ងៃទី ៦ ខែកញ្ញាឆ្នាំ ២០២១ ក្នុងការសាកល្បងចលនាកៀរគរ ធនធាននានាពីមិត្តជនជាតិចិន ដើម្បីគាំទ្រដល់ការបញ្ចប់ការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងគាំទ្រដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងខេត្តព្រះសីហនុ។
លោកថ្លែងថា៖ «នេះគឺជាពិធីចុះហត្ថលេខាលើកទី ១ សម្រាប់វិស័យមីននៅកម្ពុជាជាមួយមិត្តចិនក្នុងការកៀរគរធនធានពីវិស័យឯកជនជនជនជាតិចិនទាំងក្នុង និងក្រៅប្រទេស ដែលពិធីនេះបានកើតចេញពីទំនាក់ទំនងជាប្រវត្តិសាស្ត្រជាអមតៈ ពុំអាចកាត់ថ្លៃបានជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយពោរពេញដោយភាពជិតស្និទ្ធប្រៀបដូចជាអណ្តាត និងធ្មេញ ដែលមិនអាចបំបែកគ្នាបានរវាងព្រះរាជាណាចក្រ កម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន»។
លោកបន្តថា សម្រាប់វិស័យមីននៅកម្ពុជាវិញ សាធារណរដ្ឋប្រជាមានិតចិនបានចូលរួមជាមួយកម្ពុជាចាប់តាំងពីឆ្នាំ ២០១៥ ដោយបានឧបត្ថម្ភគាំទ្រទាំងថវិកាសម្ភារបច្ចេកទេស និងការបណ្ដុះបណ្ដាលធនធានមនុស្ស។ នៅថ្ងៃ ២៥ តុលាគឺជាថ្ងៃមួយយ៉ាងសំខាន់នៃការជួយគាំទ្រពីមិត្តចិន តាមរយៈសមាគមជួយសង្គ្រោះប្រជាជននៅកម្ពុជាក្នុងការចាប់ផ្ដើមយុទ្ធនាការចូលរួមជំរុញឱ្យខេត្តព្រះសីហនុជាខេត្តឈានឆ្ពោះទៅបញ្ចប់ការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យបានឆាប់ និងចូលរួមធានាសុខសុវត្ថិភាព ជូនចំពោះប្រជាពលរដ្ឋ និងការអភិវឌ្ឍក្នុងខេត្តផងដែរ។
លោក Wang Jiang ប្រធានសមាគមជួយសង្គ្រោះប្រជាជននៅកម្ពុជាថ្លែងថា សមាគមនេះបានចុះបញ្ជីសមាគមនៅក្រសួងមហាផ្ទៃក្នុងឆ្នាំ ២០២០។ ប៉ុន្ដែសមាគមបានសហការជាប្រចាំជាមួយអាជ្ញាធរមីន តាំងពីខែមិថុនាឆ្នាំ ២០១៩ ក្នុងការស្វែងយល់ពីសកម្មភាពមីន និងចូលរួមត្រៀមទប់ស្កាត់ការរាលដាលជំងឺកូដ ១៩។
លោកបានថ្លែងថា៖ «ថ្មីៗនេះ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សមាគមជួយសង្គ្រោះប្រជាជននៅកម្ពុជាមានមហាកិត្តិយសដ៏ឧត្តុងឧត្តមដែលសម្ដេចតេជោបានផ្តល់នូវសេចក្តីទំនុកចិត្ត មកលើសមាគមយើងខ្ញុំក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកៀរគរថវិកា ពីអង្គការសង្គមស៊ីវិល សមាគមដទៃទៀត និងធុរជនជនជាតិចិន សម្រាប់គាំទ្រដល់វិស័យសកម្មភាពមីននៅខេត្តព្រះសីហនុឆ្ពោះទៅរកខេត្តនេះគ្មានមីននៅឆ្នាំ ២០២៥»។
លោកបន្តថា អនុស្សរណៈនេះបានបង្ហាញពីការចាប់ផ្តើមចូលរួមវិស័យសកម្មភាពមីនរបស់សមាគមលោកដែលការងារនេះវាមានសារៈសំខាន់ណាស់សម្រាប់សកម្មភាពមនុស្សធម៌ ហើយវាតម្រូវឱ្យមានការចូលរួមទាំងអស់គ្នា គិតទាំងអស់គ្នា ធ្វើទាំងអស់គ្នា ដើម្បីសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋស្លូតត្រង់ទាំងអស់។
លោក គួច ចំរើន អភិបាលខេត្ដព្រះសីហនុថ្លែងក្នុងពិធីនេះដែរថា បញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាបញ្ហាមួយដែលត្រូវយកចិត្តទុកដាក់ឱ្យបានច្រើន ព្រោះវាជាបញ្ហាមួយដ៏ចម្បង ដែលធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍខេត្ត ហើយវាក៏បានបំផ្លាញធនធានសង្គម និងធ្វើឱ្យពលរដ្ឋស្លាប់ និងពិការផងដែរ។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរមីន និងសមាគមជួយសង្គ្រោះប្រជាជននៅកម្ពុជានាថ្ងៃនេះនឹងជួយលុបបំបាត់ក្តីបារម្ភដូចបានជម្រាបជូនខាងលើ»។
បើតាមលោក គួច ចំរើន ខេត្តព្រះសីហនុ មានផ្ទៃដីសរុបប្រមាណ ២៦៥៨,៩០ គីឡូម៉ែត្រក្រឡាក្នុងនោះមានចម្ការមីន និងចម្ការគ្រាប់ទំហំ ៥,៥ គីឡូម៉ែត្រក្រឡាស្មើនឹង ៤៨ ចម្ការមីន/គ្រាប់។ ចម្ការទាំងអស់នេះមិនបានបោសសម្អាតនៅឡើយទេ ដែលជាក្តីព្រួយបារម្ភទើបអាជ្ញាធរមីនខិតខំខ្នះខ្នែងកៀរគរ រកជំនួយពីដៃគូគាំទ្រលើវិស័យមីន។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុសម្រាប់ចក្ខុវិស័យឆ្នាំ ២០៣០ គឺរៀបចំនិងអភិវឌ្ឍ «ខេត្តព្រះសីហនុជាប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើបរមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភ័ស្តុភារកម្មជាតិដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្មផលិតកម្មបែបបច្ចេកវិទ្យាទំនើបដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ» ដោយផ្អែកលើសក្តានុពលសេដ្ឋកិច្ចទីតាំងភូមិសាស្ត្រនៃតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្របខ័ណ្ឌជាតិតំបន់ និងអន្តរជាតិ។
បើតាមអាជ្ញាធរមីនប្រទេសកម្ពុជាប្រឈមនឹងបញ្ហាជាច្រើនពាក់ព័ន្ធនឹងមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមដែលជាលទ្ធផលនៃសង្គ្រាមរ៉ាំរ៉ៃអូសបន្លាយនៅក្នុងប្រទេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៦០ រហូតមកដល់ចុងឆ្នាំ ១៩៩៨។ បញ្ហាមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជាមានលក្ខណៈស្មុគស្មាញយ៉ាងខ្លាំង ដោយសារសង្គ្រាមស៊ីវិល និងសង្គ្រាមពីខាងក្រៅ។ ដោយឡែក ខេត្តព្រះសីហនុក៏ជាខេត្តមួយបានរងគ្រោះដោយសារសង្គ្រាមដ៏ធ្ងន់ធ្ងរ៕