ភ្នំពេញៈ រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែ ១ សម្រាប់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងច្បាប់មួយចំនួនទៀត ដោយមានការចូលរួមពីសមាជិកចំនួន ១១១ រូបនាថ្ងៃទី ២៥ តុលា។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភានៅថ្ងៃទី ២៥ តុលា ឱ្យដឹងថា រដ្ឋសភាបានបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ ដោយមានការចូលរួមពីលោក ហេង សំរិន ប្រធានរដ្ឋសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសមាជិកសភាចូលរួមចំនួន ១១១ រូប។
សេចក្តីប្រកាសព័ត៌មានបន្តថា អង្គប្រជុំបានលើកយករបៀបវារៈចំនួន ៤ មកពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ ថ្មី មាត្រា ៨២ ថ្មី មាត្រា ១០៦ ថ្មី (មួយ) មាត្រា ១១៩ ថ្មី និងមាត្រា ១៣៧ ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣ និងមាត្រា ៤ នៃ ច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា សេចក្តីព្រាងច្បាប់នេះសំដៅកំណត់សញ្ជាតិខ្មែរតែ ១ សម្រាប់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ ព្រោះរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលរបស់ជាតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ស្ថាប័នទាំងនេះមានការទទួលខុសត្រូវក្នុងការសម្រេចលើកិច្ចការសំខាន់ៗ ដែលជាអាយុជីវិតរបស់ប្រទេសជាតិ សំដៅធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ ប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ជាតិ ឬការបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ- អន្តរជាតិរបស់កម្ពុជា។
លោក សេរី កុសល សមាជិករដ្ឋសភាមណ្ឌលបន្ទាយមានជ័យថ្លែងក្នុងសម័យប្រជុំរដ្ឋសភានេះថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែ ១ សម្រាប់ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិនាពេលនេះ គឺត្រឹមត្រូវជាទីបំផុត ហើយស្របទៅតាមកាលៈទេសៈនៃប្រទេសជាតិមួយកំពុងតែជួបប្រទះ ដែលគេហៅថាព្យុះ មិនត្រឹមតែព្យុះ ព្យុះសង្ឃរា។ ព្រោះច្បាប់នេះត្រូវបានពន្យារ តាំងពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចាប់បដិសន្ធិឡើងរហូតមកដល់ពេលនេះ។
លោកថ្លែងថា៖ «យើងគិតថា ជាង ២៨ ឆ្នាំមកហើយ ការពន្យារទុកឱកាសនេះ គឺច្បាប់តាក់តែងមិនមែនសំដៅទៅរកបុគ្គលណាមួយទេ ឬក្រុមណាមួយទេ គឺច្បាប់សម្រាប់បម្រើប្រទេសជាតិ សម្រាប់អនាគត វាសនានៃប្រទេសជាតិ»។
បើតាមលោក សេរី កុសល រដ្ឋធម្មនុញ្ញត្រូវបានជនមួយចំនួនកំពុងយកទៅបំភ្លៃ បំភាន់ និងបំផ្លើស ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរ ទូទាំងព្រះរាជាណាចក្រកម្ពុជាបំភ្លេចនូវរដ្ឋធម្មនុញ្ញ ដែលកើតចេញពីញើសឈាមរបស់ជនជាតិខ្មែរទាំងអស់ ហើយគិតពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ មួយវិញទៀតចេតនារបស់ពួកគេមិនមែនត្រឹមតែចង់ឱ្យយើង បំភ្លេចរដ្ឋធម្មនុញ្ញនោះទេ គឺគេចង់ធ្វើរដ្ឋប្រហារធម្មនុញ្ញទៅទៀត។
លោក ហ៊ុន ម៉ានី សមាជិកសភាមណ្ឌលកំពង់ស្ពឺ សរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែ ១ សម្រាប់ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ គឺដើម្បី «ផលប្រយោជន៍ជាតិ និងសន្ដិសុខជាតិ»។
លោកសរសេរថា៖ «ការចែងក្នុងច្បាប់កំពូលរបស់ប្រទេសយើងឱ្យបានច្បាស់ដោយតម្រូវឱ្យតួនាទីកំពូលទាំង ៤ ដែលជាតួនាទីមានសិទ្ធិសម្រេចជោគវាសនា និងមាគ៌ាប្រទេសជាតិត្រូវមានសញ្ជាតិខ្មែរតែ ១ គឺមានគោលដៅតែ ១ គត់ គឺការដាក់ចិត្ត និងតាំងចិត្តបម្រើប្រទេស និងប្រជាជនខ្មែរដោយឥតលក្ខខណ្ឌ។ ក្នុងនោះមិនឱ្យបរទេសមួយណាយកគំនិត ឬផលប្រយោជន៍នយោបាយរបស់ប្រទេសផ្សេងមកជះឥទ្ធិពលទៅលើសិទ្ធិសម្រេចក្នុងតួនាទីទាំង ៤»។
លោកបានចោទជាសំណួរថា ហេតុអ្វីទៅជាមានការមិនគាំទ្រ ហើយមានប្រតិកម្ម និងការអធិប្បាយផ្សេងៗជាបន្តបន្ទាប់ ហាក់បីដូចជាចង់ការពាររឿងអនុញ្ញាតឱ្យតួនាទីទាំង ៤ មានសញ្ជាតិលើសពី ១ ដែលអាចឱ្យបរទេសជះឥទ្ធិពលមនោគមន៍វិជ្ជារបស់គេ មកលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា?។
លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជាថ្លែងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែ ១ សម្រាប់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រីនេះ វាធ្វើឱ្យប៉ះពាល់ដល់ឯកភាពជាតិ និងជាពិសេស វាបានធ្វើឱ្យប៉ះពាល់ការចូលរួមពីប្រជាពលរដ្ឋ ដែលជាខ្មែរស់នៅក្រៅប្រទេស ហើយមានសញ្ជាតិ ២។ មិនតែប៉ុណ្ណោះ ការធ្វើវិសោធនកម្មច្បាប់នេះ ក៏បានបង្ហាញពីការរើសអើង និងបំបិទសិទ្ធិចំពោះប្រជាជាតិ និងប្រជាពលរដ្ឋខ្លួនឯងក្នុងការចូលរួមអភិវឌ្ឍប្រទេស និងប្រឡូកក្នុងឆាកនយោបាយនៅក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «ខ្ញុំមើលឃើញថា វាបង្ហាញពីការរើសអើងខ្លាំងចំពោះអ្នករស់នៅក្នុងប្រទេស និងក្រៅប្រទេស។ វាបែងចែកខ្មែរ [និង] ខ្មែរ ហើយវាធ្វើឱ្យប៉ះពាល់ដល់ឯកភាពជាតិទៅទៀត។ ខ្ញុំយល់ថា មិនដឹងថា ធ្វើយ៉ាងម៉េច ព្រោះវាជាការស្នើពីរាជរដ្ឋាភិបាល ហើយសមាជិកសភាជារបស់គណបក្សកាន់អំណាចដែរ។ អ៊ីចឹងវាអត់មានអីប្លែកទេ គេធ្វើទៅតាមហ្នឹងហើយ»។
ចំពោះរបៀបវារៈផ្សេងទៀត រដ្ឋសភាបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់លោក ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេល អន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។ ក្រៅពីនេះរដ្ឋសភាក៏បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន៕