ភ្នំពេញៈ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នៅភូមិម៉ុងឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ សហការជាមួយក្រសួងពាក់ព័ន្ធបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដំបូងនៅកម្ពុជាដល់អ្នកញៀនគ្រឿងញៀន ដែលព្យាបាល និងស្ដារនីតិសម្បទារួច ដើម្បីឱ្យពួកគេមានមុខរបរ និងជំនាញចិញ្ចឹមជីវិតច្បាស់លាស់ ក្រោយពេលត្រឡប់ទៅកាន់សហគមន៍ ឬគ្រួសារ។
លោក វ៉ិត វ៉ាល់ដា ប្រធានមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ២៥ តុលាថា ការបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកញៀនគ្រឿងញៀនជាលើកដំបូងនេះត្រូវបានបើកឱ្យដំណើរការនៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២១ ក្រោមអធិបតីភាពលោក ធូ ស៊ុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមនឹងតំណាងមកពីរដ្ឋបាលខេត្ដព្រះសីហនុ។
លោកថ្លែងថា៖ «ក្នុងវគ្គដំបូងនេះ យើងបណ្ដុះបណ្ដាលដល់ជនរងគ្រោះដោយសារគ្រឿងញៀន ដែលបានស្ដារនីតិសម្បទារួចចំនួន ៥០ នាក់។ វគ្គនេះយើងនឹងបណ្ដុះបណ្ដាលទៅលើផ្នែកកសិកម្ម រួមមានការដាំបន្លែរួមផ្សំ និងផ្នែកសេវាកម្ម គឺបណ្ដុះបណ្ដាលលើជំនាញតខ្សែបណ្ដាញតាមអគារ និងជួសជុលបរិក្ខារម៉ាស៊ីនត្រជាក់»។
លោកបន្តថា៖ «វគ្គទី ២ យើងបានគ្រោងទុករួចហើយ គឺនឹងបណ្ដុះបណ្ដាលដល់ជនរងគ្រោះចំនួន ៧០ នាក់ទៀត លើវគ្គចិញ្ចឹមត្រី វគ្គចិញ្ចឹមកង្កែប វគ្គជាងផ្សារដែក និងវគ្គជាងកំបោរ។ សរុបទៅការបើកវគ្គបណ្ដុះបណ្ដាលនេះយើងបើកជា ២ ជំហាន។ ការបណ្ដុះបណ្ដាលនេះមានរយៈពេលខ្លី និងរយៈពេលវែងទៅតាមមុខជំនាញ ដូចជាវគ្គផ្នែកកសិកម្ម គឺមានរយៈពេល ១ សប្ដាហ៍ និងវគ្គសេវាកម្មមានរយៈពេល ៤ ខែ»។
លោក វ៉ិត វ៉ាល់ដា ឱ្យដឹងថា ការបណ្ដុះបណ្ដាលនេះ គឺសំដៅទៅលើការផ្ដល់ឱ្យអ្នកញៀនគ្រឿងញៀននូវមុខជំនាញច្បាស់លាស់ និងមុខរបរ អាចចិញ្ចឹមជីវិតបាន ដើម្បីឱ្យពួកគេបំភ្លេចចោលនូវការប្រើប្រាស់គ្រឿងញៀនពេលត្រឡប់ទៅកាន់ សហគមន៍ ឬគ្រួសាររបស់ពួកគេវិញ។ ការបើកមជ្ឈមណ្ឌលជាតិនេះដើម្បីឱ្យស្របទៅនឹងនិយាមជាតិ និងអន្តរជាតិ។ មជ្ឈមណ្ឌលជាតិមានការចូលរួមពីស្ថាប័ន ៣ ធំៗ គឺ ទី១ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលអាចផ្ដល់សេវាស្ដារនីតិសម្បទា អប់រំ ពិគ្រោះយោបល់ និងបំណិនជីវិតដល់អ្នកញៀនគ្រឿងញៀន។ ទី២ ក្រសួងសុខាភិបាល ដែលជាអ្នកផ្ដល់សេវាព្យាបាលតាមផ្នែកវេជ្ជសាស្ដ្រ។ ទី៣ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺជាអ្នកបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្ដល់ជំនាញពិតប្រាកដឱ្យទៅជនរងគ្រោះ ដើម្បីឱ្យពួកគេមានមុខរបរត្រឹមត្រូវ។
បើតាមលោក វ៉ិត វ៉ាល់ដា អ្នកញៀនគ្រឿងញៀនដែលអាចទទួលយកមកមជ្ឈមណ្ឌលនេះបណ្ដុះបណ្ដាលបាន គឺជាអ្នកដែលបានព្យាបាលដោយវេជ្ជសាស្ដ្រ និងស្ដារនីតិសម្បទា (ស្តារនីតិសម្បទាផ្នែករាងកាយ និងបញ្ញាស្មារតី)។ ដូច្នេះដើម្បីទទួលបានការបណ្ដុះបណ្ដាល នេះលុះត្រាតែអ្នកញៀនគ្រឿងញៀននោះបានព្យាបាល និងស្ដារនីតិសម្បទាសះស្បើយហើយមានភាពរឹងមាំអាចទទួលយកការបណ្ដុះបណ្ដាលបាន ទើបអាចចូលរួមរៀនបណ្ដុះបណ្ដាល។
លោកបញ្ជាក់ថា៖ «ជាគោលការណ៍រួម គឺយើងទទួលយកអ្នកដែលប្រើប្រាស់គ្រឿងញៀនមកពីមជ្ឈមណ្ឌលផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជាមកបណ្ដុះបណ្ដាល។ ប៉ុន្ដែការទទួលនេះ គឺអាស្រ័យទៅលើមជ្ឈមណ្ឌលផ្សេងទៀតជាអ្នកបញ្ជូនមក។ បើមជ្ឈមណ្ឌលមិនបានបញ្ជូនមកទេ គឺយើងនឹងទទួលអ្នកញៀនគ្រឿងញៀនដោយ ខ្លួនឯងទៅតាមផ្នែកផ្សេងៗមានដូចជាពីព្រះរាជអាជ្ញា ពីឪពុកម្ដាយអ្នកអាណាព្យាបាល ក្រុមគ្រួសារ និងពីសមត្ថកិច្ចផ្សេងៗ ដើម្បីជ្រើសរើសជន [រងគ្រោះ] មកសិក្សា ហើយធ្វើការបណ្ដុះបណ្ដាល»។
បើតាមលោក វ៉ាល់ដា មជ្ឈមណ្ឌលនេះ ត្រូវបានរៀបចំជាមជ្ឈមណ្ឌលជាតិមួយ ដែលអាចទទួលអ្នកញៀនគ្រឿងញៀនមកបណ្ដុះបណ្ដាលជាលក្ខណៈជាតិ និងអន្តរជាតិ។ គោលការណ៍របស់មណ្ឌលមានចំណុច ៣ គឺទី១ គោលការណ៍ព្យាបាល និងស្ដារនីតិសម្បទា ទី២ គោលការណ៍ស្ដារនីតិសម្បទាតាមជំនាញបច្ចេកទេស។ ទី៣ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់អ្នកដែលញៀនគ្រឿងញៀន ដែល បានព្យាបាល និងស្ដារនីតិសម្បទារួច។
លោក សម សភា ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុឱ្យដឹងថា នៅខេត្ដព្រះសីហនុ អ្នកញៀនគ្រឿងញៀនដែលកំពុងព្យាបាល និងស្ដារនីតិសម្បទាមានជាង ៧០ នាក់ក្នុងនោះមានម្នាក់ដែលបានព្យាបាល និងស្ដារនីតិសម្បទារួច និងបានបញ្ជូនចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញនេះ។
លោកថ្លែងថា៖ «យើងនឹងបញ្ជូនអ្នកញៀនគ្រឿងញៀនដែលកំពុងព្យាបាល និងស្ដារនីតិសម្បទាទៅបណ្ដុះបណ្ដាលបន្ថែមទៀត ក្រោយពេលពួកគេបានព្យាបាលសះស្បើយនាពេលខាងមុខ»។
លោក ភេង នី នាយកវិទ្យាស្ថានពហុបច្ចេកទេសក្នុងខេត្តព្រះសីហនុ ឱ្យដឹងថា ក្រសួងការងារបានអនុញ្ញាតឱ្យវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុធ្វើកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយស្ម័គ្រចិត្តនិងផ្អែកលើសហគមន៍ផ្តល់ ជំនាញបច្ចេកទេសរយៈពេលខ្លីលើផ្នែកកសិកម្ម និងសេវាកម្ម ក្រោមគម្រោងកម្មវិធីទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ ២០២១ ជូនដល់ជនរងគ្រោះដោយសារគ្រឿងញៀន។
លោកថ្លែងថា៖ «យើងនឹងខិតខំប្រឹងប្រែងក្នុងការគាំទ្រឱ្យដំណើរការជាបឋមនូវមជ្ឈមណ្ឌលជាតិព្យាបាលស្តារនីតិសម្បទា ដល់អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ដល់អ្នកញៀនគ្រឿងញៀនលើកទី១ នេះឡើងឱ្យទទួលបានជោគជ័យតាមផែនការ»។
ជាមួយការសាទរគំនិតរៀបចំវគ្គបណ្តុះបណ្តាលជាលើកទី១ នេះ លោក ធូ ស៊ុន ថ្លែងថា៖ «ថ្វីដ្បិតមជ្ឈមណ្ឌលជាតិយើងមិនទាន់សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ដោយកត្តារីករាលដាលនូវជំងឺកូវីដ ១៩ ប៉ុន្តែយើងបានដំណើរការជាបណ្តោះអាសន្ន ដើម្បីជួយសម្រាលភាពចង្អៀតណែន ដោយអ្នកញៀនគ្រឿងញៀនធ្ងន់ធ្ងរ»។
លោកបន្ថែមថា៖ «ហើយបានបញ្ចប់ការព្យាបាលបន្សាបបឋមនៅតាមមណ្ឌលបណ្តោះអាសន្នរាជធានី-ខេត្តនានា ដើម្បីបន្តការព្យាបាលស្តារនីតិសម្បទា និងបណ្តុះបណ្តាលចំណេះជំនាញគ្រប់ជ្រុងជ្រោយស្របតាមទីផ្សារការងារអាចចិញ្ចឹម ជីវិតបង្ការការលាប់ឡើងវិញ ពេលពួកគេត្រូវសមាហរណកម្មទៅរស់នៅជាមួយក្រុមគ្រួសារ និងសហគមន៍វិញ»។
លោកក៏ណែនាំឱ្យជនរងគ្រោះកំពុងសម្រាកព្យាបាលផ្តាច់សារធាតុញៀន និងជាសិក្ខាកាមទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូ ដើម្បីចេះស្ទាត់នូវរាល់ចំណេះជំនាញ សម្រាប់ជាធនធានចិញ្ចឹមជីវិតក្លាយជាកូនល្អប្រជាពលរដ្ឋល្អ ជាមនុស្សមានប្រយោជន៍ជួយដល់ក្រុមគ្រួសារ និងសហគមន៍៕