មណ្ឌលគិរីៈ ក្រុមមន្ត្រីជំនាញនៃក្រសួងបរិស្ថាន បាននិងកំពុងចុះពិនិត្យផ្ទៃដីជាង ១ ម៉ឺនហិកតា និងស្ថានភាពជាក់ស្តែងនៃទីតាំងដីពាក់ព័ន្ធ បន្ទាប់ពីរដ្ឋបាលខេត្តមណ្ឌលគិរីស្នើទៅក្រសួង ដើម្បីធ្វើការចុះបញ្ជីដីធ្លីជាប្រព័ន្ធជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលឱ្យមានកម្មសិទ្ធិកាន់កាប់ស្របច្បាប់។
លិខិតរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី ១៤ តុលា បានចាត់ឱ្យលោក សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យសំណើទាំង ៦ ចំណុចរបស់រដ្ឋបាលខេត្ត ដែលមានផ្ទៃដីសរុបជាង ១ ម៉ឺនហិកតា ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែតុលា។ លិខិតដដែលបានបញ្ជាក់ថា ទីតាំងដីទាំង ៦ ចំណុចនេះ គឺមានករណីផ្ទៃដីទំហំ ៦០០ ហិកតាដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋពីគម្រោងអាកាសយានដ្ឋាន និងផ្ទៃដីទំហំ ១- ៧៨៩,៤៨ ហិកតា នៅក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង។
ចំណែកករណីផ្ទៃដីទំហំ ៥ ០៧៥,៤៩ ហិកតា នៅភូមិពូលូង ឃុំរមនា ក្រុងសែនមនោរម្យ ករណីផ្ទៃដីទំហំ ៥ ៦៩៦,៥០ ហិកតា ក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូរាំង និងករណីទីតាំងកាត់ឆ្វៀលដីចំនួន ៤ ប្លង់ ស្ថិតក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ នេះបើយោងតាមលិខិតខាងលើ។
លោក អេង ភីរុង មន្ត្រីនៃក្រសួងបរិស្ថាន ដែលចូលរួមចុះត្រួតពិនិត្យផ្ទៃដីទាំងនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៥ តុលាថា បេសកកម្មចុះពិនិត្យនេះ នៅមិនទាន់ចប់នៅឡើយទេ។ ក្រុមការងារដែលដឹកនាំដោយលោក សូ ខនឫទ្ធីគុណ កំពុងបន្តការងារនៅខេត្តមណ្ឌលគិរីនៅឡើយ ហើយនៅពេលចប់ភារកិច្ច ក្រសួងនឹងប្រកាសអំពីលទ្ធផល។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនទាន់ត្រឡប់មកវិញទេ ខ្ញុំនៅបេសកកម្មនៅក្នុងខេត្តនៅឡើយ។ យើងមិនទាន់ចប់បេសកកម្ម យើងមិនអាចជម្រាបបានទេ»។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក៏ប្រាប់ភ្នំពេញប៉ុស្តិ៍ដែរថា តាមរយៈការចុះបេសកកម្មរបស់ថ្នាក់ដឹកនាំក្រសួងនេះគឺដើម្បីចុះពិនិត្យទីតាំងដីស្នើសុំចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ និងទីតាំងដីធ្លីពាក់ព័ន្ធមួយចំនួនទៀត តាមសំណើរបស់អភិបាលខេត្តមណ្ឌលគិរី។ បច្ចុប្បន្ន ក្រុមការងារ គឺទើបតែបានចុះពិនិត្យបាន ២ ទីតាំងប៉ុណ្ណោះ គឺនៅច្រើនទីតាំងទៀត ដែលនឹងត្រូវចុះពិនិត្យ ដើម្បីធ្វើការវាយតម្លៃមុននឹងក្រសួងសម្រេច។
លោករៀបរាប់ថា៖ «យើងមិនទាន់បានយ៉ាងម៉េចទេ ព្រោះក្រសួងជាអ្នកសម្រេច ហើយក្រសួងចុះទៅមើល ហើយការសម្រេចយ៉ាងណា គឺអាស្រ័យទៅលើការសម្រេចជាក់ស្តែង និងមានការអាស្រ័យផលប៉ុន្មានអីប៉ុន្មាន។ មកដល់ពេលនេះ ការចុះបញ្ជីដីជាប្រព័ន្ធមានតិចមែនទែន អត់មានប្រជាជនកាន់កាប់ស្របច្បាប់ច្រើន អ៊ីចឹងការចុះបញ្ជីនេះ គឺធ្វើឡើងតាំងពីភូមិ ឃុំ ផ្ទះសំបែងប្រជាពលរដ្ឋឡើង»។
ទោះយ៉ាងណាបើតាមលោក កែវ សុភគ៌ ឱ្យដឹងថា តាមរយៈផ្ទៃដីដែលបានស្នើទាំងជាង ១ ម៉ឺនហិកតានេះ គឺមានផ្ទៃដីខ្លះកំពុងស្ថិតក្នុងបណ្តឹង និងទំនាស់ដែលជាហេតុក្រសួងត្រូវការចុះពិនិត្យ និងវាយតម្លៃ ដើម្បីសម្រេចជាក្រោយ។
លោក ស៊ន សារុន អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរីប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៥ តុលាថា ចំពោះសំណើដែលរដ្ឋបាលខេត្ត ស្នើសុំកាត់ផ្ទៃដីទាំងជាង ១ ម៉ឺនហិកតានេះ គឺភាគច្រើនលើសលប់ ដើម្បីចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ជូនពលរដ្ឋ ហើយការស្នើសុំចុះបញ្ជី ដើម្បីផ្តល់ការវិនិយោគផ្នែកអេកូទេសចរណ៍។
លោក សារុន បន្តថា ចំពោះដីដែលបានស្នើសុំនេះ គឺជាដីលំនៅឋាន និងដីចម្ការ ដោយមិនមានពាក់ព័ន្ធនឹងដីព្រៃនោះទេ ខណៈដីដែលបានស្នើសុំដើម្បីធ្វើការវិនិយោគផ្នែកអេកូទេសចរណ៍ក៏មិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ធម្មជាតិនោះដែរ ព្រោះគម្រោងទាំងនេះចូលរួមថែរក្សាធម្មជាតិ។ លោកបន្តថា៖ «ផ្ទៃដីទាំង ១ ម៉ឺនហិកតានេះ គឺកន្លែងខ្លះត្រូវបានដោះស្រាយហើយអស់ហើយ តែកន្លែងខ្លះ នៅពេលយើងស្នើសុំ គឺមានរបាយការណ៍មកថា មានជាប់ពាក់ព័ន្ធអីណាអី។ គ្រាន់តែការស្នើសុំនេះគឺក្នុងកម្រិតត្រួតពិនិត្យហើយបានធ្វើការវាយតម្លៃមិនមែនពិនិត្យហើយឱ្យទាំងស្រុងនោះទេគឺយើងនៅមើលទៀតដែរ»។
បើតាមលោក ស៊ន សារុន បានអះអាងថា ការកាត់ផ្ទៃដីទាំងជាង ១ ម៉ឺនហិកតានេះ គឺក្រៅពីស្នើឱ្យក្រសួងចុះមកពិនិត្យវាយតម្លៃ ដើម្បីសម្រេចក៏មានតំបន់ខ្លះ ត្រូវស្នើទៅក្រសួងពាក់ព័ន្ធដទៃទៀត ដើម្បីចុះពិនិត្យសិក្សាជាក់ស្តែងផងដែរ ព្រោះតំបន់មួយចំនួនគឺ ស្ថិតក្រោមសមត្ថកិច្ចខុសៗគ្នា៕