ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ លោក កើត រិទ្ធ បានណែនាំជាថ្មី ដល់ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានី-ខេត្តឱ្យពន្លឿនចំណាត់ការនីតិវិធី នៅក្នុងដំណាក់កាលអយ្យការ ដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ ដើម្បីរួមចំណែកដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ពិសេសក្នុងបរិបទកូវីដ ១៩ នេះ។ នេះបើតាមសេចក្ដីណែនាំរបស់ក្រសួងយុត្ដិធម៌ចុះថ្ងៃទី ២៥ តុលា ឆ្នាំ ២០២១។
សេចក្ដីណែនាំរបស់លោក កើត រិទ្ធ ឱ្យដឹងថា កន្លងមកនៅក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូងរាជធានី-ខេត្ត ដែលក្រសួងយុត្តិធម៌បានដាក់ចេញកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២០ និងត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២១ និងក្នុងគោលដៅចូលរួមចំណែកក្នុងការកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។
ក្រសួងយុត្តិធម៌បានចេញសេចក្តីណែនាំលេខ ០១ ចុះថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០២០ ដោយបានណែនាំអំពីគោលការណ៍ដែលត្រូវអនុវត្តនៅក្នុងដំណាក់កាល អយ្យការ ដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ សម្រាប់យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូងរាជធានី-ខេត្ត។
ក្រសួងយុត្តិធម៌ពិនិត្យឃើញថា នៅក្នុងរយៈពេល ១ ឆ្នាំ ១ ខែនៃការអនុវត្តយុទ្ធនាការខាងលើសាលាដំបូងរាជធានី ខេត្ត បានចូលរួមអនុវត្តប្រកបដោយការយកចិត្តទុកដាក់ និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់នូវគោលការណ៍ណែនាំ ដែលត្រូវអនុវត្តនៅក្នុងដំណាក់កាលទាំង ៣ ខាងលើនៃដំណើរការនីតិវិធីតុលាការ។
ក្រសួងបញ្ជាក់ថា៖ «ជាលទ្ធផលឃើញថា ទាំងសំណុំរឿងព្រហ្មទណ្ឌ ដែលកកស្ទះ ទាំងសំណុំរឿងព្រហ្មទណ្ឌដែលចូលថ្មីជាច្រើន ត្រូវបានតុលាការចាត់ការបានយ៉ាងឆាប់រហ័សស្របតាមនីតិវីធីច្បាប់ ហើយបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារបានមួយកម្រិតដែរ»។
ដោយផ្អែកលើលទ្ធផលល្អប្រសើរនៃការអនុវត្តគោលការណ៍ណែនាំក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធនាការខាងលើ និងដោយយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ ព្រមទាំងសេចក្ដីណែនាំរួម និងសារាចរពាក់ព័ន្ធនានាក៏ដូចជាដើម្បីពន្លឿនចំណាត់ការនីតិវិធីនៅក្នុងសំណុំរឿង និងដើម្បីចូលរួមចំណែកដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារពិសេសក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដក្រសួងយុត្តិធម៌បានធ្វើការណែនាំជាថ្មីដល់សាលាដំបូងរាជធានី-ខេត្តឱ្យបន្តអនុវត្តគោលការណ៍ណែនាំ ដែលត្រូវបានកំណត់នៅក្នុងសេចក្តីណែនាំលេខ ០១ ចុះថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០២០។
ខ្លឹមសារសំខាន់ៗនៃគោលការណ៍ណែនាំនេះរួមមានទី ១ «អំពីគោលការណ៍ក្នុងដំណាក់កាលអយ្យការ» ដោយកន្លងមកក្រសួងយុត្តិធម៌បានពិនិត្យឃើញថា អយ្យការអមសាលាដំបូងរាជធានី-ខេត្តពុំសូវបានប្រើវិធីចោទប្រកាន់តាមរយៈការបញ្ជូនទៅជំនុំជម្រះផ្ទាល់ ឬការបង្ហាញខ្លួនភ្លាមនោះទេ ក៏ប៉ុន្តែតែងប្រើវិធីចោទប្រកាន់ ចំពោះបទមជ្ឈិម តាមរយៈការបើកការស៊ើបសួរ ដែលជាបច្ច័យនាំឱ្យមានការកើនឡើងជាច្រើននូវសំណុំរឿងនៅក្នុងដំណាក់កាលស៊ើបសួរ។ ដូច្នេះដើម្បីពន្លឿនចំណាត់ការលើសំណុំរឿង ជាពិសេសការកាត់បន្ថយការកកស្ទះសំណុំរឿងនៅក្នុងដំណាក់កាលស៊ើបសួរ ក្រសួងយុត្តិធម៌បានណែនាំ និងលើកទឹកចិត្តឱ្យអយ្យការអមសាលាដំបូងរាជធានីខេត្តទាំងអស់ យកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់អាទិភាព ប្រើវិធីចោទប្រកាន់ចំពោះបទមជ្ឈិមតាមរយៈការបញ្ជូនទៅជំនុំជម្រះផ្ទាល់ ឬការបង្ហាញខ្លួនភ្លាម ដោយផ្អែកតាមអង្គហេតុនៅក្នុងសំណុំរឿងនីមួយៗ និងផ្អែកតាមលក្ខខណ្ឌ និងនីតិវិធីដែលមានចែងនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ។
គោលការណ៍ណែនាំទី ២ «អំពីគោលការណ៍នៅក្នុងដំណាក់កាលស៊ើបសួរ» កន្លងមកក្រសួងយុត្តិធម៌បានពិនិត្យឃើញថា វិធានការនៃការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការពុំសូវត្រូវបានប្រើឱ្យបានទូលំទូលាយស្របតាមស្មារតីនៃក្រមនីតិវិធីព្រហ្មទណ្ឌនៅឡើយទេ ហើយជាទូទៅចៅក្រមស៊ើបសួរបានប្រើឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការសម្រេចជ្រើសយកការឃុំខ្លួនបណ្តោះអាសន្នជាវិធានការនិរន្តរាយ ដើម្បីធានាដល់ដំណើរការនៃការស៊ើបសួរដែលជាកត្តារួមចំណែកនាំឱ្យមានការកើនឡើងនៃជនជាប់ឃុំនៅតាមពន្ធនាគារ។
ដូច្នេះដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពចង្អៀតណែននៅតាមពន្ធនាគារ ក្រសួងយុត្តិធម៌បានធ្វើការណែនាំចំពោះការអនុវត្តវិធានការនិរន្តរាយ នៅក្នុងដំណាក់កាលស៊ើបសួរគឺចៅក្រមស៊ើបសួរគប្បីយកចិត្តទុកដាក់ក្នុងការពន្លឿនការអនុវត្តនីតិវិធីស៊ើបសួររបស់ខ្លួនឱ្យបានឆាប់រហ័ស ប្រកបដោយស្មារតីទទួលខុសត្រូវចំពោះមុខច្បាប់ និងស្របតាមស្មារតីនៃក្រមនីតិវិធីព្រហ្មទណ្ឌ។
ចៅក្រមស៊ើបសួរគប្បីយកចិត្តទុកដាក់ប្រើឆន្ទានុសិទ្ធិរបស់ខ្លួន ក្នុងការអនុវត្តឱ្យបានត្រឹមត្រូវស្របតាមមាត្រា ២០៣ និងមាត្រាពាក់ព័ន្ធបន្តបន្ទាប់ នៃក្រមនីតិវិធីព្រហ្មទណ្ឌទាក់ទងនឹងការឃុំខ្លួនបណ្ដោះអាសន្នជាពិសេសស្មារតីនៃការគោរពគោលការណ៍សេរីភាពជាចម្បង និងគោលការណ៍សន្មតទុកជាមុនថាគ្មានទោស។
ក្រសួងបញ្ជាក់ថា៖ «ការឃុំខ្លួនបណ្តោះអាសន្នគប្បីត្រូវបានប្រើសម្រាប់តែចំពោះបទឧក្រិដ្ឋ ឬបទមជ្ឈិមដែលមានភាពស្មុគស្មាញ និងធ្ងន់ធ្ងរហើយក្នុងលក្ខខណ្ឌដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌជាពិសេសក្នុងករណីដែលការឃុំខ្លួនបណ្តោះអាសន្ននោះ គឺជាមធ្យោបាយតែមួយគត់ និងចាំបាច់ដើម្បីធានាដល់ដំណើរការស៊ើបសួរតែប៉ុណ្ណោះ»។
ក្រសួងលើកទឹកចិត្តឱ្យចៅក្រមស៊ើបសួរប្រើឱ្យអស់លទ្ធភាព និងឱ្យបានទូលំទូលាយ ដោយផ្អែកតាមអង្គហេតុជាក់ស្ដែងនៃសំណុំរឿងនីមួយៗ ក្នុងការសម្រេចជ្រើសយកការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការវិធានការនិរន្ដរាយ ជំនួសឱ្យវិធានការនៃការឃុំខ្លួនបណ្តោះអាសន្ន ដើម្បីធានាដល់ដំណើរការនៃការស៊ើបសួរស្របតាមបញ្ញត្តិចាប់ពីមាត្រា ២២៣ ដល់មាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌជាពិសេសចំពោះបទមជ្ឈិមដែលមិនមានភាពស្មុគស្មាញ និងមិនធ្ងន់ធ្ងរ។
គោលការណ៍ណែនាំទី៣ «អំពីគោលការណ៍នៅក្នុងដំណាក់កាលជំនុំជម្រះ» ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពចង្អៀតណែននៅតាមពន្ធនាគារក្រសួងយុត្តិធម៌បានធ្វើការណែនាំដល់តុលាការ គប្បីយកចិត្តទុកដាក់ក្នុងការពន្លឿនការបើកសវនាការ និងចេញសាលក្រមឱ្យបានឆាប់រហ័សប្រកបដោយស្មារតីទទួលខុសត្រូវចំពោះមុខច្បាប់ និងស្របតាមស្មារតីនៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ទន្ទឹមនេះដោយផ្អែកតាមអង្គហេតុជាក់ស្តែងនៃសំណុំរឿងនីមួយៗ តុលាការត្រូវបានលើកទឹកចិត្តឱ្យប្រើរបបនៃការព្យួរទោសជាពិសេសការព្យួរទោសសាកល្បងឱ្យអស់លទ្ធភាព និងឱ្យបានទូលំទូលាយផ្អែកតាមអង្គហេតុជាក់ស្ដែងនៃសំណុំរឿងនីមួយៗ។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីពេលថ្មីៗនេះថា បច្ចុប្បន្នមានជនជាប់ឃុំនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេសប្រមាណជាង ៣៧ ០០០ នាក់ ក្នុងនោះពន្ធនាគារនៅរាជធានីភ្នំពេញ មានជនជាប់ឃុំច្រើនជាងគេ និងមានសំណុំរឿងមួយចំនួននៅមិនទាន់មានសាលក្រមស្ថាពរ។
លោក អំ សំអាត អនុប្រធានអង្គការសិទ្ធិមនុស្សលីកាដូយល់ថា លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចេញសេចក្តីណែនាំរំឭកសាជាថ្មីនេះ វាជារឿងល្អមួយ ប៉ុន្តែ អង្គការសង្គមស៊ីវិលចង់ឃើញក្រសួងយុត្តិធម៌ជួយពន្លឿននីតិវិធីនៃការដោះលែងអ្នកជាប់ឃុំ ដែលជិតផុតទោសតាមសេចក្តីសម្រេចរបស់ក្រសួងយុត្តិធម៌។
លោកថ្លែងថា៖ «ការដោះលែងជនជាប់ឃុំបណ្តោះអាសន្ន ជាពិសេសជនជាប់ឃុំ ងាយរងគ្រោះដូចជាស្ត្រីមានផ្ទៃពោះ ស្ត្រីដែលមានកូនតូចតាមម្តាយអនីតិជន ជនជាប់ឃុំដែលមានជំងឺរ៉ាំរ៉ៃជាប់ខ្លួន អ្នកការពារសិទ្ធិមនុស្ស អ្នកការពារបរិស្ថាន សកម្មជនធ្វើការងារសង្គម ជាដើមទៅតាមលទ្ធភាព និងនីតិវិធី ទើបអាចចូលរួមកាត់បន្ថយស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារ»។
ម្យ៉ាងទៀតក្នុងនាមអង្គការការពារសិទ្ធិមនុស្សលោកចង់ឃើញស្ថាប័នអយ្យការអមសាលាដំបូង និងសាលាដំបូងរាជធានី-ខេត្ត អនុវត្តការងារ នីតិវិធី និងកាតព្វកិច្ចរបស់ខ្លួនក្នុងសំណុំរឿងជាប្រចាំ ក្រោយពីមានយុទ្ធនាការពន្លឿននីតិវីធីក្នុងសំណុំរឿងកន្លងមក និងសេចក្តីណែនាំរំឭកបន្ថែមរបស់រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌នេះ ចៀសវាងការរិះគន់ពីសាធារណជន៕