ភ្នំពេញៈ គិតត្រឹមថ្ងៃទី ២៤ តុលា រាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ច បានបញ្ចប់ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ៦៧ ម៉ឺននាក់នៅទូទាំងប្រទេសក្នុងជុំទី ៦ លើកទី ៣ អំឡុងពេលប្រយុទ្ធនឹងកូវីដ ១៩ ដែលមានទឹកប្រាក់ចំនួនជាង ១២០ ប៊ីលានរៀល និងចាប់ផ្តើមជុំទី ៧ លើកទី ១ ពីថ្ងៃទី ២៣ តុលា ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី ២៥ តុលា ឆ្នាំ ២០២១ បានឱ្យដឹងថា ទន្ទឹមនេះផងដែរ រាជរដ្ឋាភិបាលបានផ្ដល់ការអន្តរាគមន៍ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ចាប់ពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ បានចំណាយថវិការដ្ឋ ១,៨៨៣ ប៊ីលានរៀលស្មើនឹង ៤៧០,៩៤ លានដុល្លារអាមេរិក។
សេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ចបានបន្តថា ព្រមជាមួយគ្នានេះផងដែរ សម្រាប់ការបើកផ្តល់ប្រាក់ឧបត្ថម្ភជុំទី ៧ លើកទី ១ នឹងចាប់ផ្តើមពីថ្ងៃទី ២៣ តុលា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ មានរយៈពេល ៣០ ថ្ងៃនឹងត្រូវអនុវត្តតាមនីតិវិធីរបស់ក្រសួង។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងលោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ដើម្បីសុំធ្វើអត្ថាធិប្បាយបន្ថែមបានទេ នៅថ្ងៃទី ២៦ តុលា។
លោក ប៉ា ច័ន្ទរឿន អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម យល់ឃើញថា ចំពោះការចំណាយរបស់រដ្ឋាភិបាលក្នុងទំហំប៉ុណ្ណេះ បើប្រៀបធៀបជាមួយនឹងបណ្តាប្រទេសមួយចំនួននៅលើពិភពលោកគឺមានទំហំតិចតួចណាស់ក្នុងការផ្តល់ឱ្យប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងពេលផ្ទុះជំងឺកូវីដ ១៩ នេះ។
ទោះជាយ៉ាងណា លោកថា រាជរដ្ឋាភិបាលដែលមានលទ្ធភាពចំណាយទំហំថវិកាចំនួនប៉ុណ្ណេះគឺជាការល្អប្រសើរ ដើម្បីជួយរំដោះទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ជីវភាព ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩។
ប៉ុន្តែលោកថា រាជរដ្ឋាភិបាលក៏គួរតែមានជំនួយជាកញ្ចប់ថវិកាបន្ថែមទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋទាំងនោះ ពីព្រោះថា ជំងឺកូវីដ ១៩ នេះមិនងាយនឹងបញ្ចប់ត្រឹមនេះទេ ប៉ុន្តែបើសិនវាចប់ឆាប់ៗនៅពេលខាងមុខក៏ជាការល្អដែរ។ លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋក៏នៅតែប្រឈមទៅនឹងជីវភាពបន្តទៀត ក្រោយពីជំងឺកូវីដ ១៩។
ដូច្នេះបើរដ្ឋាភិបាលមានកញ្ចប់ថវិកា ក៏ដូចជាគោលនយោបាយគាំពារ និងសម្រួលលើកកម្ពស់ក្នុងការដោះស្រាយជីវភាព និងការរកទទួលទានរបស់ប្រជាពលរដ្ឋ វាក៏ជារឿងល្អ ដើម្បីឱ្យពួកគាត់មានលទ្ធភាព និងសមត្ថភាព នៅក្នុងការស្តារជីវភាពឡើងវិញ នៅក្រោយសម័យកូវីដ។
លោក ប៉ា ច័ន្ទរឿន ថ្លែងថា៖ «ប្រជាពលរដ្ឋរបស់យើងមួយចំនួនធំ នៅក្បែរនឹងបន្ទាត់នៃភាពក្រីក្រច្រើន ហើយជំងឺកូវីដវាផ្ទុះ វាធ្វើឱ្យពួកគាត់កាន់តែក្រជាងមុនទៀត ហើយជំនួយទាំងអស់ គឺមានតម្លៃក្នុងការជួយប្រជាពលរដ្ឋរបស់យើងមិនថា តិច ឬ ច្រើនទេ។ មិនថា ជាហិរញ្ញវត្ថុ ឬគោលនយោបាយនៅក្នុងការស្តារជីវភាពសេដ្ឋកិច្ច គឺមានភាពចាំបាច់ណាស់»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានចាប់ផ្ដើមដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ ហើយគិតរហូតមកដល់បច្ចុប្បន្នបានចំនួន ៦ ជុំមាន ១៦ លើករួចមកហើយ៕