ភ្នំពេញៈ ក្រសួងសុខាភិបាលប្រកាសលើកលែងកាតព្វកិច្ចធ្វើចត្តាឡីស័ករបស់អ្នកជំងឺកូវីដ ១៩ បន្ទាប់ពីបានបញ្ចប់ការព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ ១៩ និងការព្យាបាលនៅតាមផ្ទះ។
ក្រសួងសុខាភិបាលបញ្ជាក់ក្នុងលិខិតចុះថ្ងៃទី ២៦ ខែតុលា ថា៖ «អ្នកជំងឺកូវីដ ១៩ ដែលបានបញ្ចប់ការព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ ១៩ ពុំតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃទៀតទេ»។
ក្រសួងបានបញ្ជាក់ថា ចំពោះអ្នកជំងឺកូវីដ ១៩ ដែលព្យាបាលនៅតាមផ្ទះក្នុងករណីអ្នកជំងឺកូវីដ ១៩ ពុំបានចាក់វ៉ាក់សាំងកូវីដ ១៩ ដូសមូលដ្ឋានបានពេញលេញអនុញ្ញាតឱ្យបញ្ចប់ការព្យាបាលនៅថ្ងៃទី ១៤ ប្រសិនបើពុំមានរោគសញ្ញាជំងឺកូវីដ-១៩ រយៈពេល ៣ ថ្ងៃចុងក្រោយបន្តបន្ទាប់គ្នា គឺថ្ងៃទី ១១ ទី ១២ និងទី ១៣ និងពុំតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃទៀតទេ។
ចំពោះអ្នកជំងឺដែលព្យាបាលនៅតាមផ្ទះដដែលនេះ នៅក្នុងករណីអ្នកជំងឺកូវីដ ១៩ បានចាក់វ៉ាក់សាំងកូវីដ ១៩ បានពេញលេញ ហើយចាប់ពីថ្ងៃទី ៦ ទៅពុំមានរោគសញ្ញាជំងឺកូវីដ ១៩ រយៈពេល ៣ ថ្ងៃបន្តបន្ទាប់គ្នាគឺនៅថ្ងៃទី ៦ ទី ៧ និងទី ៨ ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្ស៊ែនកូវីដ ១៩ ដោយខ្លួនឯងនៅថ្ងៃទី ៩។
ប្រសិនបើទទួលបានលទ្ធផលតេស្តកូវីដ ១៩ អវិជ្ជមានអ្នកជំងឺអនុញ្ញាតឱ្យបញ្ចប់ការព្យាបាល និងពុំតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃទៀតទេ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ប្រសិនបើលទ្ធផលតេស្តកូវីដ ១៩ វិជ្ជមាន អ្នកជំងឺត្រូវធ្វើតេស្ដរហ័សរកអង់ទីហ្ស៊ែនកូវីដ ១៩ ដោយខ្លួនឯងឡើងវិញនៅ ២ ថ្ងៃបន្ទាប់ គឺនៅថ្ងៃទី ១១ ហើយអនុញ្ញាតឱ្យបញ្ចប់ការព្យាបាល ប្រសិនបើទទួលបានលទ្ធផលតេស្តកូវីដ ១៩ អវិជ្ជមាន និងពុំតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃទៀតទេ។
ក្នុងករណីពុំមានលទ្ធភាពធ្វើតេស្តរហ័សរកអង់ទីហ្ស៊ែនកូវីដ ១៩ ដោយខ្លួនឯង នៅថ្ងៃទី ៩ អ្នកជំងឺត្រូវបានអនុញ្ញាតឱ្យបញ្ចប់ការព្យាបាលនៅថ្ងៃទី ១២ ប្រសិនបើពុំមានរោគសញ្ញាជំងឺកូវីដ ១៩ ចាប់ពីថ្ងៃទី ៩ ទៅរយៈពេល ៣ ថ្ងៃ បន្តបន្ទាប់គ្នា គឺនៅថ្ងៃទី ៩ ទី ១០ និងទី ១១ និងពុំតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃទៀតទេ។
ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា៖ «អ្នកជំងឺកូវីដ ១៩ ដែលត្រូវបានអនុញ្ញាតឱ្យបញ្ចប់ការព្យាបាល ទោះបីត្រូវបានលើកលែងកាតព្វកិច្ចចត្តាឡីស័កក៏ដោយ ប៉ុន្តែត្រូវតែបន្តអនុវត្តវិធានការសុខាភិបាលជាធរមាន ដោយចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង៣ការពារឱ្យបាន»៕