ភ្នំពេញៈ អតីតសមាជិករដ្ឋសភានៃអតីតគណបក្សប្រឆាំងដែលកំពុងគេចខ្លួននៅក្រៅប្រទេស ៣ នាក់ និងបក្ខពួកម្នាក់ទៀត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសម្នាក់ៗ ២ ឆ្នាំ និងបង្គាប់ឱ្យចាប់ខ្លួន ព្រមទាំងពិន័យ ៤ លានរៀល ដោយជាប់ចោទពីបទញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា។ នេះបើយោងតាម លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ជនជាប់ចោទមាន ឈ្មោះ ហូរ វ៉ាន់ អ៊ូ ច័ន្ទឫទ្ធិ គង់ សុភា និង សេង ម៉េងប៊ុនរ៉ុង។ ក្នុងសំណុំរឿងនេះដែរ តុលាការក៏បានសម្រេចផ្ដន្ទាទោសបក្ខពួក ១០នាក់ផ្សេងទៀត ដាក់ពន្ធនាគារ ២០ ខែ ប៉ុន្តែបង្គាប់ឱ្យអនុវត្តទោសដោយឡែកពីគ្នាពី ១៤-១៥ ខែ ហើយទោសដែលនៅសល់ព្យួរសាកល្បង ២ ឆ្នាំ និងពិន័យ ២ លានរៀល។
លោក សុផល បញ្ជាក់ថា៖ «ពួកគេជាប់ចោទពីបទញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គមប្រព្រឹត្តនៅប្រទេសកម្ពុជាកាលពីដើមខែសីហា ដល់ថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២០»។
គួរបញ្ជាក់ថាសំណុំរឿងនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះ២ដងមកហើយ ហើយទើបប្រកាសសាលក្រមនៅថ្ងៃទី ២៦ តុលា ឆ្នាំ ២០២១ ពាក់ព័ន្ធការចូលរួមធ្វើបាតុកម្មទាមទារឱ្យតុលាការ ដោះលែងលោក រ៉ុង ឈុន មេដឹកនាំសហជីព ដែកត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំពីបទញុះញង់ ចំពោះការអត្ថាធិប្បាយអំពីសហគមន៍មួយនៅតាមបណ្តោយព្រំដែនវៀតណាមបានបាត់បង់ដីអំឡុងពេលដំណើរការបោះបង្គោលព្រំដែន។
លោកមេធាវី សំ ចំរើន មេធាវីការពារក្ដីឱ្យជនជាប់ចោទទាំងនោះ បានអះអាងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដោយបានបង្ហាញនូវការមិនពេញចិត្ត ហើយបញ្ជាក់ថា កូនក្ដីភាគច្រើនបានកំពុងអនុវត្តទោសនៅក្នុងពន្ធនាគារ។
លោក ចំរើន ថ្លែងថា៖ «ខ្ញុំកំពុងពិភាក្សាជាមួយកូនក្ដីខ្ញុំថា តើត្រូវប្ដឹងទៅសាលាឧទ្ធរណ៍ឬយ៉ាងណាទៀត។ ខ្ញុំគិតថា អ្នកដែលកំពុងអនុវត្តទោស ពួកគេនឹងមានសេរីភាពវិញ (ក្រោយចប់ការកំណត់ទោស)»៕