
ពិធីចុះ MoU រវាង RUPP និង ASU នៅថ្ងៃទី ២៥ តុលា។ ហេង ជីវ័ន
ភ្នំពេញៈ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យ Angelo State University (ASU) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៥ ខែតុលា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកឧត្តមសិក្សា និងពង្រីកវិសាលភាពលើការអភិវឌ្ឍកម្មវិធីអប់រំ និងការផ្លាស់ប្តូរនិស្សិតរវាងស្ថាប័នទាំង ២។
ការចុះ MoU នេះ ក៏មានគោលដៅពន្លាតការខិតខំស្វែងរក និងបណ្តុះបណ្តាលផ្នែកអប់រំដែលអាចឈានទៅដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានឧត្តមសិក្សាទាំង ២ និងការខិតខំបន្ត និងអភិវឌ្ឍកម្មវិធីដែលមានស្រាប់។
RUPP បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានពីថ្ងៃទី ២៥ តុលា ថា អនុស្សរណៈនៃការយោគយល់នេះបានលេចចេញជារូបរាង បន្ទាប់ពីកិច្ចពិភាក្សារវាងតំណាងស្ថាប័នទាំង ២ និងបានឈានទៅដល់សេចក្តីសម្រេច កិច្ចសហប្រតិបត្តិការ ដែលផ្តោតសំខាន់លើការបង្កើនគុណភាព និងប្រសិទ្ធភាពនៃការអប់រំនៅកម្រិតឧត្តមសិក្សា។ ការផ្លាស់ប្តូរនិស្សិតរវាងស្ថាប័នទាំង ២ ធ្វើឡើងតាមរយៈ «កម្មវិធី 1+3 Foundation Program» ដែលផ្តល់ឱកាសឱ្យនិស្សិតឆ្លងកាត់វគ្គសិក្សាឆ្នាំមូលដ្ឋាន រយៈពេល ១ ឆ្នាំនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង ៣ ឆ្នាំនៅសាកលវិទ្យាល័យ ASU លើជំនាញជីវវិទ្យា រូបវិទ្យា គីមីវិទ្យា ភូមិវិទ្យា សំណង់ស៊ីវិល និងវិស្វកម្មគ្រឿងយន្ត។
លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីពិធីចុះ MoU នេះថា ASU មានបំណងធ្វើកិច្ចសហប្រតិបត្តិការជាមួយ RUPP លើវិស័យមួយចំនួន ដែលជាវិស័យវិទ្យាសាស្ត្រពិត។ ក្នុងរឿងវិស័យវិទ្យាសាស្ត្រពិត ផ្នែកឯកជន មិនសូវមានលទ្ធភាពធ្វើទេ ដោយសារត្រូវចំណាយដើមទុនច្រើនក្នុងការបង្កើតបន្ទប់ពិសោធន៍ ហើយក្រសួងអប់រំក៏បានណែនាំ ASU ឱ្យមកធ្វើការជាមួយ RUPP។
លោកថ្លែងថា៖ «ខាងគាត់មានចេតនា សាកលវិទ្យាល័យនៅ Texas នេះ គាត់មានចេតនានឹងយកនិស្សិតយើងនៅឆ្នាំទី ១ រៀននៅយើង ហើយ ៣ ឆ្នាំ នៅអាមេរិក ហើយសញ្ញាបត្រគាត់សុំឱ្យនិស្សិតនោះ ទទួលបានទាំង ២ ទាំងសញ្ញាបត្រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យមួយនៅ Texas នេះ»។
លោក ជេត ជាលី ថ្លែងថា ASU នឹងត្រូវពិនិត្យមើលកម្មវិធីសិក្សារបស់ RUPP នៅឆ្នាំទី ១ ហើយភាគីទាំង ២ បានពិភាក្សាគ្នាថា ពេលនេះ ភាគីទាំង ២ នឹងធ្វើការជាមួយគ្នាលើកម្មវិធីសិក្សា និងគ្រូបង្រៀននៅឆ្នាំទី ១។ ប្រសិនបើនិស្សិតនៅឆ្នាំទី ១ របស់ RUPP មានសមត្ថភាព «ខ្សោយពេក» ក៏ ASU មិនអនុញ្ញាតឱ្យបន្តទៅឆ្នាំទី ២ ឆ្នាំទី ៣ និងឆ្នាំទី ៤ របស់ខ្លួននោះទេ។ ជាសេចក្តីផ្តើម បន្ទាប់ពីបានពិនិត្យត្រួសៗ ASU អាចទទួលយកបាននូវនិស្សិតឆ្នាំទី ១ នេះតែនៅកែលម្អ«ខ្លះ» តទៅទៀត។
លោក Won-Jae Lee អនុប្រធានដេប៉ាតឺម៉ង់ កិច្ចការសិក្សាសន្តិសុខ និងយុត្តិធម៌ព្រហ្មទណ្ឌនៃសាកលវិទ្យាល័យ ASU ប្រាប់អ្នកកាសែតក្រោយពិធីនេះថា កម្មវិធី «1+3 Foundation Program » ពិតជាពិសេស និងប្លែក តាមរយៈសាកលវិទ្យាល័យទាំង ២ ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យអប់រំ ដោយនិស្សិតឆ្នាំទី ១ នឹងសិក្សានៅ RUPP ហើយក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ និស្សិតនឹងសិក្សានៅសាកលវិទ្យាល័យរបស់លោកនៅសហរដ្ឋអាមេរិក។
លោកថ្លែងថា៖ «គោលបំណងសំខាន់នៃកម្មវិធីនេះគឺដើម្បីបណ្តុះ និងបង្កើតអ្នកដឹកនាំកម្ពុជានាពេលអនាគត ដើម្បីធ្វើឱ្យប្រទេសរបស់អ្នកមានវិបុលភាព»៕