ភ្នំពេញៈ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) សហការជាមួយការិយាល័យឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) នឹងរៀបចំសិក្ខាសាលាថ្នាក់តំបន់នៅថ្ងៃទី ២៨ តុលា «ស្តីពីទស្សនវិស័យនៃសេចក្តីព្រាងច្បាប់ បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជាតាមគោលការណ៍ទីក្រុងប៉ារីស» ដើម្បីចែករំលែកបទពិសោធ និងប្រមូលធាតុចូលនានាសម្រាប់ការបង្កើតស្ថាប័នជាតិមួយនេះ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ស.ម.ក លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន គ.ស.ម.ក និងលោកស្រី Pauline Tamensis អ្នកសម្របសម្រួល អង្គការសហប្រជាជាតិនឹងធ្វើជាអធិបតីក្នុងពិធីបើកសិក្ខាសាលានេះ។ សិក្ខាសាលាដែលប្រព្រឹត្តធ្វើឡើងចាប់ពីម៉ោង ៨ ព្រឹកថ្ងៃទី ២៨ តុលា នៅទីស្នាក់ការ គ.ស.ម.ក តាមរយៈប្រព័ន្ធវីដេអូ។
សិក្ខាសាលានេះមានសិក្ខាកាមចូលរួម ៨០ នាក់មកពីតំណាងស្ថានទូតនានា ប្រចាំកម្ពុជា សមាជិកគណៈកម្មការអន្តររដ្ឋាភិបាល សិទ្ធិមនុស្សអាស៊ាន តំណាង និងមន្ដ្រីនៃអង្គការអន្តរជាតិនានា ប្រធាន និងមន្ត្រីនៃវេទិកាអាស៊ីប៉ាស៊ីហ្វិក ប្រធាន និងស្នងការនៃស្ថាប័នជាតិសិទ្ធិមនុស្សនៃប្រទេសម៉ាឡេស៊ី ស្នងការ និងមន្ត្រីនៃស្ថាប័នជាតិសិទ្ធិមនុស្សប្រទេសហ្វីលីពីន មន្ត្រី OHCHR និងសមាជិកសមាជិកាព្រមទាំងមន្ត្រីនៃ គ.ស.ម.ក។
លោក កត្តា អ៊ន សមាជិក និងជាអ្នកនាំពាក្យ គ.ស.ម.ក ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ២៧ តុលាថា សិក្ខាសាលាថ្នាក់តំបន់នេះ សម្រាប់ផ្ដល់ធាតុចូលទៅលើសេចក្ដីព្រាងច្បាប់នៃការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្សនៅកម្ពុជា។ ភាគីទាំងអស់ ដូចមានរៀបរាប់ក្នុងសេចក្ដីប្រកាសព័ត៌មានខាងលើ គឺជាអ្នកនាំមុខសម្រាប់ធ្វើដំណើរទៅមុខ ដោយធ្វើយ៉ាងណាប្រមូលធាតុចូល ទៅក្នុងសេចក្ដីព្រាងច្បាប់ដើម្បីឱ្យសេចក្ដីព្រាងច្បាប់ក្លាយជាសេចក្ដីព្រាងច្បាប់ដែលល្អ សម្រាប់ប្រជាពលរដ្ឋកម្ពុជាលើកិច្ចការសិទ្ធិមនុស្ស និងមានគុណប្រយោជន៍សម្រាប់ជាតិខ្មែរនៅលើឆាកអន្តរជាតិ។
លោកថ្លែងថា៖ «បន្ទាប់ពីសិក្ខាសាលានេះយើងចាប់ផ្ដើមធ្វើជាសិក្ខាសាលា កិច្ចប្រជុំ ពិគ្រោះយោបល់ តូចៗ ជាមួយអង្គការសង្គមស៊ីវិល សហជីព អ្នកសារព័ត៌មាន គណបក្សនយោបាយ ភាគីពាក់ព័ន្ធ និងក្នុងរដ្ឋាភិបាលមានក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋសភា ព្រឹទ្ធសភា និងតុលាការផងដែរ»។
តាមការគ្រោងទុកសិក្ខាសាលានេះ មានវាគ្មិនជាច្រើនមកពីតាមស្ថាប័នសិទ្ធិមនុស្សជាតិនៃប្រទេសហ្វីលីពីន ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ដែលជាប្រទេសនាំមុខក្នុងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ និងតំណាងមកពីគណៈកម្មការអន្តរដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ាន ស្ថានទូត និងអង្គការផ្សេងទៀត គឺនឹងបានទទួលធាតុចូលសំខាន់ៗ និងរំពឹងទុកថា នឹងធ្វើឱ្យសេចក្ដីព្រាងច្បាប់នេះ កាន់តែមានភាពប្រសើរឡើង និងមានស្ដង់ដាអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យស្ថាប័នជាតិសិទ្ធិមនុស្សកម្ពុជាកើតឡើងជាស្ថាប័នដែលត្រូវបានទទួលស្គាល់ និងមានចំណាត់ថ្នាក់ល្អ។
លោកបញ្ជាក់ថា ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២១ មក គ.ស.ម.ក ក៏បានផ្ដល់អាទិភាពដល់សាធារណជន ផ្ដល់យោបល់ធាតុចូលលើសេចក្ដីព្រាងច្បាប់នេះតាមរយៈ Facebook Page និង Telegram Channel របស់ គ.ស.ម.ក ដែលមានតំណភ្ជាប់ហ្វេសប៊ុក Cambodian Human Rights Committee និងតេឡេក្រាម Comment on NHRC Law ( https://t.me/comment_on_NHRC_Law ) ផងដែរ។ សេចក្តីព្រាងច្បាប់ស្ដីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជានេះមាន ៨ ជំពូក និង ៣២ មាត្រា។
ក្នុងមាត្រា ១ នៃច្បាប់នេះបានបញ្ជាក់ថា ច្បាប់នេះមានគោលដៅបង្កើត និងកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាស្របតាមគោលការណ៍ទីក្រុងប៉ារីសក្នុងគោលបំណង ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សដោយអនុលោមតាមបទប្បញ្ញត្តិដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញាអនុសញ្ញា និងលិខិតូបករណ៍អន្តរជាតិទាក់ទងនឹងសិទ្ធិមនុស្ស។
សេចក្ដីព្រាងក្នុងមាត្រា ១ ដដែលបញ្ជាក់ថា៖ «គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាជាស្ថាប័នជាតិឯករាជ្យ និងអព្យាក្រឹត្យក្នុងការបំពេញការងារលើវិស័យសិទ្ធិមនុស្ស»។
លោក កត្តា អ៊ន បានឱ្យដឹងថា ប្រទេសកម្ពុជាតាមរយៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ ២០០៦ បានសម្រេចឱ្យបង្កើតស្ថាប័នជាតិសិទ្ធិមនុស្សនេះឡើង។ នៅក្នុងការផ្ដល់អនុសាសន៍ និងការពិនិត្យរបាយការណ៍របស់កម្ពុជាតាំងពីឆ្នាំ ២០០៩ រហូតមកដល់ឆ្នាំ ២០១៩ ប្រទេសមួយចំនួនក៏បានផ្ដល់អនុសាសន៍ឱ្យកម្ពុជា បង្កើតស្ថាប័នជាតិសិទ្ធិមនុស្សនេះដែរ។ ដោយយោងតាមស្មារតីនៃកិច្ចពិភាក្សារវាង គ.ស.ម.ក និង OHCHR បានសម្រេចថា គឺត្រូវតែជំរុញឱ្យមានការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្សនេះឡើង។
មកដល់ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០១៩ លោកនាយករដ្ឋមន្ដ្រី ក្រោយពីបានយល់ឃើញថា តាំងពីឆ្នាំ ២០០៦ មកនៅពេលនោះរាជរដ្ឋាភិបាលបានប្រគល់តួនាទីឱ្យអង្គការសង្គមស៊ីវិល ជាអ្នកធ្វើសេចក្ដីព្រាងច្បាប់នេះ។ ប៉ុន្ដែចាប់តាំងពីឆ្នាំ ២០០៦ មកដល់ឆ្នាំ ២០១៩ រយៈពេល ១៥ ឆ្នាំមកហើយ សេចក្ដីព្រាងច្បាប់នេះនូវមិនអាចលេចចេញជារូបរាងទើបនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០១៩ លោកនាយករដ្ឋមន្ដ្រីសម្រេចប្រគល់ភារកិច្ចធ្វើសេចក្ដីព្រាងច្បាប់ជាតិសិទ្ធិមនុស្សនេះមក គ.ស.ម.ក ជាអ្នកធ្វើវិញ។
បើតាមលោក កត្តា អ៊ន គ.ស.ម.ក បានចាប់ផ្ដើមធ្វើកិច្ចការងារនេះនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៩ ដោយសហការជាមួយ OHCHR និងអង្គការ Asia Pacific Forum ដែលមានមូលដ្ឋាននៅប្រទេសអូស្ដ្រាលី ក្រោមកិច្ចសម្របសម្រួលពីស្ថានទូតអូស្ដ្រាលីនៅកម្ពុជា គឺបានចាប់ផ្ដើមធ្វើសេចក្ដីព្រាងច្បាប់។ សេចក្តីព្រាងនេះបានបញ្ចប់ជាផ្លូវការជំហានដំបូងនៅខែកក្កដា ឆ្នាំ ២០២១។ បន្ទាប់មក គ.ស.ម.ក ក៏បានធ្វើសេចក្ដីប្រកាសដើម្បីធ្វើការពិគ្រោះយោបល់យ៉ាងហោចណាស់ឱ្យបាន ៦០ លើក ដោយគិតចាប់ពីខែកក្កដា ឆ្នាំ ២០២១ និងត្រូវបញ្ចប់ឱ្យបាននៅឆ្នាំ ២០២១ នេះ។
លោកបញ្ជាក់ថា៖ «កន្លងមកនេះយើងចាប់ផ្ដើមដំណើការពិគ្រោះយោបល់ ដោយបានអញ្ជើញអង្គការសង្គមស៊ីវិលយើងផ្ដល់តួនាទីជូន OHCHR ក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ដោយឱ្យអាទិភាពដំបូងជាមួយអង្គការសង្គមស៊ីវិល។ ប៉ុន្ដែអង្គការសង្គមស៊ីវិលមួយចំនួនធំ គាត់នៅស្ទាក់ស្ទើរមិនទាន់យល់អំពីគោលបំណងច្បាស់លាស់ និងនៅស្ទាក់ស្ទើរអំពីបញ្ហាសិទ្ធិមនុស្សបញ្ហាប្រជាធិបតេយ្យ ដោយមិនទាន់បានសម្រេចចិត្ដចូលរួមនៅឡើយ»៕