ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសហរដ្ឋអាមេរិកបន្តគាំទ្រដល់អាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងស្តារសង្គមសេដ្ឋកិច្ចឡើងវិញ ខណៈសហរដ្ឋអាមេរិកប្តេជ្ញាបញ្ចប់ការរាតត្បាតជំងឺកូវីដ ១៩ និងធ្វើឱ្យមានវ៉ាក់សាំងជាង ៤០ លានដូស និងថវិកាជាង ២០០ លានដុល្លារ ដល់រដ្ឋសមាជិកអាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
លោក ហ៊ុន សែន ស្នើឡើងដូច្នេះក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី ៩ កាលពីថ្ងៃទី ២៦ ខែតុលា តាមប្រព័ន្ធវីដេអូ។
លោក ហ៊ុន សែន លើកឡើងថា វិបត្តិជំងឺកូវីដ ១៩ បានរំឭកឡើងវិញនូវភាពចាំបាច់នៃការរួបរួមគ្នា កិច្ចសហការ និងការជួយគ្នាទៅវិញទៅមក ដោយមិនប្រកាន់ជាតិសាសន៍ ជំនឿសាសនា និងនិន្នាការនយោបាយ ហើយលោកបានកោតសរសើរចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំសេចក្តីព្រាងគោលដៅក្នុងកិច្ចប្រជុំកំពូលសកលស្តីពីជំងឺកូវីដ ១៩ នាពេលថ្មីៗនេះ ជាពិសេសចំពោះការកំណត់យកគោលដៅចាក់វ៉ាក់សាំងឱ្យបានយ៉ាងតិច ៧០ ភាគរយនៃប្រជាជនសកលលោក។
លោកថ្លែងថា៖ «ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហរដ្ឋអាមេរិកសម្រាប់ការផ្តល់អំណោយជាវ៉ាក់សាំង សម្ភារ បរិក្ខារពេទ្យ និងហិរញ្ញប្បទានឥតសំណងដល់កម្ពុជា និងសូមស្នើសហរដ្ឋអាមេរិកបន្តផ្តល់ការគាំទ្រចាំបាច់នានាដល់អាស៊ានក្នុងការប្រយុទ្ធនឹងជំងឺកូវីដ ១៩»។
លោកបន្តថា ភាពជាដៃគូរវាងអាស៊ាន និងសហរដ្ឋអាមេរិកបានចូលរួមយ៉ាងសំខាន់ក្នុងកាលើកកម្ពស់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន និងសហរដ្ឋអាមេរិក។ ខណៈអាស៊ាន ក៏ដូចជាពិភពលោកទាំងមូលត្រូវជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ កម្ពុជាគាំទ្រការដាក់ចេញនូវសេចក្តីប្រកាសរួមអាស៊ាន-សហរដ្ឋអាមេរិក ស្តីពីការអភិវឌ្ឍឌីជីថល និងការជំរុញការអនុវត្តឱ្យបានលទ្ធផលល្អប្រសើរនូវផែនការសកម្មភាពជំរុញភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហរដ្ឋអាមេរិកឆ្នាំ ២០២១-២០២៥។
លោក ហ៊ុន សែន លើកទឹកចិត្តឱ្យក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាស៊ាន សហការជិតស្និទ្ធជាមួយបណ្តារដ្ឋជាសមាជិកអាស៊ាន ដើម្បីបង្កើនសកម្មភាពពាណិជ្ជកម្ម ការលំហូរនៃការវិនិយោគមកក្នុងតំបន់អាស៊ានឱ្យបានកាន់តែច្រើន ជាពិសេសតាមរយៈការអនុវត្តកិច្ចព្រមព្រៀងសម្របសម្រួលផ្នែកពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន-សហរដ្ឋអាមេរិក។
លោកថ្លែងថា៖ «កម្ពុជាក៏សូមស្នើឱ្យសហរដ្ឋអាមេរិកបន្តផ្តល់ការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការស្តារ និងជំរុញសង្គមសេដ្ឋកិច្ចជាពិសេសតាមរយៈក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន»។
លោក ហ៊ុន សែន អំពាវនាវឱ្យមានការបន្តពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-សហរដ្ឋអាមេរិកលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាល ឌីជីថល ដឹកជញ្ជូន ថាមពលបរិស្ថាន និងការប្រែប្រួលអាកាសធាតុ និងការពង្រឹង និងលើកកម្ពស់តួនាទីស្ត្រីដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យភាព និងជួយគ្នាទៅវិញទៅមក ដើម្បីឈានទៅកសាងអនាគតរួមដ៏ភ្លឺស្វាង និងប្រកបដោយវិបុលភាព។
នៅក្នុងកិច្ចប្រជុំនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការពង្រឹងភាពជាដៃគូរបស់សហរដ្ឋអាមេរិកជាមួយអាស៊ាន ក៏ដូចជាមជ្ឈភាពរបស់ខ្លួន និងបានសាទរចំពោះទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានសេតវិមានរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៦ ខែតុលា កន្លងទៅ។
លោកបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិក ចំពោះតំបន់ ហើយបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួនឱ្យកាន់តែស៊ីជម្រៅ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលរួមមានការធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនដើម្បីទប់ស្កាត់ការគំរាមកំហែងដល់សណ្តាប់ធ្នាប់ដែលការពារដោយច្បាប់អន្តរជាតិ និងការលើកកម្ពស់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ។
លោកប្រធានាធិបតីរូបនេះបានប្រកាសពីចេតនាផ្តល់ថវិការហូតដល់ ១០២ លានដុល្លារនៅក្នុងគំនិតផ្តួចផ្តើមថ្មី ដើម្បីពង្រីកភាពជាដៃគូយុទ្ធសាស្ត្រអាមេរិក-អាស៊ាន ដើម្បីគាំទ្រដល់ការស្តារឡើងវិញក្នុងតំបន់ពីវិបត្តិជំងឺកូវីដ ១៩ ដោះស្រាយវិបត្តិអាកាសធាតុ លើកកម្ពស់កំណើនសេដ្ឋកិច្ច និងអភិវឌ្ឍធនធានមនុស្ស។
លើសពីនេះលោកប្រធានាធិបតី Joe Biden បានគូសបញ្ជាក់អំពីសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងអាស៊ានដោយគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងថ្មី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់រវាងសហរដ្ឋអាមេរិក និងអាស៊ានលើផ្នែកសុខភាព អាកាសធាតុ ថាមពល ការដឹកជញ្ជូន និងការពង្រឹងយេនឌ័រ។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «លោកបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបញ្ចប់ការរាតត្បាតនៃជំងឺកូវីដ ១៩ និងការកសាងឡើងវិញឱ្យកាន់តែប្រសើរឡើង ដើម្បីរៀបចំសម្រាប់ពេលបន្ទាប់ រួមទាំងការធ្វើឱ្យមានវ៉ាក់សាំងជាង ៤០ លានដូស និងជាង ២០០ លានដុល្លារជាជំនួយមនុស្សធម៌ និងសុខភាពសង្គ្រោះបន្ទាន់ដល់រដ្ឋសមាជិកអាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩»។
លោក Joe Biden បានជំរុញឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល និងសន្តិសុខសុខភាព កាត់បន្ថយវិបត្តិអាកាសធាតុ និងបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងការកសាងឡើងវិញឱ្យកាន់តែប្រសើរឡើង និងជំរុញឱ្យមានការស្តារឡើងវិញនូវភាពបៃតង។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «លោក (Joe Biden) ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីរដ្ឋប្រហារយោធា និងអំពើហិង្សាដ៏រន្ធត់នៅក្នុងប្រទេសភូមា ហើយបានអំពាវនាវឱ្យរបបយោធារបស់ប្រទេសនេះ បញ្ចប់អំពើហិង្សាជាបន្ទាន់ ដោះលែងអ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌ និងស្តារមាគ៌ាប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ាឡើងវិញ»។
លោក Joe Biden បានសម្តែងការគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីដាក់ឱ្យ «របបយោធាភូមា» ទទួលខុសត្រូវចំពោះកុងសង់ស៊ីសទាំង ៥ ចំណុច។
គួរបញ្ជាក់ថា ចំណុចទាំ ៥ នៃកុងសង់ស៊ីសដែលមេដឹកអាស៊ានបានឯកភាពគ្នាទាក់ទងស្ថានភាពនៅមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំពិសេសរបស់មេដឹកនាំអាស៊ាន កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ រួមមាន ការបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា ការចាប់ផ្តើមឱ្យមានកិច្ចសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធ បេសកជនពិសេសរបស់ប្រធានអាស៊ាននឹងសម្របសម្រួលនៃដំណើរការកិច្ចសន្ទនា អាស៊ាននឹងផ្តល់ជំនួយមនុស្សធម៌ និងបេសកជនពិសេស និងគណៈប្រតិភូនឹងទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធ៕