ភ្នំពេញៈ អង្គការមូលនិធិបង្ការរបួសអាស៊ីតាមរយៈកម្មវិធី «ការបើកបរដោយសុវត្ថិភាព និងសេដ្ឋកិច្ចជំហានទី ២» នឹងធ្វើការបណ្តុះបណ្តាលដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិតតាមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងចំនួន ១ ០០០ នាក់ ក្នុងរាជធានី-ខេត្ដចំនួន ៧ ព្រមទាំងដាក់ឱ្យអនុវត្តនូវ App គាំទ្រដល់វិធីសាស្ត្រតាមដាន និងវាយតម្លៃលទ្ធផលនៃការបណ្ដុះបណ្ដាលនេះ ដើម្បីរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍ដល់កម្មករនិយោជិតតាមរោងចក្រ។
លោក គឹម បញ្ញា តំណាងអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំប្រទេសកម្ពុជា (AIP Foundation) ថ្លែងថា ក្រុមអ្នកបើកបររថយន្តដឹកកម្មករគោលដៅដែលនឹងត្រូវបណ្ដុះបណ្ដាលគឺស្ថិតនៅរាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដកំពង់ស្ពឺ ខេត្ដកំពង់ឆ្នាំង ខេត្ដកំពង់ចាម ខេត្ដស្វាយរៀង និងខេត្ដតាកែវ។ ប៉ុន្ដែអង្គការក៏មានគម្រោងពង្រីកការបណ្ដុះបណ្ដាលនេះទៅដល់បណ្ដាខេត្ដផ្សេងទៀតផងដែរនាពេលខាងមុខ។
លោកបន្តថា ការបណ្ដុះបណ្ដាលនេះ គឺផ្ដោតលើខ្លឹមសារចំនួន ២ ធំ គឺទី ១ ការបើកបរដោយសុវត្ថិភាព និងទី ២ ការបើកបរដោយសេដ្ឋកិច្ចភាព។ ការបើកបរដោយសុវត្ថិភាពនេះគឺទាក់ទងនឹងការគោរពច្បាប់ ការត្រួតពិនិត្យយានយន្តមុនពេលចេញដំណើរ និងការស្គាល់ពីដែនងងឹតជាដើម។
ចំណែកការបើកបរដោយសេដ្ឋកិច្ចភាពផ្ដោតលើចំណុចសំខាន់ចំនួន ២ គឺទី១ ការបើកបរដោយចំណេញប្រេងឥន្ធនៈ និងទី២ ការបើកបរដោយធ្វើយ៉ាងណាជួយកាត់បន្ថយការបំពុលបរិស្ថានដែលកើតចេញពីផ្សែងរថយន្តចាស់ៗ។ វគ្គបណ្ដុះបណ្ដាលនេះនឹងបង្ហាញដល់ អ្នកបើកបរអំពីកត្ដាដែលជះឥទ្ធិពល និងបច្ចេកទេសលើការសន្សំសំចៃប្រេងឥន្ធនៈ និងការកាត់បន្ថយការបំពុលបរិស្ថាន។
លោកថ្លែងថា៖ «ក្រោយការបណ្ដុះបណ្ដាលនេះអ្នកបើកបររថយន្តដឹកកម្មករនឹងកាន់តែយល់ដឹងអំពីច្បាប់អំពីបច្ចេកទេសក្នុងការបើកបរអំពីការបើកបរយ៉ាងណាដើម្បីឱ្យមានសុវត្ថិភាព ក៏ដូចជាការត្រួតពិនិត្យយានយន្តមុនពេលធ្វើដំណើរ ហើយដែលជាលទ្ធផលអ្នកបើកបរអាចផ្ដល់សេវាដឹកជញ្ជូនកម្មករនិយោជិតប្រកបដោយសុវត្ថិភាព ពុំសូវជួបគ្រោះថ្នាក់ ឬពុំមានគ្រោះថ្នាក់អ្វីសោះ»។
លោកថា តាមរយៈការបណ្ដុះបណ្ដាលនេះក៏ជួយដល់អ្នកបើកបររថយន្តដឹកកម្មករបានចំណេញលើការសន្សំសំចៃប្រេងឥន្ធនៈ ឬក៏ប្រាក់ចំណូលផងដែរ។ តាមរយៈចំណុចនេះអង្គការសង្ឃឹមថា អ្នកបើកបរអាចពិចារណាលើការប្ដូររថយន្តដឹកកម្មករ ព្រោះថា រថយន្តដែលពួកគាត់ប្រើរាល់ថ្ងៃនេះជាប្រភេទរថយន្តដឹកទំនិញចាស់ៗ ស៊ីប្រេងឥន្ធនៈខ្លាំង។ ដូច្នេះពួកគាត់អាចប្ដូររថយន្ត ឬបើមិនប្ដូររថយន្តទេក៏អាចកាត់បន្ថយនូវចំនួននៃការដឹកកម្មករ-និយោជិតពីការផ្ទុកចំនួនច្រើនមកតិចវិញ។
លោកបន្តថា៖ «ការបណ្ដុះបណ្ដាលនេះ យើងសង្ឃឹមថាជួយដល់ការកាត់បន្ថយការបំពុលបរិស្ថាន។ ដោយសារថារថយន្តដឹកកម្មករសព្វថ្ងៃនេះ ជាប្រភេទរថយន្តចាស់ៗ មានអាយុកាលប្រើប្រាស់ច្រើនឆ្នាំ រហូតដល់ ២០ ឆ្នាំ ក៏មាន ដែលបញ្ចេញផ្សែងបំពុលបរិស្ថានខ្លាំង។ ដូច្នេះសង្ឃឹមថា អ្នកបើកបររថយន្តដឹកកម្មករនឹងចូលរួមកាត់បន្ថយការប្រើប្រាស់រថយន្តចាស់ៗបន្តទៀត»។
ចំណែកការដាក់បង្កើត និងអនុវត្តនូវ App ដែលគាំទ្រដល់វិធីសាស្ត្រក្នុងការតាមដាន និងវាយតម្លៃលទ្ធផលនៃការបណ្ដុះបណ្ដាលនេះ គឺគាំទ្រដល់វិធីសាស្ត្រក្នុងការតាមដាន និងវាយតម្លៃលទ្ធផលនៃការបណ្ដុះបណ្ដាល។ លោកថ្លែងថា ជាការពិតអង្គការមានវិធីសាស្ដ្រក្នុងការវាយតម្លៃដោយដៃ ឬដោយភ្នែកក៏ប៉ុន្ដែការបង្កើត App គឺដើម្បីធ្វើយ៉ាងណាឱ្យការវាយតម្លៃកាន់តែច្បាស់លាស់លើប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាលថាតើអ្នកបើកបររថយន្ត ដឹកកម្មករដែលទទួលបានការបណ្ដុះបណ្ដាលនេះមានការយល់ដឹងកើនឡើងហើយមានការកែប្រែឥរិយាបថដែរឬទេ?
លោក បញ្ញា បានបញ្ជាក់ថា៖ «ជួនកាលនៅពេលដែលគាត់រាយការណ៍ ឬនៅពេលដែលយើងចុះទៅជាមួយគាត់ យើងឃើញមានការកែប្រែ។ ប៉ុន្ដែក្នុងឥរិយាបថជាក់ស្ដែង ពេលដែលយើងមិនទៅ គាត់អាចនឹងមិនកែប្រែ។ ដូច្នេះApp នេះគឺជួយឱ្យយើងដឹងថា អ្នកបើកបររថយន្តដឹកកម្មករនោះប្រើប្រាស់ល្បឿនលឿនទេ គាត់ចាប់ហ្វ្រាំងយ៉ាងម៉េចជាដើម»។
លោកបានឱ្យដឹងថា បច្ចុប្បន្នក្រុមការងារកំពុងកែសម្រួលមេរៀនសម្រាប់ការបណ្ដុះបណ្ដាលស្ទើរតែបញ្ចប់ទាំងស្រុងហើយនឹងគ្រោងធ្វើការបណ្ដុះបណ្ដាលរំឭកឡើងវិញដល់គ្រូបង្គោលដែលជាមន្ដ្រីមកពីស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ និងនៅតាមអង្គភាពរាជធានី-ខេត្ដពាក់ព័ន្ធនាពាក់កណ្ដាល ខែវិច្ឆិកា និងឈានទៅបណ្ដុះបណ្ដាលដល់អ្នកបើកបររថយន្តដឹកកម្មករនៅចុងខែវិច្ឆិកាឆ្នាំ ២០២១ នេះ។
លោកថ្លែងថា៖ «យើងនឹងពិនិត្យមើលថា តើខេត្ដគោលដៅណាដែលការដាក់កំហិតទាក់ទងនឹងការជួបជុំ មិនតឹងតែងខ្លាំង ដែលអាចផ្ដល់លទ្ធភាពដល់យើងក្នុងការបណ្ដុះបណ្ដាលបានដោយផ្ទាល់ យើងនឹងចាប់ផ្ដើមទៅខេត្ដនោះមុន។ យើងសង្ឃឹមថាវគ្គបណ្ដុះបណ្ដាលនេះ បើសិនជាមិនមានបញ្ហាកូវីដ ១៩ នៅក្នុងសហគមន៍ទេ យើងនឹងអាចបញ្ចប់នៅត្រឹមខែមីនា ឆ្នាំ ២០២២»។
លោក ចាយ សំណាង អនុប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណ:នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ថ្លែងនៅថ្ងៃទី ២៧ តុលាថា ប.ស.ស គាំទ្រចំពោះសកម្មភាពបណ្ដុះបណ្ដាលដល់អ្នកបើកបររថយន្តដឹកកម្មករដែលអង្គការ AIP Foundation បានរៀបចំឡើងនេះ។ លោកថា ប.ស.ស ក៏មានកម្មវិធីបណ្ដុះបណ្ដាលបែបនេះដល់អ្នកបើកបររថយន្តដឹកកម្មករនៅទូទាំងប្រទេស តាំងពីឆ្នាំ ២០១៨-២០១៩ កន្លងមកដែរ។
លោកថ្លែងថា៖ «ការបណ្ដុះបណ្ដាលនេះ វាជាការណ៍មួយល្អ ព្រោះអ្វីដែលធ្វើនេះគឺក្នុងគោលដៅរួម គឺយើងធ្វើយ៉ាងម៉េចដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសដល់បងប្អូនកម្មករដែលគាត់ធ្វើដំណើរតាមរថយន្តដឹកកម្មករ។ រឿងនេះរដ្ឋាភិបាលយើងក៏ធ្វើ អង្គការក៏ធ្វើ»។
លោកថាស្ថានភាពគ្រោះថ្នាក់ចរាចរណ៍សម្រាប់កម្មករនិយោជិតក្នុងរយៈពេល ៩ ខែឆ្នាំ ២០២១ នេះ គឺមានការធ្លាក់ចុះ។ ប៉ុន្ដែអ្វីដែល ប.ស.ស នៅបន្តព្រួយបារម្ភនោះគឺករណីអ្នកបើកបររថយន្តដឹកកម្មករ គឺតែងតែមានការផ្លាស់ប្ដូរថ្មីជាប្រចាំ ដែលទាមទារឱ្យមានការតាមដាន និងការបណ្ដុះបណ្ដាលជាប់ជាប្រចាំ។ តាមរបាយការណ៍សន្តិសុខសង្គមរបស់ ប.ស.ស នាពេលថ្មីៗនេះបានឱ្យដឹងថា នៅក្នុងចំណោមរថយន្តដែលកំពុងផ្តល់សេវាដឹកជញ្ជូនកម្មករទៅមកបំពេញការងារក្នុងឆ្នាំ ២០១៩ មានប្រមាណ ៦០% គឺជារថយន្តប្រភេទដឹកទំនិញ៕