ភ្នំពេញៈ កម្ពុជាមានទុងប្រផេះដែលជាប្រភេទសត្វកម្រចំនួន ១ ៥០០គូ ស្មើនឹង ៣០ភាគរយ នៃចំនួន ទុងប្រផេះសរុបទូទាំងពិភពលោក។
ទុងប្រផេះ មានឈ្មោះជាភាសាអង់គ្លេស Spot-billed Pelican និង ឈ្មោះវិទ្យាសាស្រ្ត Pelecanus philippensis។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បរិស្ថាន សរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៩ ខែតុលា ថា ទុងប្រផេះជាប្រភេទសត្វកម្រនិងទទួលរងការគំរាមកំហែងលើពិភពលោកក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) ហើយបក្សីប្រភេទនេះមានវត្តមាននៅប្រទេស នេប៉ាល់ ឥណ្ឌូនេស៊ី ថៃ វៀតណាម ឡាវ និងមានកន្លែងបន្តពូជតែនៅឥណ្ឌា ស្រីលង្កា និងកម្ពុជាប៉ុណ្ណោះ។ ប្រទេសកម្ពុជា គឺជាជម្រកពងកូនរបស់វាចុងក្រោយបំផុតតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ។
លោកបន្តថា កត្តាគំរាមកំហែងសំខាន់ៗទៅលើបក្សីប្រភេទនេះគឺការប្រមាញ់ និងប្រមូលពងកូនពីកន្លែងបន្តពូជ ការជួញដូរ ការបាត់បង់ទីជម្រក និងការរំខានដោយសកម្មភាពមនុស្ស។
លោក នេត្រ ភក្ត្រា សរសេរថា៖ «ប្រភេទទុងប្រផេះនេះ ត្រូវបានការពារយ៉ាងតឹងរ៉ឹងនៅតាមតំបន់ការពារធម្មជាតិ ដោយមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន និងអង្គការដៃគូ WCS (អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា) ជាពិសេស កន្លែងបន្តពូជពងកូន នៅតំបន់រ៉ាមសារព្រែកទាល់ ហើយក៏បាននិងកំពុងអនុវត្តកម្មវិធីពិនិត្យ អង្កេត តាមដានពីបម្រែបម្រួលចំនួនប្រភេទនេះផងដែរ ដែលបច្ចុប្បន្នមានចំនួនសរុប ១៥០០គូ ដែលចំនួននេះស្មើនឹង ៣០ភាគរយ នៃចំនួនសរុបទូទាំងពិភពលោក។ ទុងប្រផេះ នៅលើពិភពលោក ត្រូវបានប៉ាន់ស្មានថាមានចន្លោះពី ៨៧០០ ទៅ ១២០០០ ក្បាល»។
ទុងប្រផេះ មានប្រវែងខ្លួនពី ១២៧សង់ទីម៉ែត្រ ទៅ ១៤០សង់ទីម៉ែត្រ។ នៅពេលបន្តពូជ វាមានមាឌធំ ខ្លួនសប្រផេះ ចំពុះធំវែង ដែលចំពុះក្រោមរាងជាថង់ និងមានអុជៗខ្មៅពាសពេញ។ ពេលពេញវ័យ នៅលើចំពុះ និងថង់មិនមានអុជៗខ្មៅទេ។ ទីជម្រករបស់វាគឺរស់នៅតាមបឹង ត្រពាំង តាមមាត់សមុទ្រ ស្ទឹងធំៗ វាលភក់ តំបន់វាលទំនាប។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា វាមានបនា្ទយពងកូនតែមួយគត់នៅកម្ពុជាគឺ តំបន់រ៉ាមសារព្រែកទាល់ ហើយក៏ជាកន្លែងបន្តពូជពងកូនចុងក្រោយបំផុតរបស់បក្សីប្រភេទនេះ នៅតំបន់អាស៊ីអាគ្នេយ៍។ រដូវបន្តពូជរបស់វាគឺចាប់ពីខែវិច្ឆិកា ដល់ ខែឧសភា មានពងពី ៣ ទៅ ៤។
បន្ទាប់ពីបន្តពូជពងកូននៅតំបន់បឹងទន្លេសាប បក្សីប្រភេទនេះបាននាំកូនចៅផ្លាស់ទី រាយប៉ាយទៅកាន់តំបន់ដីសើមផ្សេងៗទៀតក្នុងប្រទេស និងមួយចំនួនរាយប៉ាយដល់ប្រទេសជិតខាង ដើម្បីរស់នៅ និងរកចំណី និងត្រឡប់មកកាន់តំបន់បឹងទន្លេសាបវិញនៅរដូវបន្តពូជ៕
វីដេអូ៖