ភ្នំពេញៈ មន្ត្រីក្រសួងបរិស្ថានបានឱ្យដឹងថា ស្វាត្រោសដែលជាប្រភេទសត្វកម្រមានចំនួនកើនឡើងរហូតដល់ទៅជាង ២ ០០០ ក្បាលក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគិរី ខណៈចំនួនស្វាត្រោសលើពិភពលោកមានការថយចុះ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី ៣០ ខែតុលា ថា ខណៈការវាយតម្លៃរួមថាចំនួនស្វាត្រោសនៅលើពិភពលោកមាននិន្នាការធ្លាក់ចុះ ប៉ុន្តែសម្រាប់នៅកម្ពុជា របាយការណ៍សិក្សាបានឱ្យដឹងថាសត្វស្វាត្រោសនៅក្នុងតំបន់ការពារធម្មជាតិ មានចំនួនកើនឡើងក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។
លោក ភក្ត្រា បន្តថា កំណើននៃប្រភេទសត្វស្វាត្រោសបានបង្ហាញពីភាពជោគជ័យនៃការអនុវត្តផែនការការពារ និងអភិរក្សដែនជម្រកសត្វព្រៃដែលជាផ្នែកមួយគាំទ្រថវិកាដែលបានមកពីការលក់ឥណទានកាបូននៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ាដែលប្រើប្រាស់ ដើម្បីគាំទ្រលើការអភិរក្សធនធានធម្មជាតិ និងពង្រឹងជីវភាពសហគមន៍តាមរយៈការអនុវត្តគម្រោងអភិវឌ្ឍន៍មូលដ្ឋាន និងផ្តល់ជម្រើសមុខរបរថ្មីៗដល់ពលរដ្ឋក្នុងសហគមន៍តំបន់ការពារធម្មជាតិ។
លោកសរសេរថា៖ «ការណ៍នេះធ្វើឱ្យយើងការពារបានប្រសើរនូវទីជម្រក ប្រភពទឹក និងកន្លែងរកចំណី និងកាត់បន្ថយបាននូវកត្តាគំរាមកំហែងផ្សេងៗ។ យោងតាមរបាយការណ៍សិក្សាធ្វើឡើងដោយក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ឆ្នាំ ២០២០ គ្រាន់តែនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ាចំនួនស្វាត្រោសបានកើនឡើងពី ៧៣៣ ក្រុមនៅឆ្នាំ ២០១០ ដល់ ១៤៧៣ ក្រុមនៅឆ្នាំ ២០២០ ដែលមានចំនួនចន្លោះពី ១១២២ ដល់ ២០៨៨ ក្បាល»។
លោក ភក្ត្រា បន្ថែមថា ស្វាត្រោសជាប្រភេទសត្វពានរមានដោយបង្គួរ និងត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីអភិរក្សធម្មជាតិ (IUCN) ថាជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក។
ស្វាត្រោសត្រូវបានគេដឹងថាមានវត្តមាននៅប្រទេសចិនមានចំនួនប្រមាណ ១៧០០ ក្បាល និងនៅប្រទេសឥណ្ឌាចំនួនប្រមាណ ១៥០០ ក្បាល។ ប្រទេសថៃត្រូវបានគេជឿថាមានវត្តមានស្វាត្រោសច្រើនផងដែរ។
សត្វស្វាត្រោសរស់នៅតាមព្រៃស្រោង និងព្រៃល្បោះ ហើយរស់នៅជាហ្វូងពី ៥ ទៅ ៦ ក្បាល និងក្រុមធំ រហូតដល់ ៤០ ក្បាល។ ហ្វូងរបស់វាមិនរស់នៅកន្លែងណាមួយពិតប្រាកដទេ វាតែងតែដើរគ្រប់ទិសទីពេញព្រៃ។ ចំណីរបស់វាមានផ្លែឈើ ផ្កាឈើ គ្រាប់ធុញ្ញជាតិ និងសត្វល្អិត។ វារកចំណីនៅលើដើមឈើ និងនៅលើដី។
ស្វាត្រោសមានក្បាល ដងខ្លួន និងផ្នែកកន្ទុយមានពណ៌ចាស់ជាងផ្នែកចំហៀងនៃដងខ្លួន ដែលមានពណ៌ភ្លឺរលោង។ កន្ទុយមានប្រវែង ១/៣ នៃប្រវែងក្បាលដងខ្លួន ហើយមានកន្ទុយកោងជាទម្ពក់បះទៅលើ។ នៅលើក្បាលមានក្រយៅពណ៌ត្នោតចាស់ ដែលមានរោមខ្លីបះត្រង់ៗ មើលទៅរាងដូចមួកកាតឹប។
នៅជុំវិញមុខ វាមានរោមកញ្ចុំពណ៌ប្រផេះចាស់បះត្រង់ព័ទ្ធជុំវិញស្ទើរតែលុបបាត់ត្រចៀក។ ពណ៌សម្បុរស្វាត្រោសប្រែប្រួលទៅតាមអាយុ និងភេទ។ ទម្ងន់ស្វាញីតិចជាងពាក់កណ្តាលទម្ងន់ស្វាឈ្មោល។ ជាទូទៅ ស្វាត្រោសឈ្មោលជំទង់មានទម្ងន់ចន្លោះពី ១១ គីឡូក្រាម ទៅ ១៣,៥ គីឡូក្រាម៕