ភ្នំពេញៈ ក្រសួងសុខាភិបាលប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទស៊ីណូរ៉ាក់ ដូសទី១ និងដូសទី២ ជូនដល់កុមារអាយុ ៥ ឆ្នាំ ចាប់ទីថ្ងៃទី ១ ខែវិច្ឆិកា តទៅ។
ក្រសួងសុខាភិបាលបញ្ជាក់ក្នុងសេចក្តីជូនដំណឹងកាលពីយប់ថ្ងៃទី ៣០ ខែតុលាថា៖ «(ក្រសួងសុខាភិបាល) នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសទី១ និងដូសទី២ ដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនដល់កុមារ ដែលមានអាយុ ៥ ឆ្នាំ នៅរាជធានី-ខេត្តទាំង ២៥ ដែលនឹងចាប់ផ្តើមបើកយុទ្ធនាការចាប់ពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១ ដែលគម្លាតរវាងដូសទី១ និងទី២ គឺ ២៨ ថ្ងៃ»។
ក្រសួងបញ្ជាក់ថា អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌរាជធានី-ខេត្ត និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវចាត់ចែងរៀបចំការចាក់វ៉ាក់សាំងកូវីដ ១៩ ជូនដល់កុមារដែលមកចាក់វ៉ាក់សាំងទាំងអស់ឱ្យមានភាពរលូន និងគ្រប់គ្រងសណ្តាប់ធ្នាប់ និងអនុវត្តវិធានការសុខាភិបាល ដើម្បីការពារការចម្លងវីរុសកូវីដ ១៩ នៅតាមទីតាំងចាក់វ៉ាក់សាំងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ក្រសួងក៏បានណែនាំដល់ក្រុមគ្រូពេទ្យនៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ ១៩ ទាំងអស់ត្រូវយកចិត្តទុកដាក់ពិនិត្យសុខភាពកុមារទាំងមុន និងក្រោយការចាក់វ៉ាក់សាំងកូវីដ ១៩ ឱ្យបានត្រឹមត្រូវ។
ក្រសួងបញ្ជាក់ថា៖ «សូមអំពាវនាវដល់លោកអ៊ំ ពូ មីង ពុក ម៉ែ បងប្អូនទាំងអស់ សូមមេត្តាចូលរួម ដោយនាំកូនចៅ ចៅទួត ក្មួយៗ ដែលមានអាយុ ៥ ឆ្នាំ ទៅចាក់វ៉ាក់សាំងកូវីដ ១៩ នៅតាមទីតាំង និងកាលបរិច្ឆេទដែលបានកំណត់ឱ្យបានគ្រប់គ្នា»។
ក្រសួងបន្តថា ទោះបីជាបុគ្គលម្នាក់ៗបានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយក្តី ក៏ត្រូវបន្តអនុវត្តនូវវិធានការ «៣ ការពារ» (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ) និង «៣ កុំ (កុំទៅកន្លែង ដែលមានមនុស្សច្រើនកុះករ កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា)៕