ក្រចេះ: មេធាវី​ស្ម័គ្រចិត្ត​ «​សម្តេច​តេជោ សែន​» បានទទួល​ការពារ​ក្តី​ឱ្យ​កុមារី​រងគ្រោះ​ ២ ​រូប ​ដែល​រង​ការប្រើ​អំពី​ហិង្សា​ពី​សំណាក់​មេបញ្ជាការ​មូលដ្ឋាន​នៃ​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ខណៈ​ជន​ប្រព្រឹត្ត​ដែល​ត្រូវបាន​ឃាត់ខ្លួន​បាន​ស្នើសុំ​សម្របសម្រួល​ជាមួយ​ម្តាយ​ក្មេងស្រី​រងគ្រោះ ដោយ​ផ្តល់ប្រាក់​ ២ ​ម៉ឺន​ដុល្លារ ប៉ុន្តែ​ត្រូវបាន​បដិសេធ​។

យោង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី បានឱ្យដឹងថា ពាក់ព័ន្ធ​ករណីនេះ មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ បាននិង​កំពុង​ធ្វើការ​ស៊ើបអង្កេត​បឋម​តាម​នីតិវិធី ដោយមាន​ការដឹកនាំ និង​សម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ​។ ក្មេងស្រី​ដែល​រង​ការប្រើ​អំពើហិង្សា​បច្ចុប្បន្ន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

លោក អេង ហ៊ី បញ្ជាក់ថា​៖ «​ឈ្មោះ​ ទេព ហ៊ុយ ភេទ​ប្រុស អាយុ​ ៤២ ​ឆ្នាំ​ ឋានន្តរស័ក្តិ​វរសេនីយ៍ត្រី មុខងារ​មេបញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ត្រូវបាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​ ៣០ ខែតុលា ឆ្នាំ​ ២០២១ មូលហេតុ បុគ្គល​នេះ​បាន​ប្រព្រឹត្ត​អំពើហិង្សា​ទៅលើ​ក្មេងស្រី​ដែលជា​កូនឈ្នួល​ (​អ្នកបម្រើ​នៅផ្ទះ​)​។ ទន្ទឹមនឹងនោះ ក៏បាន​ឃាត់ខ្លួន​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ផងដែរ​»​។

ក្រុម​មេធាវី​ស្ម័គ្រចិត្ត​ «​សម្តេចតេជោ សែន​» បានទទួល​ការពារ​ក្តី​ក្នុង​សំណុំ​រឿងនេះ ដោយសារ​មាន​ការស្នើសុំ​ពី​ម្តាយ​ជនរងគ្រោះ ជាពិសេស​អ្នករងគ្រោះ​ជា​ក្មេងស្រី​ទន់ខ្សោយ​។

ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​ «​សម្តេច​តេជោ សែន​» លោក គី តិច ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ៣១ ​តុលា ពី​មូលហេតុ​ដែល​ទទួល​ការពារ​រឿងក្តី​នេះ​ថា ទី​១ ជា​សំណូម​របស់លោក​មេឃុំ និង​ម្តាយ​កុមារី​រងគ្រោះ​ទី២ គ្រួសារ​ជនរងគ្រោះ​មាន​ជីវភាព​ទន់ខ្សោយ​ ទី​៣ ​ជនរងគ្រោះ​ជា​អនីតិជន​ និង​ជា​ស្ត្រី​ទី​៤ ជនរងគ្រោះ​ត្រូវបាន​បំពាន​ដោយ​បុគ្គល​មានអំណាច​ និង​ចំណុច​ទី​៥ គឺ​ជនរងគ្រោះ ខ្វះ​ការការពារ​សិទ្ធិ​តាម​ផ្លូវច្បាប់​។ ក្នុង​ដំណើរ​រឿងក្តី​នេះ លោក​បាន​ចាត់​មេធាវី ២ ​រូប ឱ្យទទួល​ការពារ​ជនរងគ្រោះ និង​គ្រួសារ​ជនរងគ្រោះ​។

លោក គី តិច ឱ្យដឹង​ដែរ​ថា សំណុំ​រឿងនេះ​កំពុងស្ថិត​ក្នុង​សមត្ថកិច្ច នគរបាល​យុត្តិធម៌​។ លោក​ថា​៖ «​នគរបាល​យុត្តិធម៌ តំណាង​អយ្យការ និង​តុលាការ​មាន​សមត្ថកិច្ច​ក្នុង​ចំណាត់ការ​នេះ ឯ​មេធាវី​មាន​ភារកិច្ច តាមមើល​ការអនុវត្ត​ច្បាប់ និង​ការពារ​ជនរងគ្រោះ​តាមផ្លូវ​ច្បាប់​»​។

ក្មេងស្រី​រងគ្រោះ​ទាំង​ ២ ​នាក់​មានឈ្មោះ​ ត្រែក ធារ៉ា អាយុ​ ១២ ​ឆ្នាំ​ និង​ឈ្មោះ​ វ៉ន ពិសី អាយុ​ ១២ ​ឆ្នាំ ត្រូវជា​បងប្អូនជីដូន​មួយ​នឹង​គ្នា រស់នៅ​ភូមិ​កញ្ជរ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ និង​បានមក​ស៊ីឈ្នួល​បម្រើ​នៅផ្ទះ​មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ក្រចេះ ក្នុង​មួយខែ​ថ្លៃឈ្នួល​ ១០០ ​ដុល្លារ​។ ករណី​វាយ​ធ្វើបាប និង​ធ្វើ​ទារុណកម្ម​លើ​ក្មេងស្រី​ទាំង​ ២ ​នាក់​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​ ២៧ ខែតុលា ឆ្នាំ​ ២០២១ ស្ថិតនៅ​ក្រុង​ក្រចេះ ខេត្តក្រចេះ​។

ក្មេងស្រី​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ ២ ​នាក់ ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​បាន​ថ្លែងថា​៖ «​ម្ចាស់​ប្រុស​ឈ្មោះ​ ទេព ហ៊ុយ គាត់​វៃ​ខ្ញុំ បន្ទាប់មក​គាត់​ហៅ​បងប្អូន​ខ្ញុំ​ម្នាក់ទៀត​ទៅជិត​គាត់ ហើយ​បោចសក់ និង​បោក​ក្បាល​នឹង​ឥដ្ឋ ហើយ​យក​ជើងម៉ាជ័រ​វៃ​ក្បាល​នាង​ថែម​ទាំង​ឱ្យ​ស៊ី​អាចម៍ឆ្កែ និង​ឱ្យ​ដេក​អោប​ផ្នូរខ្មោច​ឆ្កែ​ចំនួន​ ១ ​យប់​ទៀត​»​។ ក្មេងស្រី​រូបនេះ​បន្តថា​៖ «​ពេល​គាត់​ (​ទេព ហ៊ុយ​) ​វៃ​ខ្ញុំ​គាត់​យក​ជើង​ជាន់ក​ខ្ញុំ បន្ទាប់មក​មាន​កូនចៅ​គាត់​ម្នាក់​ពាក់អាវ​ពណ៌​ស គាត់​មក​ទះ​ខ្ញុំ​បី​កំប្លៀង​ទាំងសងខាង​»​។

ម្ដាយ​ក្មេងស្រី​រងគ្រោះ​បានឱ្យ​ដឹងថា ក្រោយ​កើតហេតុ​លោក ទេព ហ៊ុយ ចង់​ធ្វើការ​សម្របសម្រួល​ជាមួយ​គាត់​ក្នុង​ទឹកប្រាក់​តម្លៃ ២ ​ម៉ឺន​ដុល្លារ ដើម្បី​បញ្ចប់រឿង​។ ប៉ុន្តែ​អ្នកស្រី​បាន​បដិសេធ និង​អំពាវនាវ​រក​យុត្តិធម៌​តាម​​ផ្លូវច្បាប់​។

អ្នកស្រី​បញ្ជាក់ថា៖ «​គាត់​ថា ព្រមឱ្យ​ខ្ញុំ​ ២ ​ម៉ឺន​ដុល្លារ ឱ្យតែ​ខ្ញុំ​ព្រម​បញ្ចប់​ដក​ពាក្យបណ្តឹង ហើយ​គាត់​ព្រម​ទទួល​កំហុស និង​សុំទោស​។ តែ​ខ្ញុំ​ថា ខ្ញុំ​អត់​ចង់​បានទេ ហេតុ​អី​ប្រើ​អំពើហិង្សា​មកលើ​កូនខ្ញុំ​ទើបតែ​អាយុ ១២ ឆ្នាំ គ្នា​អត់​ទាន់​ដឹងអី ទោះ​ខុស​ប៉ុនណា ក៏​មិនគួរ​ធ្វើបាប​កូន​ខ្ញុំ​ដល់​ថ្នាក់​ហ្នឹង​ដែរ អ៊ីចឹង​ខ្ញុំ​សូម​ឱ្យ​មាន​ការជួយ​រក​យុត្តិធម៌​ទៅ​តាម​ច្បាប់ ព្រោះ​ខ្ញុំ​ជា​ជនក្រីក្រ ហើយ​ជា​ជនរងគ្រោះ​»​។

ប្រធាន​លេខាធិកា​រដ្ឋបាល​នៃ​សាលាដំបូង​ខេត្តក្រចេះ លោកស្រី ឆាន់ ស្រីមុំ បានឱ្យដឹងថា ក្នុង​ករណីនេះ ស្ថិត​នៅក្នុង​ដៃ​សមត្ថកិច្ច​នៅឡើយ មិនទាន់​បញ្ជូនមក​តុលាការ​ខេត្តក្រចេះ​នៅឡើយ​ទេ​។

បើ​យោង​សេចក្តី​ប្រកាស​ខាងលើ​បាន​ឱ្យដឹងថា​៖ «​កន្លងទៅ កងរាជអាវុធហត្ថ​បានដាក់​ចេញ​នូវ​ទិស​ស្លោក “​ចំពោះ​ប្រទេសជាតិ​ត្រូវតែ​ការពារ ចំពោះ​ប្រជាជន​ត្រូវតែ​បម្រើ ច្បាប់​ត្រូវតែ​គោរព បទល្មើស​ត្រូវតែ​បង្ក្រាប ជាមួយគ្នា​នោះដែរ ក្រោម​ការគ្រប់គ្រង ដឹកនាំ បញ្ហា​របស់​ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស​បុគ្គល​គ្រប់រូប ដែល​ប្រព្រឹត្ត​បទល្មើស​ត្រូវតែ​បង្ក្រាប និង​អនុវត្ត​តាមច្បាប់​»​។

ជាមួយ​គ្នា​នេះដែរ​គណៈកម្មការ​ការពារ​កុមារ​ថ្នាក់ជាតិ​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ (​ក.ជ.ក) បាន​ថ្កោលទោស​ដាច់​អហង្ការ មិនអាច​ទទួល​យក​បាន​ដាច់​ខាត់ ចំពោះ​ការប្រព្រឹត្ត​អំពើហិង្សា​ដោយ​ចេតនា​យ៉ាងឃោរឃៅ យង់ឃ្នង​ព្រៃផ្សៃ ​អមនុស្សធម៌ បែបនេះ​។ ក្នុង​សេចក្តី​ថ្លែងការណ៍​របស់ ក.ជ.ក ចុះ​ថ្ងៃទី​ ៣១ ខែតុលា សង្កត់ធ្ងន់​ថា​៖ «​ពិតជា​មាន​ក្តី​រន្ធត់ តក់ស្លុត​ឥតឧបមា​ និង​មាន​ការអាណិត​អាសូរ​ក្រៃលែង​ចំពោះ​កុមារី​ដ៏កម្សត់​ទាំង​ ០២ ​នាក់​នេះ ដែល​ទទួល​រងគ្រោះ​អំពើ​ហិង្សា​យ៉ាង​ព្រៃផ្សៃ អមនុស្សធម៌ និង​យល់ឃើញ​ថា អំពើ​នេះ បាន​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​កុមារ​ ជាពិសេស​សិទ្ធិ​ទទួលបាន​នូវ​កិច្ចការពារ ដែល​ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​ និង​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​»​។

ក.ជ.ក អំពាវនាវ និង​ទទូច​ដល់​សមត្ថកិច្ច​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ជាពិសេស ស្ថាប័ន​អយ្យការ​តុលាការ សូម​បន្ត​បណ្ដឹងអាជ្ញា​លើ​ករណី​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​នេះ ដើម្បី​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់ ដែលមាន​ជា​ធរមាន និង​ដាក់ទោស​យ៉ាង​តឹងរ៉ឹង​បំផុត​ចំពោះ​ជនល្មើស​នេះ ដើម្បី​កុំឱ្យ​អំពើ​ដ៏អាក្រក់​នេះ​កើន​មាន​ក្នុង​សង្គម​ជាតិ​យើង​បន្តទៀត​៕

វីដេអូ៖