ភ្នំពេញៈ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បានប្រកាស​បើក​ប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ ចាប់​ពី​ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ​តទៅ​ ស្រប​ពេលដែល​គ្រប់​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ទាំង​អស់ បាន​បើក​ដំណើរការ​នៅ​ថ្ងៃ​​ជា​មួយ​គ្នានេះដែរ។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​នា​ព្រឹក​ថ្ងៃទី ០១ ខែវិច្ឆិកា​នេះ ​ក្នុង​ពិធី​ប្រកាស​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី ០៦ ឆ្នាំ​ឡើង និង​ប្រកាស​បើក​យុទ្ធនា​ការ ចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ដល់​កុមារ​អាយុ ០៥ ឆ្នាំ។

លោក​មានប្រសាសន៍ថា៖ «នៅពេលនេះ ថ្ងៃនេះ​ យើង​ក៏ដូចជា​ចាប់ផ្តើម​នូវ​ការបើក​ប្រទេស​ឡើងវិញ បើទោះបីថា​យុទ្ធសាស្ត្រ​ទាក់ទង​នឹង​ការរៀបចំ​ដំណើរការ​នៃ​ការបើក​ប្រទេស​នេះ ត្រូវបាន​ទាក់ទិន​ជាមួយនឹង​ការអភិវឌ្ឍ​សង្គម​របស់​យើង យើង​នឹងដាក់​បន្ថែម​នៅពេល​ក្រោយ»។

លោកនាយក​រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា កម្ពុជា​បានធ្វើការ​សាកល្បង​រួចមកហើយ​ កាលពី​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ទាក់ទិន​នឹង​ការសាកល្បង​ដ៏​ធំ ហើយ​បន្ទាប់​ពី​ការសាកល្បង​នេះ​ ក៏​អាចឱ្យ​មានការ​វាយតម្លៃ​បាន​ ថា​តើ​គួរតែ​ទៅមុខ​ឬ​ទៅក្រោយ។

លោក​មានប្រសាសន៍ថា៖ «នៅក្នុង​បញ្ហា​នេះ យើង​បានកំណត់​តាំងពី​ដើមទី​ថា​ នៅពេល​ដែលមាន​វ៉ាក់សាំង យើង​កំណត់​ការចាក់​វ៉ាក់សាំង ​គឺជា​គន្លឹះ​សំខាន់ ​បន្ទាប់ពី​វិធាន​ការដែល​យើង​បានធ្វើ​កន្លងទៅ គឺ​ការរុករក ការធ្វើ​តេស្ត ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ការព្យាបាល»៕

វីដេអូ៖