ភ្នំពេញៈ កម្ពុជា-វៀតណាមបានវាយតម្លៃខ្ពស់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ការពារជាតិដើម្បីថែរក្សាឱ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខជាមួយគ្នា ខណៈភាគីទាំង ២ បានលើកទឹកចិត្តឱ្យគណៈកម្មការចម្រុះកិច្ចការព្រំដែននៃប្រទេសទាំង ២ បន្តកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ និងធ្វើការពិភាក្សាគ្នាឱ្យបានសកម្ម ដើម្បីស្វែងរកដំណោះស្រាយអាចទទួលយកបានចំពោះខ្សែបន្ទាត់ព្រំដែននៅសេសសល់ប្រមាណ ១៦%។
តាមរបាយការណ៍លទ្ធផលកិច្ចប្រជុំលើកទី ១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម ក្រោមអធិបតីភាព លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា និងលោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃសាធារណរដ្ឋសង្គមនិយមវៀតណាមតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ នេះ។
កិច្ចប្រជុំនេះបានធ្វើឡើងដោយអនុវត្តតាមស្មារតីកិច្ចប្រជុំលើកទី ១០ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា និងវៀតណាមកាលពីថ្ងៃទី ៩-១០ ខែមករា ឆ្នាំ ២០១៩ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។ កិច្ចប្រជុំលើកទី ១១ នេះក៏បានប្រព្រឹត្តទៅដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួននៃប្រទេសទាំង ២ និងបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម។
កិច្ចប្រជុំបានប្រព្រឹត្តដោយភាគីទាំង ២ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបន្តថែរក្សាទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមក៏ដូចជាពង្រឹងពង្រីកចំណងទំនាក់ទំនងក្នុងលក្ខណៈ «ភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរ រឹងមាំយូរអង្វែងរវាងកម្ពុជា និងវៀតណាម»។
«ភាគីទាំង ២ ក៏បានអបអរសាទរពិធីផ្លាស់ប្តូរលិខិតូបករណ៍សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ និងពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ហើយបានស្វាគមន៍ ចំពោះពិធីផ្លាស់ប្ដូរផែនទីឋានលេខា ព្រំដែនកម្ពុជា-វៀតណាម ខ្នាត ១/២៥ ០០០ រវាងគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំង ២ ព្រមទាំងលើកទឹកចិត្តឱ្យគណៈកម្មការចម្រុះកិច្ចការព្រំដែននៃប្រទេសទាំង ២ បន្តកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ និងធ្វើការពិភាក្សាគ្នាឱ្យបានសកម្ម ដើម្បីស្វែងរកដំណោះស្រាយអាចទទួលយកបានចំពោះខ្សែបន្ទាត់ព្រំដែននៅសេសសល់ប្រមាណ ១៦%»។ នេះបើតាមរបាយការណ៍កិច្ចប្រជុំ។
លោក ស ខេង ថ្លែងថា៖ «កិច្ចប្រជុំលើកទី ១១ នាពេលនេះបានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជាទីមោទនៈក្នុងបរិយាកាសយ៉ាងស្និទ្ធស្នាល សាមគ្គីភាព មិត្តភាព ជាប្រពៃណី ក្នុងស្មារតីជួយគ្នាទៅវិញទៅមក ក្នុងលក្ខណៈជាប្រទេសជិតខាងដ៏ល្អ»។
លោក ផាម ប៊ិញមិញ បានថ្លែងថា៖ «លទ្ធផលទទួលបានក្នុងកិច្ចប្រជុំលើកទី ១១ នេះ គឺជាការបញ្ជាក់ឱ្យឃើញពីការប្ដេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលប្រទេសទាំង ២ ក៏ដូចជា បណ្ដាខេត្តជាប់ព្រំដែនរវាងវៀតណាម-កម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការតាមតំបន់ព្រំដែន វៀតណាម-កម្ពុជា»។
បើតាមរបាយការណ៍កិច្ចប្រជុំភាគីទាំង ២ ក៏បានពិភាក្សាអំពីរបៀបវារៈសំខាន់ៗ ដូចជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស និងរវាងខេត្តជាប់ព្រំដែន តាមរយៈការរៀបចំឱ្យមានជំនួបប្រាស្រ័យសន្ទនាតាមទូរស័ព្ទ ពិគ្រោះពិភាក្សាតាមប្រព័ន្ធវីដេអូ ដោយបានលើកទឹកចិត្តបង្កើនការវិនិយោគ បន្តឧបត្ថម្ភគាំទ្រដល់បណ្ដាខេត្តជាប់ព្រំដែន និងបង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតសំដៅដោះស្រាយឱ្យបានទាន់ពេលវេលានូវបញ្ហាប្រឈម និងសំណូមពរចាំបាច់ជាក់ស្ដែងនានា។
ភាគីទាំង ២ បានវាយតម្លៃខ្ពស់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ការពារជាតិ ដើម្បីថែរក្សាឱ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខរបស់ប្រទេសនីមួយៗ។ ជាមួយគ្នានេះក៏បានអបអរសាទរការប្រារព្ធពិធីសម្ពោធដាក់ឱ្យដំណើរការជាបណ្ដោះអាសន្នច្រកទ្វារព្រំដែន អន្តរជាតិម៉ឺនជ័យតឺនណាមក្នុងកម្រិតថ្នាក់ខេត្តរវាងខេត្តព្រៃវែង និងខេត្តតៃនិញ និងបានឯកភាពរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ច្រកទ្វារអន្តរជាតិនេះជាមួយនឹងបណ្តាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចនៃប្រទេសនីមួយៗ។
ភាគីទាំង ២ ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការដឹកជញ្ជូនផ្លូវគោកឆ្លងកាត់ព្រំដែន ការទិញលក់អគ្គិសនី ការប្រើប្រាស់ទឹក និងការផ្ដល់សេវាសុខាភិបាលដល់ប្រជាជន។ ភាគីទាំង ២ ក៏ឯកភាពដំណើរការអនុវត្តឱ្យមានប្រសិទ្ធភាព កិច្ចព្រមព្រៀងស្ដីពីវិស័យ ចត្តាឡីស័កសុខាភិបាលព្រំដែន ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០០៦ និងបន្តជំរុញរដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម អនុវត្តឱ្យបានម៉ឺងម៉ាត់ទៅតាមវិធានការរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាលនៃប្រទេសទាំង ២ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវនានាចូលទៅក្នុងសហគមន៍នៃប្រទេសទាំង ២។
ភាគីទាំង ២ លើកទឹកចិត្តឱ្យបណ្តាខេត្តជាប់ព្រំដែនឱ្យបន្តកិច្ចសហប្រតិបត្តិការលើវិស័យនានាជាអាទ៍វិស័យអប់រំ វប្បធម៌ កីឡា យុត្តិធម៌ ឧស្សាហកម្ម បច្ចេកវិទ្យា នវានុវត្តន៍ បណ្តុះបណ្តាលធនធានមនុស្ស បណ្តុះបណ្តាលវិជ្ជាជីវៈ ព័ត៌មាន ប្រៃសណីយ៍ ទូរគមនាគមន៍ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍៕