សៀមរាបៈ អង្គការមូលនិធិទំពាំងស្នងឫស្សី សហការជាមួយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ហៅកាត់ថា CATA បានបើកយុទ្ធនាការសម្អាតបរិស្ថាន ប្រមូលសំណល់ប្លាស្ទិកនៅតាមបឹងទន្លេសាបនៅខេត្តសៀមរាប ដើម្បីលើកកម្ពស់សោភណភាពការរស់នៅ និងបង្កើនការទាក់ទាញភ្ញៀវទេសចរទៅលេងសហគមន៍ដែលយុទ្ធនាការនេះនឹងចាប់ធ្វើឡើងពីថ្ងៃទី ៣១ ខែតុលា រហូតដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១ ចាប់ពីបរិវេណវត្តមេជ្រៃ ភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។
ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី លោក ស៊ា សុផល បានថ្លែងថា យុទ្ធនាការនៅឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ “ទន្លេសាបបៃតងស្អាត គ្មានប្លាស្ទិក” ដែលជាគម្រោងមួយក្នុងការបន្តជំរុញ និងលើកទឹកចិត្តដល់ប្រជាសហគមន៍ឱ្យចូលរួមសម្អាតសំណល់ប្លាស្ទិក និងទុកដាក់បែងចែកសំរាមប្លាស្ទិកឱ្យបានត្រឹមត្រូវ។
លោកថា៖ «ព្រោះទឹកទន្លេសាបចាប់ផ្តើមស្រកហើយយុទ្ធនាការឆ្នាំនេះ យើងបានសហការជាមួយក្រសួងទេសចរណ៍ និង CATA ដើម្បីបញ្ជ្រាបទេសចរណ៍បៃតងដល់ប្រជាសហគមន៍ហើយយុទ្ធនាការនេះយើងធ្វើបណ្តេញចាប់ពីសហគមន៍ មេជ្រៃ ចុងឃ្នៀស កំពង់ភ្លុក កំពង់ឃ្លាំង បឹងពារាំង និងផ្នែកខាងក្រោម នៃស្ទឹងសៀមរាប»។
លោកបន្តថា តាមរយៈយុទ្ធនាការនេះនឹងបង្កើនការយល់ដឹងបន្ថែមទៀត ដល់ប្រជាពលរដ្ឋក្នុងការទុកដាក់សំរាមប្លាស្ទិក ជាពិសេសបង្កើនចំណូលបន្ថែមដល់សហគមន៍។
លោកថា៖ «អ្វីដែលសំខាន់មិនត្រឹមតែសម្អាតប្លាស្ទិកស្អាតចេញពីបឹងទន្លេសាបទេ ក៏ដើម្បីសោភណភាពស្អាត ហើយគម្រោងនេះជួយសម្រួលនូវជីវភាពខ្វះខាតពលរដ្ឋដែរ ព្រោះគាត់ទទួលបានអង្ករ និងសម្ភារប្រើប្រាស់ផ្សេងទៀត ដោយសារគាត់ចូលរួមការទុកដាក់ប្លាស្ទិកបានត្រឹមត្រូវ»។
លោកបន្តថា៖ «ដើម្បីគាំទ្រគម្រោងសម្អាតប្លាស្ទិកនោះ យើងបានចែកអង្ករដល់បងប្អូននៅសហគមន៍មេជ្រៃចំនួន ៣៦០ គ្រួសារ ដោយក្នុងនោះមានការឧបត្ថម្ភចូលរួមពីបុរីប៉េងហួត គាត់បានផ្តល់អង្ករជិត ៤ តោន ចែកត្រីខ ទឹកស៊ីអ៊ីវ ដោយសារសហគមន៍គាត់ចូលរួមអនុវត្តបានល្អក្រោយពីបានចូលរួមសម្អាតប្លាស្ទិក ប្រចាំរដូវ គឺរដូវទឹកស្រក និងរដូវទឹកឡើងដែលនៅជាប់ដីនៅច្រាំងទន្លេ ហើយឥឡូវអត់មានប្លាស្ទិកទៀតទេ នៅសហគមន៍គាត់»។
លោកឱ្យដឹងទៀតថា ក្រៅពីការផ្តល់អំណោយលើកទឹកចិត្តទាំងនេះ មូលនិធិទំពាំងស្នងឫស្សី ក៏បានចែកការុងដល់ផ្ទះប្រជាពលរដ្ឋសម្រាប់ដាក់សំរាមប្លាស្ទិកផងដែរ។ បើតាមលោក សុផល គម្រោងនេះត្រូវបានចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ ២០១៨ មកម្ល៉េះ ដោយក្នុង ១ យុទ្ធនាការប្រមូលសំរាមប្លាស្ទិកបាន ២០ ទៅ ៣០ តោន។
លោកថា៖ «ដោយក្នុង ១ យុទ្ធនាការប្រមូលប្លាស្ទិកបានចំនួន ៤ ០០០ ទៅ ៥ ០០០ ការុង ចន្លោះពី ២០ ទៅ ៣០ តោនប្លាស្ទិកក្នុង ១ យុទ្ធនាការគឺអាចកៀរគរសហគមន៍ចូលរួមបានចន្លោះពី ៥ ០០០ ទៅ ៦ ០០០ នាក់»។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ហៅកាត់ GATA លោកស្រី ឆាយ ស៊ីវលីន បានថ្លែងថា យុទ្ធនាការនេះនឹងជួយរំដោះបឹងទន្លេសាប ដោយគ្មានប្លាស្ទិក ដែលជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរផងដែរ៕