ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញគ្រប់វិស័យចាប់ពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១ តទៅ ដោយយោងទៅលើកត្តាសំខាន់ចំនួន ៤ ហើយកម្ពុជាក៏គ្រោងនឹងដាក់ឱ្យប្រើប្រាស់នូវយុទ្ធសាស្ត្រជាតិនៃការបើកប្រទេសឡើងវិញឆាប់ៗនេះដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋដែលមានអាយុចាប់ពី ៦ ឆ្នាំឡើង និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ដល់កុមារអាយុ ៥ ឆ្នាំ។
លោកមានប្រសាសន៍ថា៖ «នៅពេលនេះ ថ្ងៃនេះយើងក៏ដូចជាចាប់ផ្តើមនូវការបើកប្រទេសឡើងវិញ បើទោះបីថា យុទ្ធសាស្ត្រទាក់ទងនឹងការរៀបចំដំណើរការនៃការបើកប្រទេសនេះត្រូវបានទាក់ទិនជាមួយនឹងការអភិវឌ្ឍសង្គមរបស់យើង យើងនឹងដាក់បន្ថែមនៅពេលក្រោយ»។
លោកបញ្ជាក់ទៀតថា កម្ពុជាបានធ្វើការសាកល្បងរួចមកហើយ កាលពីក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ទាក់ទិននឹងការសាកល្បងដ៏ធំ បន្ទាប់ពីការសាកល្បងនេះក៏អាចឱ្យមានការវាយតម្លៃបានថា តើគួរតែទៅមុខ ឬទៅក្រោយ?
លោកមានប្រសាសន៍ថា៖ «មានកត្តាចំនួន ៤ ដែលយើងអាចបើកប្រទេសឡើងវិញបាន ក្នុងនោះរួមមានការសម្រេចបានលទ្ធផលនៃការចាក់វ៉ាក់សាំងកូវីដ ១៩ រាជរដ្ឋាភិបាលបានពង្រឹង និងពង្រីកសមត្ថភាពក្នុងការព្យាបាលជំងឺកូវីដ ឆ្លងកាត់បទពិសោធនៃការគ្រប់គ្រង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងរបៀបគ្រប់គ្រងទប់ស្កាត់នៃជំងឺនេះក្នុងទ្រង់ទ្រាយធំ និងការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការការពារខ្លួន និងការព្យាបាលជំងឺកូវីដ ១៩»។
ទាក់ទងនឹងការចាក់វ៉ាក់សាំងលោក ហ៊ុន សែន បានលើកឡើងថា កម្ពុជាសម្រេចបានជោគជ័យលើការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញ ខណៈដែលប្រទេសមួយចំនួនមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ ផង តែកម្ពុជាបានចាក់ដល់ដូសទី ៣ បានជិត ២ លាននាក់ផងដែរ។ ការចាក់វ៉ាក់សាំងនេះធ្វើឱ្យកម្ពុជាមានអត្រាភាពសុំាក្នុងសហគមន៍ដែលអាចកាត់បន្ថយបាននូវអត្រាមរណភាព និងកាត់បន្ថយបាននូវអត្រាឈឺវិវត្តទៅធ្ងន់ធ្ងរ។
លោកបានថ្លែងថា៖ «សម្រាប់កត្តាទី២ គឺរាជរដ្ឋាភិបាលបានធ្វើការពង្រឹង និងពង្រីក ដើម្បីត្រៀមម្ចាស់ការក្នុងករណីដល់ការរីករាលដាលក្នុងទ្រង់ទ្រាយធំ ជាយថាហេតុ ហើយទន្ទឹមនឹងនេះ ឱសថដែលមានប្រសិទ្ធភាពសម្រាប់ព្យាបាលជំងឺកូវីដ ១៩ ក៏ត្រូវបានរកឃើញជាបន្តបន្ទាប់ និងត្រូវបានបើកទូលាយ សម្រាប់ផ្គត់ផ្គង់ជូនសេវាសុខាភិបាលទាំងសាធារណៈ និងឯកជន និងប្រជាពលរដ្ឋដែលអាចរកបានដោយងាយស្រួលនៅតាមឱសថស្ថាននានា»។
ពាក់ព័ន្ធឱសថនេះដែរ លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរ ពីការទិញថ្នាំសម្រាប់ព្យាបាលរបស់អាមេរិកចំនួន ៥ ម៉ឺននាក់ក្នុងម្នាក់មានតម្លៃ ៥០ ដុល្លារ។ មូលហេតុដែលនាំឱ្យលោកនាយករដ្ឋមន្ត្រីសម្រេចបើកប្រទេសឡើងវិញនេះដែរ ដោយសារតែកម្ពុជាឆ្លងកាត់នូវបទពិសោធកន្លងមកដែលធ្វើឱ្យអាជ្ញាធរមានសមត្ថកិច្ច មានការយល់ច្បាស់ពីជំងឺនេះ និងយល់ពីការទប់ស្កាត់ និងរបៀបគ្រប់គ្រងនៃជំងឺនេះក្នុងទ្រង់ទ្រាយធំ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ចំណែកចំណុចទី៤ គឺភាគច្រើនប្រជាពលរដ្ឋយល់ដឹងច្រើនពីជំងឺកូវីដ ១៩ ក៏ដូចជារបៀបការពារខ្លួន និងរបៀបនៃការរស់នៅជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី ព្រមទាំងរបៀបនៃការព្យាបាលជំងឺកូវីដ ១៩ កម្រិតស្រាលនៅផ្ទះដោយខ្លួនឯង»។
ដោយឡែកទាក់ទងនឹងការធ្វើចត្តាឡីស័កវិញលោកនាយករដ្ឋមន្ត្រីបានលើកឡើងពីចំនួនរយៈពេលនៃការធ្វើចត្តាឡីស័កអ្នកដំណើរមកពីប្រទេសថៃ ដែលបានចាក់វ៉ាក់សាំងរួចអាចនឹងតម្រូវបន្ថយចំនួនថ្ងៃចុះទៀត ដោយលោកមានបំណងបន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កមកតិចជាងនេះទៀត។
លោកមានប្រសាសន៍ថា៖ «នៅតាមទល់ដែន យើងបានបញ្ចុះការធ្វើចត្តាឡីស័កពី ១៤ ថ្ងៃមកនៅ ៧ ថ្ងៃ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងបាន ២ ដូសហើយ។ ប៉ុន្តែយើងក៏នៅបន្តឱ្យធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ សម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង។ ចំនួននេះយើងនឹងបន្តតាមដានទៀតហើយអ្វីដែលខ្ញុំចង់គឺអាចនឹងចុះក្រោមនេះទៀត»។
សម្រាប់អ្នកធ្វើធុរកិច្ចអ្នកការទូត និងគណៈប្រតិភូកម្ពុជាទៅបរទេសហើយត្រឡប់មកកម្ពុជាវិញ តម្រូវឱ្យធ្វើចត្តាឡីស័កតែ ៣ ថ្ងៃទេ។
មួយវិញទៀត លោក ហ៊ុន សែន បានអនុញ្ញាតឱ្យមន្ត្រីសុខាភិបាល ធ្វើការសម្រេចដោយខ្លួនឯងសម្រាប់អ្នកធុរកិច្ច និងប្រជាពលរដ្ឋខ្មែរដែលមកពីក្រៅប្រទេស ដែលមានលទ្ធភាពធ្វើចត្តាឡីស័កនៅផ្ទះ អាចអនុញ្ញាតបាន។
លោកបានថ្លែងថា៖ «ចាប់ពីពេលនេះអ្នកណាដែលមានលទ្ធភាពធ្វើចត្តាឡីស័កនៅផ្ទះ អាចឱ្យធ្វើបានដោយមិនចាំបាច់សុំអនុញ្ញាតពីខ្ញុំទេ ដែលជាគោលការណ៍ ធ្វើចត្តាឡីស័កចំនួន ៧ ថ្ងៃ ហើយយើងនឹងពិនិត្យមើលអាចនឹងមានការកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កទៀត»។
គួររំឭកផងដែរថា ក្រសួងសុខាភិបាលកាលពីចុងខែតុលាកន្លងមកនេះ បានសម្រេចដាក់ឱ្យប្រើប្រាស់នូវនីតិវិធីប្រតិបត្តិស្តង់ដានៃការធ្វើចត្តាឡីស័ករបស់អ្នកដំណើរ មកពីបរទេសដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ ដូសមូលដ្ឋានបានពេញលេញហើយដែលបានដាក់អនុវត្តចាប់ពីថ្ងៃទី ១៨ ខែតុលាមក។
សម្រាប់អ្នកដំណើរដែលត្រូវដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល ៣ ថ្ងៃ រួមមាន មន្ត្រីរាជការ ដែលត្រឡប់មកពីបំពេញបេសកកម្មផ្លូវការនៅក្រៅប្រទេស និងក្រុមគ្រួសារមន្ត្រីការទូតបរទេស និងមន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការដែលកាន់ទិដ្ឋាការការទូត (Visa A) និងទិដ្ឋាការផ្លូវការ (Visa B) និងក្រុមគ្រួសារ និងអ្នកដំណើរបរទេសដែលជាវិនិយោគិនបុគ្គលិកជំនាញបច្ចេកទេស និងក្រុមគ្រួសារដែលមានការធានា ឬការអញ្ជើញ។
ដោយឡែក អ្នកដំណើរដែលត្រូវធ្វើចត្តាឡីស័កចំនួន ៧ ថ្ងៃ គឺជាអ្នកដំណើរទូទៅជាជនបរទេស ឬជាខ្មែរដែលបានចាក់វ៉ាក់សាំងរួច។
ក្រសួងសុខាភិបាលបញ្ជាក់ថា ចំណែកអ្នកដំណើរដែលត្រូវដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ គឺជាអ្នកដំណើរទូទៅដែលមិនបានចាក់វ៉ាក់សាំងកូវីដ ១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងពេញលេញ៕