ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា សិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ (បាក់ឌុប) ឆ្នាំនេះ មិនអនុញ្ញាតឱ្យជាប់ដោយស្វ័យប្រវត្ដិ ដូចឆ្នាំមុនឡើយ ដោយការធ្វើបែបនេះ គឺដើម្បីពង្រឹងសមត្ថភាពសិស្ស ហើយលោកបានអំពាវនាវឱ្យសិស្សានុសិស្សត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតរបស់ខ្លួន។
លោកនាយករដ្ឋមន្ដ្រីបានបញ្ជាក់បែបនេះ ក្នុងពេលធ្វើជាអធិបតីក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ ៥ ឆ្នាំនាព្រឹកថ្ងៃទី ១ វិច្ឆិកា ឆ្នាំ ២០២១ នាវិមានសន្តិភាព។
លោកថ្លែងថា៖ «ឥឡូវនិយាយពីរឿងប្រឡង ខ្ញុំដឹងចូលមកខមិន (Comment) ក្នុងហ្វេសប៊ុករបស់ខ្ញុំ តែខ្ញុំមិនឆ្លើយ។ សុំសម្ដេចតា សុំសម្ដេចពុក ធ្វើម៉េចឱ្យបានជាប់ជាស្វ័យប្រវត្ដិ ហើយខ្ញុំសុខចិត្ដប្រឡងចូលមហាវិទ្យាល័យតាមមុខវិជ្ជា។ ឱចៅៗអ្ហើយបើគិតតែពីឡើងថ្នាក់ហើយអត់ចេះតើយើងឡើងទៅធ្វើអី។ អ៊ីចឹងអត់ទេសូមរៀបចំឱ្យមានការប្រឡង»។
ការឱ្យសិស្សជាប់បាក់ឌុបដោយស្វ័យប្រវត្ដិកាលពីឆ្នាំមុនមានហេតុផល ដោយសារឆ្នាំមុនសិស្សបានរៀនច្រើនហើយអាក់ខានរៀនក្នុងតែមួយរយៈប៉ុណ្ណោះ ហើយពេលនោះការចាត់តាំងការប្រឡងមិនកើត ព្រោះផ្ទុះអាព្រឹត្ដិការណ៍សហគមន៍។ ប៉ុន្ដែកូនសិស្សបានរៀនស្ទើរគ្រប់កម្មវិធីសិក្សា។ ដូច្នេះបានជាផ្អាកការប្រឡង ហើយអនុញ្ញាតឱ្យជាប់ទាំងអស់គ្នាដោយស្វ័យប្រវត្ដិតែគ្មាននិទ្ទេស។ ចំណែកឆ្នាំនេះសិស្សបានរៀនតិចណាស់ដោយលោកចោទសួរថា បើឱ្យជាប់ហើយ ហើយទៅប្រឡងមហាវិទ្យាល័យ តើទៅប្រឡងយ៉ាងម៉េច? បើសូម្បីមុខវិជ្ជាថ្នាក់ទី ១២ ដែលជាថ្នាក់ចុងក្រោយមិនចេះផង តើត្រូវទៅប្រឡងចូលមហាវិទ្យាល័យយ៉ាងម៉េច?
លោកបញ្ជាក់ទៀតថា៖ «ឥឡូវសុំរឿងហ្នឹងដែលខ្លួនបានរៀនតិចតួច វាត្រូវតែប្រឡង។ បើមិនចេះត្រូវប្រឹងរៀនឱ្យវាចេះ ដើម្បីទៅប្រឡង ហើយបើប្រឡងមិនជាប់ ឆ្នាំហ្នឹងទេ ឆ្នាំក្រោយយើងប្រឡងទៀតទៅ»។
បើគិតតែមកស្នើសុំជួយឱ្យជាប់ដោយស្វ័យប្រវត្តិ តើវិស័យអប់រំរបស់កម្ពុជានឹងទៅជាយ៉ាងណា? ដូច្នេះទើបរដ្ឋាភិបាលប្រឹងប្រែងបើកសាលារៀនឡើងវិញ។ ប៉ុន្ដែលោកនាយករដ្ឋមន្ដ្រីឱ្យពិនិត្យមើលលើការពន្យារក្នុងការប្រឡងគឺពន្យារពេលបន្តិចមុននឹងប្រឡងដែលរឿងនេះគឺអាស្រ័យលើក្រសួងអប់រំជាអ្នករៀបចំ។
លោកបន្ថែមថា៖ «យោបល់ខ្ញុំគួរតែត្រូវបានពន្លឿនអាការរៀនដោយផ្ទាល់ ឱ្យបានច្រើន ដើម្បីឈានទៅរកការប្រឡង។ មិនអាចទេ មិនអាចឆ្នាំណាក៏ជាឆ្នាំទារជាប់ៗ ក្លាយទៅជាទម្លាប់មួយ»។
លោកបន្តថា៖ «អ៊ីចឹងទេក៏សូមផ្ដាំផ្ញើក្មួយៗ ចៅៗទៅចុះ សុំការយោគយល់។ នេះដើម្បីជីវិតរបស់យើងទេ មិនមែនដើម្បីអ្នកណាទេ ព្រោះមិនមែនតាអ្នកទៅប្រឡងឯណា...។ តាវាដល់រសៀលហើយ មិនទាន់ដល់ថ្ងៃលិចទេ វាទើបតែរសៀលទេ វាជ្រេបន្តិច។ ចៅៗទេដែលជាអនាគត ចំណេះចៅៗទេបើចៅៗអត់ចេះ គ្រាន់តែយកសញ្ញាបត្រ អ្នកណាគេយកមកធ្វើអី អ៊ីចឹងទេ មេត្តាសូមកុំខមិនចូលមកសុំជាប់ដោយស្វ័យប្រវត្ដិទៀត អត់ឆ្លើយទេ ខ្ញុំអត់ឆ្លើយទេ ឆ្លើយអីក៏មិនឆ្លើយដែរ»។
លោក ហ៊ុន សែន បានអំពាវនាវឱ្យសិស្សានុសិស្សនាំគ្នាខំរៀនសូត្រក្រោយពីសាលារៀនបានបើកឱ្យចូលរៀនវិញនេះ ហើយសាលាមិនត្រូវបិទទៀតទេ។ បើមានកូវីដ ១៩ ម្នាក់ ឬ ២ នាក់ ឬច្រើនជាងនេះ គឺយកអ្នកមានជំងឺទៅព្យាបាល។ ចំណែកសាលានៅតែបន្តបើកបន្តទៅទៀត។ ការរៀនគួរគឺបន្តរៀនបន្តទៀត។ អ្នករៀនតាមអនឡាញ គឺបន្តរៀនតាមអនឡាញ។ ប៉ុន្ដែការរៀនតាមអនឡាញ មិនដូចអ្វីដែលរៀនផ្ទាល់ទេ។ ដោយសារតែគ្មានជម្រើស ដូច្នេះទើបត្រូវរៀនតាមអនឡាញ។
លោកបានបន្តអំពាវនាវដល់មាតាបិតា អ្នកអាណាព្យាបាល ក៏ដូចជាសិស្សានុសិស្ស សូមខិតខំរៀនសូត្រ ហើយកុំឱ្យមានការសុំជាប់ដោយស្វ័យប្រវត្ដិ ត្រូវតែឱ្យសិស្សខិតខំរៀនសូត្រ ហើយត្រូវតែចាត់តាំងឱ្យមានការប្រឡងឱ្យបានត្រឹមត្រូវ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា ការប្រឡងបាក់ឌុបគឺត្រូវបន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានស្របនឹងវិធានការសុវត្ថិភាពសុខភាព តាមការគ្រោងទុក។
លោកបញ្ជាក់ថា៖ «សម័យប្រឡងបាក់ឌុបថ្នាក់ជាតិគឺ ៦ ធ្នូ ២០២១។ នៅអំឡុងពាក់កណ្តាលខែវិច្ឆិកា ២០២១ ថ្នាក់ដឹកនាំក្រសួងអប់រំនឹងប្រជុំវាយតម្លៃស្ថានការណ៍ពាក់ព័ន្ធ ដើម្បីបន្តរៀបចំការប្រឡងបាក់ឌុប»។
បើតាមលោក សុវាចា យោងលើលទ្ធផលអាចទទួលយកបាននៃការបើកដំណើរការសាលារៀនសាកល្បងកន្លងមកហើយចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ក្រសួងអប់រំ បានពង្រីកវិសាលភាពបើកដំណើរការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ។ លោកបញ្ជាក់ថា៖ «ការរៀន និងបង្រៀនត្រូវបន្តអនុវត្តតាមបែបចម្រុះ គឺរៀនក្នុងថ្នាក់ផង រៀនតាមអនឡាញផង ស្វ័យសិក្សាផង អមដោយសន្លឹកកិច្ចការជំនួយដោយកំណត់សិស្សពី ១៥ ទៅ ២០ នាក់ក្នុង ១ ថ្នាក់ និងរៀនឆ្លាស់វេនគ្នា»។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ រាជធានីភ្នំពេញបានឱ្យដឹងថា ឆ្លងតាមបទពិសោធនៃការបើកសាលារៀនឡើងវិញជំហានទី ១ នៅកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យកាលពីថ្ងៃទី ១៥ ខែកញ្ញា គឺទទួលបានលទ្ធផលល្អប្រសើរ។ ដូច្នេះការបើកដំណើរការសាលារៀនគ្រប់កម្រិតទាំងរដ្ឋ និងឯកជននៅថ្ងៃទី ១ ខែវិច្ឆិកា គឺមានស្ថានភាពល្អប្រសើរដោយទទួលបានបទពិសោធល្អពីជំហានទី ១ ក្នុងនោះមានការអនុវត្ដតាមវិធានការសុខាភិបាល និងសេចក្ដីណែនាំរបស់ក្រសួងអប់រំ។
លោកថ្លែងថា៖ «ការបើកលើកទី២ នេះ គ្រឹះស្ថានបឋមសិក្សា មត្ដេយ្យសិក្សាទាំងរដ្ឋ និងឯកជនមានចំនួនជាង ៥០០ ទីតាំងទៀត គឺបានបើកដំណើរការហើយគឺបើកដំណើរការបានដោយល្អប្រសើរ»៕
វីដេអូ៖