ភ្នំពេញៈ មន្ត្រីជលផលព្រមានពីការបាត់បង់សត្វផ្សោតនៅអន្លង់ផ្សោតអូរឈើទាលនៃឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ដែលបច្ចុប្បន្ននៅសល់តែ ១ ក្បាល ហើយថា ផ្សោតនេះអាចប្រឈមនឹងការបាត់បង់ ដោយអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធរៀបចំផែនការស្តារឡើងវិញ ដើម្បីធ្វើយ៉ាងណាជួយឱ្យសត្វផ្សោតនៅតំបន់នេះសម្បូរឡើងវិញ។
ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពីយុទ្ធនាការការពារសត្វផ្សោតទន្លេមេគង្គ នៅប្រទេសកម្ពុជាដែលរៀបចំ ដោយមូលនិធិសត្វព្រៃពិភពលោក (WWF) ប្រចាំកម្ពុជាតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ៣១ ខែតុលា លោកស្រី សម វិចិត្រ នាយខណ្ឌស្ដីទីរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានរំឭកពីក្រុមអ្នកវិទ្យាសាស្ត្រ ដែលបានប្រកាសថា សត្វផ្សោតនៅអន្លង់អូរឈើទាលគឺប្រឈមទៅនឹងការបាត់បង់ដោយសារពពួកសត្វផ្សោតនៅអន្លង់អូរឈើទាលគឺជាផ្សោតដែលមិនពាក់ព័ន្ធជាមួយក្រុមផ្សោតដទៃនៅប៉ែកខាងក្រោម។
លោកបានបញ្ជាក់ថា៖ «គឺសត្វផ្សោតហ្នឹងមិនចរាចរចុះឡើងរកគ្នាដូចសត្វផ្សោតនៅត្បូងខ្លា (តំបន់ទីជម្រកធម្មជាតិត្បូងខ្លា ខេត្តស្ទឹងត្រែង) ហើយនិងក្រចេះទេ។ អ៊ីចឹងសត្វផ្សោតនៅតំបន់នោះអាចនឹងបាត់បង់។ ដូច្នេះចំណុចទាំងអស់នេះហើយទាមទារឱ្យមានការចូលរួមថែរក្សា និងអភិរក្សទាំងអស់គ្នា»។
លោកស្រី សម វិចិត្រ បញ្ជាក់ថា កត្តាដែលធ្វើឱ្យសត្វផ្សោតនៅតំបន់នេះមានការថយចុះ គឺអាចបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ការប្រែប្រួលកម្រិតទឹកទន្លេមេគង្គ ដោយសារការអភិវឌ្ឍនានានៅតាមដងទន្លេការនេសាទខុសច្បាប់។ ការចូលរួមរបស់ភាគីពាក់ព័ន្ធនៅមានកម្រិត និងការសហការនៅតំបន់ព្រំប្រទល់កម្ពុជា-ឡាវនៅមានកម្រិត។
លោកបន្តថា ចំពោះវិធានការបន្ទាន់ គឺខណ្ឌរដ្ឋបាលខេត្តស្ទឹងត្រែងត្រូវសហការជាមួយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទក្នុងខេត្ត ដើម្បីពង្រឹងការងារអនុវត្តច្បាប់ឱ្យកាន់តែប្រសើរថែមទៀត និងសហការជាមួយអង្គការដៃគូផ្សេងៗ ជាពិសេសជាមួយអង្គការ WWF ដើម្បីសិក្សា និងរកវិធីសាស្ត្រធ្វើឱ្យផ្សោតនៅអន្លង់ផ្សោតអូរឈើទាលល្អប្រសើរឡើងវិញ។ ខណ្ឌរដ្ឋបាលខេត្តស្ទឹងត្រែងនឹងពង្រឹងកិច្ចសហការនៅតំបន់ព្រំប្រទល់រវាងអាជ្ញាធរឡាវ និងកម្ពុជា នៅកម្រិតភូមិ ឃុំ និងស្រុក ដោយសារអាជ្ញាធរនៅតំបន់នោះមានភាពងាយស្រួលក្នុងការទាក់ទងគ្នា។ ម្យ៉ាងទៀត ដោយសារប្រជានេសាទឡាវក៏ធ្វើការនេសាទក្នុងចំនួនច្រើនផងដែរ។
លោកថ្លែងថា៖ «[យើង] ជំរុញឱ្យប្រជាជនម្នាក់ក្លាយជាឆ្មាំទន្លេអភិរក្សសត្វផ្សោតមួយដែរ ពីព្រោះ ឆ្មាំទន្លេសត្វផ្សោតការពារសត្វផ្សោតយើងមានតែ ៧ នាក់ទេនៅប៉ុស្តិ៍អន្លង់អូរឈើទាលហ្នឹង។ អ៊ីចឹង បើគ្មានការចូលរួមពីប្រជាជន និងអ្នកពាក់ព័ន្ធ គឺមិនអាចជោគជ័យទេក្នុងការការពារ និងអភិរក្ស។ យើងត្រូវរួមគ្នាគ្រប់ភាគីពាក់ព័ន្ធរៀបចំផែនការស្តារឡើងវិញ ដើម្បីឱ្យសត្វផ្សោត និងត្រីមេពូជយើងនៅតំបន់នោះសម្បូរឡើងវិញ»។
លោក គង់ ចាន់ធី ប្រធានបណ្តាញសហគមន៍នេសាទ ស្រុកបុរីអូរស្វាយសែនជ័យ ថ្លែងក្នុងកិច្ចពិភាក្សានោះថា កត្តាដែលធ្វើឱ្យសត្វផ្សោតមានការបាត់បង់នៅក្នុងទន្លេមេគង្គគឺបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ការកសាងទំនប់វារីអគ្គិសនីធំៗនៅតាមទន្លេមេគង្គ និងការកាប់ព្រៃឈើនៅទីជម្រាល។
លោកថ្លែងថា៖ «នៅពេលនេះសត្វផ្សោតនៅតែ ១ [ក្បាល] ទេ [នៅអន្លង់ផ្សោតអូរឈើទាល]។ នៅថ្ងៃអនាគតវានឹងបាត់បង់។ ខ្ញុំជាសហគមន៍ហ្នឹងជារឿងមួយដែលសោកស្តាយ។ ធនធានតាំងពីដូនតាមក ខ្ញុំកើតនៅស្រុកនេះ កើតមកខ្ញុំមើលសត្វផ្សោតរាប់ហ្វូងរាប់រយ។ នៅពេលដែលទឹកឡើងមក ឃើញផ្សោតហែលគ្នាជាជួរ លោតប្រសាចពេញទឹក។ រហូតមកដល់ពេលនេះនៅសតវត្សរ៍ទី ២១ យើងនេះ នៅឆ្នាំ ២០២១ នេះ ឃើញសត្វផ្សោតយើងអស់សឹងតែសូន្យ។ នេះជាបញ្ហាព្រួយបារម្ភមិនគួរសត្វផ្សោតដែលកម្ររបស់យើងបាត់បង់»៕