ភ្នំពេញៈ កិច្ចប្រជុំវិសាមញ្ញនីតិកាលទី៤ របស់ព្រឹទ្ធសភា នៅថ្ងៃទី ២ វិច្ឆិកា បានសម្រេចអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ចំនួន ៣ ដោយសំឡេងគាំទ្រ ៥៧ លើ ៦២ សំឡេង នៃសមាជិកព្រឹទ្ធសភាទាំងមូល ចំពោះវិសោធនកម្មនៃច្បាប់ធម្មនុញ្ញ ដែលកំណត់សញ្ជាតិខ្មែរតែ ១ សម្រាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ច្បាប់ទាក់ទងសាលាក្តីខ្មែរក្រហម និងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន។
លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា នៅថ្ងៃទី ២ វិច្ឆិកា ព្រឹទ្ធសភាបានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី ៤ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៣ ក្រោមអធិបតីភាព លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា រួមនឹងសមាជិកព្រឹទ្ធសភា ចំនួន ៦២ រូប។
លោកថ្លែងថា៖ «យើងបានសម្រេចអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ទាំង ៣ ដោយសំឡេងគាំទ្រ ៥៧ លើ ៦២ សំឡេង លើសពី ២ ភាគ ៣ នៃសមាជិកព្រឹទ្ធសភាទាំងមូល។ សេចក្ដីព្រាងច្បាប់ទាំង ៣ នេះ គឺទី១ ច្បាប់សញ្ជាតិ ទី២ គឺច្បាប់ខ្មែរក្រហម ច្បាប់ទី៣ គឺច្បាប់ ស្តីពីភាពជាដៃគូវាងរដ្ឋ និងឯកជន»។
ក្រោយពីព្រឹទ្ធសភាបានអនុម័តច្បាប់ទាំងនេះរួចហើយនឹងបញ្ជូនទៅរដ្ឋសភាវិញ ដើម្បីរដ្ឋសភារៀបចំច្បាប់នេះដាក់ថ្វាយព្រះមហាក្សត្រ ឡាយព្រះហស្តលេខាដើម្បីដាក់ឱ្យប្រើប្រាស់។
សេចក្ដីព្រាងច្បាប់ទាំង ៣ ដែលព្រឹទ្ធសភាបានសម្រេចអនុម័តនោះរួមមាន សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ ថ្មី មាត្រា ៨២ ថ្មី មាត្រា ១០៦ ថ្មី (មួយ) មាត្រា ១១៩ ថ្មី និងមាត្រា ១៣៧ ថ្មីនៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ និងមាត្រា ៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
សេចក្តីព្រាងច្បាប់ទី២ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។ ចំណែកសេចក្ដីព្រាងច្បាប់ទី៣ ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន។
លោក ម៉ម ប៊ុននាង បញ្ជាក់ថា សេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្ម មាត្រាមួយចំនួន គឺពិតជាមានសារៈសំខាន់ និងចាំបាច់បំផុតក្នុងការធានាទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ចំពោះគោលជំហរ និងការប្ដេជ្ញាចិត្តស្មោះត្រង់ឥតងាករេចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈ និងដើម្បីធានាការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនពីការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ជាតិ។
លោកបន្តថា៖ «តាមរយៈការកំណត់ឱ្យប្រធានរដ្ឋសភាប្រធានព្រឹទ្ធសភានាយករដ្ឋមន្ដ្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជន ដែលមានសញ្ជាតិខ្មែរតែមួយគត់»។
លោកបន្ថែមថា សេចក្ដីព្រាងច្បាប់នេះបានតាក់តែងឡើងស្របតាមមាត្រា ១០៧ ថ្មី មាត្រា ១១៣ ថ្មី មាត្រា ១៤៣ ថ្មីនិងមាត្រា ១៥៣ ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ។ សេចក្ដីព្រាងច្បាប់នេះមានលក្ខណៈត្រឹមត្រូវតាមទម្រង់ច្បាប់ និងគតិច្បាប់។
រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ទាំង ៣ ខាងលើនៅក្នុងសម័យប្រជុំលើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២១ ដោយមានការចូលរួមពីសមាជិកចំនួន ១១១ រូប៕