ប៉ៃលិនៈ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានអំពាវនាវឱ្យអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធបន្តផ្សព្វផ្សាយការអប់រំយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យបានទូលាយនៅគ្រប់ពិធីសំណេះសំណាល និងគ្រប់វេទិកាជាមួយប្រជាពលរដ្ឋ។
ការអំពាវនាវរបស់លោក លី ធុជ ដូចនេះបានធ្វើឡើងក្នុងពេលលោកចុះដំឡើងផ្ទាំងប៉ាណូផ្សព្វផ្សាយការអប់រំ ការយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមតាមខេត្ដជាប់ព្រំដែនកម្ពុជា-ថៃនៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំនេះ ដោយមានការចូលរួមពីលោក ហែម ឫទ្ធី អភិបាលរងខេត្តប៉ៃលិន អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋផងដែរ។
លោកបានថ្លែងថា៖ «ក្នុងនាមសម្តេចតេជោ [ហ៊ុន សែន] នាយករដ្ឋមន្ត្រីខ្ញុំសូមអំពាវនាវឱ្យអាជ្ញាធរដែនដី និងអាជ្ញាធរមានសមត្ថកិច្ចបន្តផ្សព្វផ្សាយការអប់រំយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យបានទូលំទូលាយនៅគ្រប់ពិធីសំណេះសំណាល និងគ្រប់វេទិកាទាំងអស់ជាមួយប្រជាពលរដ្ឋ»។
លោកបន្តថា៖ «ជាពិសេសត្រូវធ្វើសេចក្តីរាយការណ៍ជាប្រចាំជូនចំពោះដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ អំពីស្ថានភាពគ្រោះថ្នាក់ និងបញ្ហាមីននៅតាមមូលដ្ឋាន ដើម្បីមានការណែនាំ និងមានចំណាត់ការបន្ថែម»។
ជាមួយនេះដែរ លោក លី ធុជ បានជំរុញឱ្យមន្ត្រីនគរបាលប៉ុស្តិ៍នៅតាមព្រំដែនបន្តជួយផ្សព្វផ្សាយជូនពលរដ្ឋ កុំឱ្យប្រថុយប្រថានចូលក្នុងតំបន់ដែលមិនស្គាល់ភូមិសាស្ត្រច្បាស់លាស់។
លោកបន្តថា៖ «បើប្រជាពលរដ្ឋបានឃើញគ្រាប់មីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាមត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន មេឃុំ-មេភូមិ ប្រតិបត្តិករបោសសម្អាតមីន ឬសមត្ថកិច្ចនគរបាលជាបន្ទាន់ ពីកន្លែងមានមីន សំណល់ជាតិផ្ទុះពីសង្គ្រាមនេះ»។
ក្រៅពីនេះ លោក លី ធុជ បានពាំនាំនូវសេចក្តីសោកស្តាយ និងការអាណិតអាសូររបស់លោកនាយករដ្ឋមន្ត្រី និងភរិយា ចំពោះករណីគ្រោះថ្នាក់ដោយសារគ្រាប់មីនរហូតដល់ពិការ ដោយសារការលេង និងគប់គ្រាប់មីនរបស់កុមារចំនួន ៤ នាក់កាលពីថ្ងៃទី ៣០ ខែតុលាថ្មីៗនេះ។ ក្នុងនោះកុមាររស់នៅស្រុកបទុមសាគរ ខេត្តកោះកុងចំនួន ៣ នាក់ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ម្នាក់។
លោកបានបន្តថា៖ «ខ្ញុំសូមស្នើសុំឱ្យអាណាព្យាបាលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពរបស់កូនៗ ដោយត្រូវណែនាំឱ្យមានការប្រុងប្រយ័ត្ន និងត្រូវស្ថិតនៅឱ្យឆ្ងាយពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងតំបន់សង្ស័យថាមានមីន និងគ្រាប់» ។
បើតាមអាជ្ញាធរមីននៅថ្ងៃទី ២-៣ ខែវិច្ឆិកានេះ លោក លី ធុជ កំពុងបំពេញបេសកកម្ម ចុះទៅខេត្តប៉ៃលិន បាត់ដំបង និង បន្ទាយមានជ័យ ដើម្បីដំឡើងផ្ទាំងប៉ាណូ និងផ្តល់សារអប់រំយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់អាជ្ញាធរ និងប្រជាពលរដ្ឋបន្ថែមទៀតនៅតាមបណ្ដាខេត្តដែលមានគ្រោះទឹកជំនន់ ស្របពេលដែលមានការកើនឡើងនូវជនរងគ្រោះជាកុមារ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
គិតត្រឹមខែកញ្ញាឆ្នាំនេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនមានផ្ទៃដីបោសសម្អាតរួចបានប្រមាណ ១៤,៥ គីឡូម៉ែត្រការ៉េ រកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ២៤ ៧៩០ គ្រាប់ មីនតោនចំនួន ៧៣ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៨ ៩៣០ គ្រាប់ និងផ្ទៃដីដែលនៅសល់ប្រមាណជាង ១,៦ គីឡូម៉ែត្រការ៉េ។ នេះ បើតាមអាជ្ញាធរមីន។
យោងតាមទិន្នន័យរបស់អាជ្ញាធរមីនចាប់ពីឆ្នាំ ១៩៧៩ ដល់ខែតុលា ឆ្នាំ ២០២១ ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងឃុំស្ទឹងកាច់សរុបមាន ៤៤៦ នាក់ស្មើនឹង ៣១% នៃជនរងគ្រោះទូទាំងខេត្តប៉ៃលិនដែលមាន ១ ៤២៦ នាក់ក្នុងនោះរងគ្រោះដោយសារមីនចំនួន ៣៨៩ នាក់ និងគ្រាប់ ៥៧ នាក់៕