ភ្នំពេញៈ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ស្នើឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា អភិបាល​រាជធានី-ខេត្ត ព្រមទាំង​មន្ត្រី​អប់រំ អនុញ្ញាត​ឱ្យ​សិស្សានុសិស្ស និង​កុមារ​ប្រើប្រាស់​កាត ឬ​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ប្រភេទ​ថតចម្លង ដោយ​ជំនួស​នូវ​ការប្រើប្រាស់​កាត​ដើម សម្រាប់​ការបង្ហាញ​នៅ​តាម​សាលារៀន គ្រឹះស្ថានសិក្សា​នានា ដើម្បី​ចៀសវាង​នូវ​ការខូច ឬ​បាត់​បណ្ណ​ចាក់​វ៉ាក់សាំង​ដើម​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន លើកឡើង​ដូចនេះ តាមរយៈ​សារ​សំឡេង នា​ថ្ងៃទី​ ២ វិច្ឆិកា ដោយ​លោក​បញ្ជាក់ថា​កុមារា កុមារី បាន​ប្រើប្រាស់​កាត​ចាក់​វ៉ាក់សាំង​សម្រាប់​បង្ហាញ​នៅពេល​ចូលរៀន​។ លោក​បញ្ជាក់ថា ​ប្រសិន​បើ​ឱ្យមាន​ការប្រើប្រាស់​នូវ​ច្បាប់ដើម​សម្រាប់​ការពាក់​ចូលរៀន​ដូចនេះ​អាច​នឹងត្រូវ​ខូចខាត ឬ​បាត់កាត ឬ​បណ្ណ​ចាក់​វ៉ាក់សាំង​នេះ​។

លោក​ថ្លែងថា​៖ «​ម្យ៉ាងទៀត កុមារា​កុមារី មាន​ការខ្វះខាត​នូវ​ការថែទាំ ហើយ​ប្រសិនបើ​មាន​មេឃ​ភ្លៀង​ទៀត​នោះ​នឹង​កាន់តែ​មាន​ការលំបាក​។ ក្នុងន័យនេះ ខ្ញុំ​សុំស្នើ​ឱ្យ​មាន​ការពិចារណា​។ បន្ទាប់​ពីនេះ​ទៅ​គប្បី​ប្រើប្រាស់​នូវ​បណ្ណ​ថតចម្លង ហើយ​រក្សា​បណ្ណដើម​ទុក​នៅឯ​ផ្ទះ ហើយ​បណ្ណ​ថតចម្លង​នេះ​សម្រាប់​ប្រើប្រាស់​ក្នុងពេល​សិស្ស​ទៅ​រៀន​»​។

លោក​ ហ៊ុន សែន បន្ថែមថា​៖ «​ការធ្វើ​បែបនេះ គឺ​ដើម្បី​ចៀសវាង​នូវ​ការខូចខាត​បណ្ណ ឬ​បាត់​បណ្ណដើម​។ ដូចនេះ​ខ្ញុំ​សុំ​ស្នើឱ្យ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​អភិបាលខេត្ត រាជធានី ធ្វើការ​ពិនិត្យ និង​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ ដោយ​យើង​អាចធ្វើ​ការថត​ចម្លង​កាត​ចាក់វ៉ាក់សាំង​ជា​សខ្មៅ ឬ​ជា​ពណ៌​»​។

លោក​ថា ប្រសិនបើ​ក្រុមគ្រួសារ​មិន​មាន​លទ្ធភាព​ថត​ចម្លង​បណ្ណ ឬ​កាត​ចាក់​វ៉ាក់សាំង​នេះ​ទេ សាលា​ត្រូវ​ជួយ​សម្រួល​ក្នុង​ថតចម្លង​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ស្នើឱ្យ​មាន​ការប្រើ​កាត​ចាក់​វ៉ាក់សាំង​ថតចម្លង​នេះ បន្ទាប់ពី​លោក​បាន​ឃើញ​រូបភាព​កូនសិស្ស​ ១ ​រូប​ដែល​បាន​ដាក់​កាត​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​ក្នុង​ថង់ និង​ចង​ជាប់​ជាមួយ​នឹង​អាវ​របស់គាត់​។

លោក​សរសេរ​លើ​ហ្វេសប៊ុក​របស់លោក​នា​ព្រឹក​ថ្ងៃទី​ ២ វិច្ឆិកា​ថា​៖ «​ទោះជា​រូបភាព​ ១ ​សន្លឹក​នេះ​ខ្ញុំ​មិនដឹងថា នៅទីណា និង​ចៅ​តូច​នេះ​ឈ្មោះ​អី អាយុ​ប៉ុន្មាន តែ​ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​ចៅៗ​ដែល​ចង់​រៀនសូត្រ​។ បណ្ណ​ចាក់​វ៉ាក់សាំង​ពាក់​នៅ​ក បង្ហាញ​ថា ខ្ញុំ​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​ និង​ចូលរៀន​ដោយ​គ្មាន​ការភ័យខ្លាច​ជាមួយ​នឹង​ការពាក់​ម៉ាស់​បាន​ត្រឹមត្រូវ​»​។

លោក​ ហ៊ុន សែន បន្ថែមថា​៖ «​ទោះ​ចៅ​មិនមាន​ស្បែកជើង​ពាក់​តែ តា​ជឿថា ចៅ​ច្បាស់​ជា​លាងដៃ និង​រក្សា​អនាម័យ​បានល្អ​»​។

ជាមួយ​គ្នា​នេះ លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​ប្រាប់​ទៅ​ក្រសួង​សុខាភិបាល គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស និង​ក្រសួង​ការពារជាតិ​ត្រូវខិតខំ​ធ្វើ​កាតចាក់​វ៉ាក់សាំង និង​ដាក់ឈ្មោះ​ឱ្យ​បាន​ត្រឹមត្រូវ ពិសេស​ផ្នែក​ភាសា​អង់គ្លេស ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​។

លោក​ថា​៖ «​ក្នុងករណី​មាន​ការដាក់​ឈ្មោះ​មិន​ត្រឹមត្រូវ​ជាមួយ​នឹង​លិខិតឆ្លងដែន​គឺ​មិន​អាច​ធ្វើ​ដំណើរ​ចេញទៅ​ក្រៅប្រទេស​បានទេ​។ ដូចនេះ​សុំ​យកចិត្ត​ទុកដាក់​ទៅលើ​ការដាក់​ឈ្មោះ​ឱ្យបាន​ត្រឹមត្រូវ​ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស​»​។

លោក​ ហ៊ុន សែន បាន​បង្ហោះ​រូបថត​កុមារា​ ១ ​រូប​ដែល​គេ​ស្គាល់​ថា ឈ្មោះ គង់ សីហា អាយុ​ ៧ ​ឆ្នាំ រស់នៅ​ភូមិ​ត្មាតពង ឃុំ​រុនតាឯក ស្រុក​បន្ទាយស្រី រៀន​នៅ​ថ្នាក់​ទី​ ១ នៅ​សាលាបឋមសិក្សាជ័យ​។ អ្វីដែល​ទាក់ទាញ​លើ​រូប​កុមារា​នេះ​គឺ​គាត់​បានដាក់​កាត​ចាក់​វ៉ាក់សាំង​ក្នុង​ស្បោង​ហើយ​បាន​ចង​ស្បោង​នេះ​ជាប់​នឹង​កអាវ​របស់​គាត់ និង​មិនមាន​ស្បែកជើង​ពាក់​ឡើយ​។

ទន្ទឹមនឹងនេះ បន្ទាប់ពី​រូបនេះ​ត្រូវបាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​មាន​សប្បុរសជន​ជាច្រើន​បាន​ប្រកាស​ផ្តល់​ថវិកា​ក៏ដូចជា​សម្ភារ​សិក្សា​ដល់​កុមារ​នេះ​។ លោក​ ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ក៏​បាន​ផ្តល់​ថវិកា និង​អំណោយ​ផងដែរ​ដល់​កុមារ​នេះ​។

លោក​ថ្លែងថា​៖ «​អ៊ំ​សុំ​ជូន​ក្មួយ​ ៤០ ​ម៉ឺន​រៀល​ដែលជា​ប្រាក់ខែ​របស់​អ៊ំ សម្រាប់​ក្មួយ​ទិញ​ស្បែកជើង​ និង​សម្លៀកបំពាក់​ទៅ​សាលា​»​។

ចំណែក​អង្គការ​ពុទ្ធសាសនា​ដើម្បី​ការអប់រំ​នៃ​កម្ពុជា​ (​ព.អ.ក.) ​ដែល​ដឹកនាំ​ដោយ​ព្រះតេជព្រះគុណ ប្រធាន ហាក់ សៀងហៃ នឹង​ចុះជួប​ជាមួយ​កុមារា គង់ សីហា ដោយ នាំយក​សម្ភារ​សិក្សា និង​ឧបករណ៍ ដូចជា កង់ កាបូប សម្លៀកបំពាក់ សម្ភារ​ផ្គត់ផ្គង់​គ្រួសារ ព្រមទាំង​ចែក​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស​ជិត​ ៣០០ ​នាក់​ផងដែរ នៅ​ថ្ងៃទី​ ៣ ខែវិច្ឆិកា​នេះ​។

ដូចគ្នានេះ​ថ្នាក់ដឹកនាំ​ខេត្ត​សៀមរាប​នឹង​យក​អំណោយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ប្រគល់​ជូន​កុមារា គង់ សីហា នៅ​ថ្ងៃទី​ ៣ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ​នេះ​។

កាលពី​ថ្ងៃទី​ ១៧ តុលា សាលា​រាជធានី​ភ្នំពេញ​បាន​លើកលែង​នូវ​កាតព្វកិច្ច​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ឬ​លិខិត​បញ្ជាក់​ការចាក់​វ៉ាក់សាំង​ចំពោះ កុមារ និង​យុវវ័យ​មាន​អាយុ​ក្រោម​ ១៨ ​ឆ្នាំ​ពេល​ចេញ-ចូល​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ​ដោយសារ​ក្រុម​នេះ មិនមែន​ជា​ក្រុម​ហានិភ័យ​នៃ​ការចម្លង​វីរុស​កូវីដ​ ១៩ ​ឡើយ​។

ដោយឡែក​ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​អូស្ត្រាលី​នៅ​ថ្ងៃទី​ ២ ខែវិច្ឆិកា បាន​ជូនដំណឹង​ថា រដ្ឋាភិបាល​អូស្ត្រាលី​បាន​ទទួល​ស្គាល់​វ៉ាក់សាំង​ចិន​ប្រភេទ​ស៊ីណូហ្វាម​បន្ថែម​លើ​ការទទួលស្គាល់​វ៉ាក់សាំង​ចិន​ប្រភេទ​ស៊ីណូវ៉ាក់​ក្នុង​ការអនុញ្ញាត​ឱ្យ​អ្នកដំណើរ​ចូលមក​អូស្ត្រាលី​ដោយ​ពុំ​ធ្វើ​ចត្តាឡីស័ក បន្ទាប់ពី​ចាក់​បាន​ពេញលេញ​រួចរាល់​ចំនួន​ ២ ​ដូស​។

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​អូស្ត្រាលី​បន្ថែម​ថា ដើម្បី​ចៀសវាង​ការខក​ជើងយន្តហោះ​ ឬ​ការពន្យារពេល​ទាក់ទង​នឹង​កាត ឬ​បណ្ណ ឬ​លិខិត​ឆ្លងដែន​វ៉ាក់សាំង​ (Vaccination Certificate/ Vaccine Passport/ Vaccination Card) ​សម្រាប់​ការធ្វើដំណើរ ត្រូវ​សួរ​បញ្ជាក់ និង​ផ្តល់ព័ត៌មាន​ពិស្តារ​អំពី​កាត​ចាក់​វ៉ាក់សាំង​នៅក្នុង​ស្រុក​ជាមួយ​ក្រុមហ៊ុន​លក់​សំបុត្រ​យន្តហោះ ដើម្បី​ក្រុមហ៊ុន​នោះ​សួរ​បញ្ជាក់ និង​សុំ​ការសម្រេច​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​អូស្ត្រាលី​ជាមុន​។

ស្ថានទូត​បញ្ជាក់ថា​៖ «​ជាមួយ​គ្នា​នេះ សម្រាប់​បងប្អូន​ពលរដ្ឋ​ខ្មែរ ឬ​បរទេស​ដែល​ចង់ទៅ​កម្ពុជា ក្នុងករណី​បាន​ចាក់​វ៉ាក់សាំង​បាន​ពេញលេញ​ហើយ​ (​ចំនួន​ ២ ​ដូស​) ការធ្វើ​ចត្តាឡីស័ក​នឹងត្រូវ​កំណត់​ត្រឹម​ចំនួន​ ៧ ​ថ្ងៃ​»​។

រដ្ឋាភិបាល​អូស្ត្រាលី​ចាប់ពី​ថ្ងៃទី​ ១ វិច្ឆិកា ឆ្នាំ​ ២០២១ បាន​បើក​ព្រំដែន​អន្តរជាតិ ជំហាន​ដំបូង ដោយ​អនុវត្ត​នៅ​រដ្ឋ​ចំនួន​ ២ ​គឺ រដ្ឋ New South Wales និង Victoria​។ រីឯ​ការធ្វើដំណើរ​ចូលមក​តាម​រដ្ឋ​ផ្សេងៗ​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​ដដែល ទោះ​បាន​ចាក់វ៉ាក់សាំង​ ២ ​ដូស​រួចហើយ​ក៏ដោយ​។

បច្ចុប្បន្ន​ប្រភេទ​វ៉ាក់សាំង​ដែល​ទទួលស្គាល់​ពី​រដ្ឋាភិបាល អូស្ត្រាលី មាន AstraZeneca VaXZevria, AstraZeneca COVISHIELD (India), Pfizer/Biontech Comirnaty, Moderna Spikevax, Janssen-Cilag COVID Vaccine, Sinovac Coronavac និង Sinopharm៕

វីដេអូ៖