ព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកយុវជនគឺជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាពទាំងបច្ចុប្បន្ន រួមទាំងអនាគត។ នៅក្នុងបរិបទសង្គម វប្បធម៌ និងនយោបាយរបស់កម្ពុជា «យុវជន» សំដៅដល់ បុរស និងស្ត្រីដែលមានសញ្ជាតិខ្មែរ នៅលីវ ឬរៀបការ និងមានអាយុចាប់ពី ១៥ ឆ្នាំដល់ ៣០ ឆ្នាំ។ ខ្លឹមសារនៃអត្ថបទប្រចាំខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ផ្ដោតលើគោលនយោបាយជាតិស្ដីពី «ការអភិវឌ្ឍយុវជនកម្ពុជា» «ផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣» និងលទ្ធផលការងារ «អនុវិស័យការអភិវឌ្ឍយុវជន» សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០។
ដើម្បីចូលរួមលើកកម្ពស់សិទ្ធិ និងការទទួលខុសត្រូវរបស់យុវជនដែលជាកម្លាំងសកម្មរបស់ប្រទេសជាតិ ព្រមទាំងទប់ស្កាត់ និងកាត់បន្ថយភាពអសកម្មមួយចំនួន ក្រសួងអប់រំ យុវជន និងកីឡាក្នុងនាមជាអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិកម្ពុជាស្តីពីការអភិវឌ្ឍយុវជនបានសម្របសម្រួលរៀបចំគោលនយោបាយជាតិស្ដីពី «ការអភិវឌ្ឍយុវជនកម្ពុជា» ដោយទទួលបានការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១១ សំដៅផ្ដល់ឱកាសឱ្យយុវជនគ្រប់រូបអភិវឌ្ឍសមត្ថភាពប្រកបដោយឆន្ទៈ សេចក្ដីព្យាយាម និងមនសិការវិជ្ជាជីវៈ។
គោលនយោបាយជាតិស្ដីពី «ការអភិវឌ្ឍយុវជនកម្ពុជា» ត្រូវបានរៀបចំឡើងដោយអនុលោមតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្ដីពីការអប់រំ ច្បាប់ស្ដីពីការងារ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ២ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងឯកសារអន្តរជាតិពាកព័ន្ធនានាក្នុងគោលបំណងអភិវឌ្ឍយុវជនស្របតាមបរិបទកម្ពុជាឱ្យមានបុគ្គលិកលក្ខណៈពេញលេញលើកផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ តម្លៃ និងបំណិន ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ។
គោលនយោបាយជាតិនេះបានកំណត់គោលដៅចំនួន ៦ ដូចជា (១) ការផ្ដល់ឱកាសឱ្យយុវជនទទួលបានការអប់រំ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព និងសមធម៌ (២) ការលើកទឹកចិត្តយុវជនឱ្យមានគំនិតផ្តួចផ្ដើម គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មី និងស្មារតីសហគ្រិនភាព (៣) ការលើកកម្ពស់យេនឌ័រប្រកបដោយសមធម៌ និងសមភាពដល់យុវជនទាំង ២ ភេទ ពិសេសផ្ដល់ឱកាស និងសិទ្ធិអំណាចដល់ស្ត្រី (៤) ការអភិវឌ្ឍយុវជនឱ្យមានកាយសម្បទា ចំណេះដឹង ចំណេះធ្វើ សីលធម៌រស់នៅល្អ ចេះរួមរស់ជាមួយគ្នាដោយសន្តិភាព និងសុខដុម ព្រមទាំងមានស្មារតីស្នេហាជាតិ ស្នេហាប្រជាជន ប្រកបដោយជំនឿជាក់លើខ្លួនឯង សេចក្ដីថ្លៃថ្នូរ ភាពជាអ្នកដឹកនាំ និងលើកកម្ពស់ការយល់ដឹងទូលំទូលាយអំពីសង្គម (៥) ការបង្កឱកាសឱ្យយុវជនបានចូលរួមបញ្ចេញមតិ ទស្សនៈ និងធ្វើសេចក្ដីសម្រេចចិត្តនានាក្នុងការអភិវឌ្ឍសហគមន៍ និងសង្គមជាតិ និង (៦) ការប្រមូលផ្ដុំកម្លាំងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល សហគមន៍ មាតាបិតា ឬអ្នកអាណាព្យាបាល ដើម្បីអភិវឌ្ឍយុវជនកម្ពុជា។
ដើម្បីធានាសម្រេចឱ្យបាននូវគោលដៅដែលបានកំណត់ គោលនយោបាយជាតិនេះបានដាក់ចេញជាយុទ្ធសាស្ត្រសំខាន់ៗមួយចំនួនគឺ (១) ការអភិវឌ្ឍក្របខ័ណ្ឌច្បាប់ និងយន្តការ (២) ការលើកកម្ពស់ការអប់រំ ការបណ្ដុះបណ្ដាល និងការអភិវឌ្ឍសមត្ថភាព (៣) ការបង្កើនការអប់រំ ការថែទាំ និងការផ្ដល់សេវាសុខភាព (៤) ការបណ្ដុះស្មារតីសហគ្រិនភាព និងទីផ្សារការងារ (៥) ការលើកកម្ពស់កិច្ចការពារសុវត្ថិភាព សន្តិសុខ និងយុត្តិធម៌ (៦) ការបង្កើនការចូលរួមរបស់យុវជន (៧) ការលើកកម្ពស់ការសម្រាក ការកម្សាន្ត និងកីឡា (៨) ការលើកកម្ពស់សិល្បៈ និងវប្បធម៌ (៩) ការលើកកម្ពស់ការយល់ដឹងពីបរិស្ថាន កសិកម្ម ទេសចរណ៍ និងធុរកិច្ច (១០) ការបង្កើនការងារស្ម័គ្រចិត្ត (១១) ការលើកកម្ពស់សមភាពយេនឌ័រ និង (១២) ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងស្ដារយុវនីតិសម្បទា។ លើសពីនេះទៅទៀត ផែនការសកម្មភាពជាក់លាក់ត្រូវបានដាក់ឱ្យអនុវត្ត ដើម្បីធានាប្រសិទ្ធភាព និងភាពជោគជ័យនៃគោលបំណង គោលដៅ និងយុទ្ធសាស្ត្រខាងលើ។
ក្រសួងអប់រំ យុវជន និងកីឡា និងអ្នកពាក់ព័ន្ធបាននិងកំពុងជំរុញការអភិវឌ្ឍយុវជនបែបវិជ្ជមាន និងផ្ដល់ឱកាសដល់យុវជន ដើម្បីអភិវឌ្ឍសក្ដានុពលរបស់ខ្លួនលើការអប់រំ អាជីព ការសម្រេចចិត្ត និងការចូលរួមចំណែកក្នុងការអភិវឌ្ឍគ្រួសាររបស់ពួកគេ សហគមន៍ ប្រទេសជាតិ និងសកលលោក។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវវត្ថុបំណង និងយុទ្ធសាស្ត្រមួយចំនួនសម្រាប់ «អនុវិស័យការអភិវឌ្ឍយុវជន» នៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ ២០១៩-២០២៣ ដូចខាងក្រោម៖
• វត្ថុបំណងអនុវិស័យទី ១ «អភិវឌ្ឍកម្មវិធីឌីជីថល សហគ្រិនភាព ភាពជាអ្នកដឹកនាំ និងជំនាញទន់ផ្សេងៗសម្រាប់ការអភិវឌ្ឍយុវជន» មានយុទ្ធសាស្ត្រចំនួន ៤ គឺ (១) ពង្រឹងជំនាញឌីជីថល និងលើកកម្ពស់ចំណេះដឹងអនុវត្តនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាសម្រាប់យុវជន ដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មដំណាក់កាលទី ៤ (២) ពង្រឹងទម្លាប់នៃការគិតបែបច្នៃប្រឌិត និងបង្កើតថ្មីតាមរយៈស្មារតីសហគ្រិនភាព ការលើកកម្ពស់ការប្រកបមុខរបរដោយខ្លួនឯង និងលទ្ធភាពទទួលបានសេវាណែនាំអាជីវកម្ម និងការងារ និងព័ត៌មានទីផ្សារការងារ (៣) អភិវឌ្ឍយុវជនឱ្យបានពេញលេញ និងអប់រំពួកគេឱ្យរស់នៅជាមួយគ្នាក្នុងសន្តិភាព និងសុខដុមនីយកម្ម ប្រកបដោយស្មារតីសេ្នហាជាតិ ស្រឡាញ់ប្រជាជន ជឿជាក់ និងផ្ដល់តម្លៃខ្ពស់ដល់ខ្លួនឯង មានភាពជាអ្នកដឹកនាំ និងការយល់ដឹងទូលំទូលាយអំពីសង្គម និង (៤) បង្កើនការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍសហគមន៍ និងសង្គម។
• វត្ថុបំណងអនុវិស័យទី ២ «អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់សកម្មភាពយុវជន» មានយុទ្ធសាស្ត្រចំនួន ១ គឺ អភិវឌ្ឍមជ្ឈមណ្ឌលយុវជនគំរូ។
• វត្ថុបំណងអនុវិស័យទី ៣ «ពង្រឹង សមត្ថភាពស្ថាប័ន និងមន្ត្រីទទួលបន្ទុកការងារយុវជននៅថ្នាក់ជាតិ និងក្រោមជាតិ» មានយុទ្ធសាស្ត្រចំនួន ៣ គឺ (១) ពង្រឹងសមត្ថភាពមន្ត្រីទទួល បន្ទុកការងារយុវជននៅគ្រប់លំដាប់ថ្នាក់ (២) ពង្រឹងសមត្ថភាពស្ថាប័នស្ដីពីការអនុវត្តកម្មវិធីការអភិវឌ្ឍយុវជន និង (៣) កៀរគរកិច្ចខិតខំប្រឹងប្រែងនានារបស់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ដែលពាក់ព័ន្ធ សហគមន៍ មាតាបិតា ឬអ្នកអាណាព្យាបាល ដើម្បីអភិវឌ្ឍយុវជន។
ក្នុងពេលកន្លងមក អនុវិស័យការអភិវឌ្ឍយុវជន សម្រេចបាននូវលទ្ធផលវិជ្ជមានប្រកបដោយជោគជ័យគួរឱ្យកត់សម្គាល់ ជាពិសេសលើការពង្រឹងក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជានៅតាមគ្រឹះស្ថានសិក្សារដ្ឋ ការបង្កើតក្លឹបសិក្សាតាមមុខវិជ្ជា ការបណ្ដុះបណ្ដាលសហគ្រិនភាព ការងារស្ម័គ្រចិត្ត ភាពជាអ្នកដឹកនាំ និងការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស។ យោងទៅតាម «របាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០១៩-២០២០ និងទិសដៅឆ្នាំសិក្សា ២០២០-២០២១» សម្រាប់អនុវិស័យការអភិវឌ្ឍយុវជនក្នុងឆ្នាំសិក្សា ២០១៩-២០២០ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបានជោគជ័យគួរជាទីមោទនៈលើកិច្ចការសំខាន់ៗជាច្រើនដូចជា៖ (១) កម្មវិធីកូនល្អ សិស្សល្អ មិត្តល្អ ដោយបានជំរុញចលនាប្រឡងប្រណាំង ៣ល្អ «កូនល្អ សិស្សល្អ មិត្តល្អ» ចាប់ពីបឋមសិក្សាដល់មធ្យមសិក្សាបឋមភូមិនៅថ្នាក់រាជធានីខេត្ត (២) ការងារក្រុមប្រឹក្សាកុមារកម្ពុជា ដែលអនុវត្តចាប់ពីបឋមសិក្សាដល់មធ្យមសិក្សាបឋមភូមិ និងមានចំនួនសមាជិកសរុប ១ ៣៤៧ ៦៥៤ (៥៤,៦២%) (៣) ការងារក្រុមប្រឹក្សាយុវជនកម្ពុជា ដែលអនុវត្តនៅមធ្យមសិក្សាទុតិយភូមិ និងមានចំនួនសមាជិកសរុប ២៩៦ ៥៩៧ (ស្រី ១៨៣ ៣៤៣) (៤) ការងារកាយរឹទ្ធិកម្ម ដែលមានសមាជិកសរុប ១៦៦ ១៣៥ (ស្រី ៤៩%) (៥) ការងារលើកកម្ពស់ការស្ម័គ្រចិត្ត និងការចូលរួមរបស់យុវជន (៦) ការអប់រំសហគ្រិនភាព និងភាពជាអ្នកដឹកនាំ (៧) ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ជំនាញឌីជីថល និងជំនាញបច្ចេកទេសរយៈពេលខ្លី (៨) ការលើកកម្ពស់សុខភាព និងសុខុមាលភាពយុវជន (៩) ការប្រកួតប្រជែងសមត្ថភាពយុវជន (១០) ការបោះជំរំ និងទស្សនកិច្ចសិក្សា (១១) ការផ្សព្វផ្សាយសកម្មភាពកិច្ចការយុវជន (១២) ការពង្រឹងសមាគមនិស្សិត (១៣) កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធ (១៤) ការផ្លាស់ប្ដូរទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ (១៥) ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌល និង (១៦) ការងារអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍយុវជន ដែលផ្តោតលើកិច្ចការសម្របសម្រួលរវាងក្រសួង ស្ថាប័នពាក់ព័ន្ធការងារអភិវឌ្ឍយុវជនអន្តរវិស័យ ចក្ខុវិស័យ ការរៀបចំគោលនយោបាយ និង សេចក្តីសម្រេចចិត្តថ្នាក់ជាតិនានាលើការអភិវឌ្ឍយុវជនកម្ពុជា។
ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលបានកើតមានឡើងនៅក្នុងអនុវិស័យការអភិវឌ្ឍយុវជន ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញទិសដៅសម្រាប់ឆ្នាំសិក្សា ២០២០-២០២១ ដូចជា៖ (១) ការបន្តធ្វើទំនើបកម្មផែនការប្រតិបត្តិប្រចាំឆ្នាំ ដើម្បីជំរុញកម្មវិធីអភិវឌ្ឍយុវជនបែបឌីជីថល ឱ្យឆ្លើយតបទៅនឹងការអប់រំបែបឌីជីថល និងការសិក្សាក្នុងបរិបទថ្មី (២) ការធ្វើបច្ចុប្បន្នកម្មសេចក្ដីណែនាំ និងសៀវភៅក្រុមប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជា ជាពិសេសសេចក្ដីណែនាំស្ដីពីការបង្កើតក្លឹបជជែកដេញដោលនៅតាមសាលារៀនក្នុងរាជធានី និងការពង្រឹងក្លឹបសិក្សានៅតាមសាលារៀនរាជធានី ខេត្ត (៣) ការពង្រឹងយន្តការពិនិត្យតាមដាន និងវាយតម្លៃ តាមរយៈការធ្វើបញ្ចប់សេចក្ដីព្រាងក្របខណ្ឌពិនិត្យតាមដាន និងវាយតម្លៃអនុវិស័យការអភិវឌ្ឍយុវជន (៤) ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការដៃគូ និងវិស័យឯកជន ដើម្បីកៀរគរការគាំទ្រកម្មវិធីបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលយុវជន (៥) ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការពិភពលោកនៃចលនាកាយរឹទ្ធិ អង្គការដៃគូ សហគមន៍ និងវិស័យឯកជន ដើម្បីកៀរគរការគាំទ្រការពង្រីកសមាជិកភាពកាយរឹទ្ធិ និង (៦) ការបន្តពង្រឹង និងអភិវឌ្ឍសមត្ថភាពមន្ត្រី តាមរយៈការបង្កើតកម្មវិធីសិក្សា និងការបណ្ដុះបណ្ដាលផ្ទៃក្នុងតាមបែបឌីជីថល ដោយប្រើប្រាស់បន្ទប់រៀនអនឡាញលើមុខជំនាញមួយចំនួនដូចជា ការរៀបចំផែនការ និងការអភិវឌ្ឍកម្មវិធី ការអភិវឌ្ឍកម្មវិធីយុវជន និងការគ្រប់គ្រងព្រឹត្តិការណ៍ កិច្ចការរដ្ឋបាល និងរបាយការណ៍ កុំព្យូទ័ររដ្ឋបាល និងការិយាល័យ ក្របខណ្ឌពិនិត្យតាមដាន និងវាយតម្លៃ ភាពជាអ្នកដឹកនាំ និងឥរិយាបទគ្រប់គ្រង និងកិច្ចការហិរញ្ញវត្ថុសាធារណៈ។
ការដាក់ចេញនូវគោលនយោបាយជាតិស្ដីពី «ការអភិវឌ្ឍយុវជនកម្ពុជា» វត្ថុបំណង និងយុទ្ធសាស្ត្រសម្រាប់អនុវិស័យការអភិវឌ្ឍយុវជនដូចមានបញ្ជាក់យ៉ាងច្បាស់នៅក្នុង «ផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ ២០១៩-២០២៣» និងលទ្ធផលការងារ «អនុវិស័យការអភិវឌ្ឍយុវជន» សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ និងទិសដៅឆ្នាំសិក្សា ២០២០-២០២១ ឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡាក្នុងការចូលរួមដល់ការអភិវឌ្ឍយុវជននៃព្រះរាជាណាចក្រកម្ពុជា៕