ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី ៣ វិច្ឆិកា បានស្នើដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិស្សាទាំងអស់ ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង របស់សិស្សានុសិស្សតែម្តងគត់ គឺនៅថ្ងៃចូលរៀនដំបូង បន្ទាប់ពីគ្រឹះស្ថានសិក្សាបើកដំណើរការឡើងវិញ។
ការស្នើនេះធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងសារពិសេស នៅថ្ងៃទី ២ វិច្ឆិកា សូមឱ្យក្រសួងអប់រំ មាន ការពិចារណា ចំពោះការប្រើប្រាស់បណ្ណចាក់វ៉ាក់សាំងថតចម្លង ហើយរក្សាបណ្ណច្បាប់ដើមទុកនៅផ្ទះឱ្យមានសុវត្ថិភាព ចំណែកបណ្ណថតចម្លង គឺសម្រាប់ឱ្យសិស្សានុសិស្សយកទៅបង្ហាញនៅពេលចូលរៀន។ ការធ្វើដូចច្នេះ ដើម្បីចៀសវាងការបាត់បង់ ឬខូចខាតបណ្ណ ។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «យើងអាចថតចម្លងជាសខ្មៅ ឬជាពណ៌ ដោយសូមឱ្យលោកគ្រូអ្នកគ្រូ សាលានីមួយៗជួយរៀបចំថតចម្លង គ្រួសារនីមួយៗ ដែលមានលទ្ធភាពថត ក៏សូមថត ហើយក្នុងករណី ដែលគ្រួសារពុំមានលទ្ធភាពថតទេ អាចឱ្យសាលាជួយថតសម្រាប់ឱ្យសិស្សប្រើប្រាស់នូវកាតចាក់វ៉ាក់សាំងនេះ»។
លិខិតរបស់ លោក ហង់ជួន ណារ៉ុន បានប្រាប់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត នៅថ្ងៃទី ៣ វិច្ឆិកាថា ចាប់ពីថ្ងៃទី ១ វិច្ឆិកា ឆ្នាំ ២០២១ តទៅ ក្រសួងបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ គ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត គ្រឹះស្ថាន ឧត្តមសិក្សា ទាំងសាធារណៈ និងឯកជន។
ដោយសង្កេតឃើញថា នៅតាមគ្រឹះស្ថានសិក្សា មួយចំនួន បានតម្រូវឱ្យសិស្សានុសិស្ស ដាក់តាមខ្លួន នូវបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជាពិសេសកុមារតូចៗ ដែលមិនទាន់ចេះ ថែទាំបណ្ណ ជាហេតុអាចបណ្តាលឱ្យខូចខាត ឬបាត់បង់បណ្ណ។
លោកថ្លែងថា៖ «ក្រសួងស្នើគណៈគ្រប់គ្រងគ្រឹះស្ថានសិស្សាទាំងអស់ ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង របស់សិស្សានុសិស្ស តែម្តងគត់ នៅថ្ងៃចូលរៀនដំបូង បន្ទាប់ពីគ្រឹះស្ថានសិក្សា បើកដំណើរការឡើងវិញ។ នៅថ្ងៃបន្តបន្ទាប់ មិនចាំបាច់ត្រួតពិនិត្យ ឬតម្រូវឱ្យសិស្សានុសិស្ស បង្ហាញបណ្ណចាក់វ៉ាក់សាំងទៀតទេ លើកលែងករណី ចាំបាច់ សិស្សានុសិស្សអាចបង្ហាញ ច្បាប់ចម្លងជាការស្រេច» ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក្រសួងអប់រំបញ្ជាក់ថា ត្រូវណែនាំដល់សិស្សានុសិស្ស ឱ្យចេះថែរក្សាបណ្ណចាក់វ៉ាក់សាំង ឱ្យបានត្រឹមត្រូវនៅតាម គេហដ្ឋានរៀងៗខ្លួន ហើយត្រូវថតចម្លងបណ្ណចាក់វ៉ាក់សាំងមួយសន្លឹកដាក់តាមខ្លួនជាប្រចាំ។
លោកបញ្ជាក់ថា៖ «សូមលោក លោកស្រី ប្រធានមេត្តាផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងការណែនាំ សិស្សានុសិស្ស ឱ្យចេះថែរក្សា និងប្រើប្រាស់បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ តាមការគួរ» ៕