ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញក្រើនរំឭកដល់អ្នកជំងឺកូវីដ ១៩ កម្រិតស្រាល ដែលកំពុងសម្រាកព្យាបាលនៅតាមផ្ទះ ត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ មុននឹងបញ្ចេញទៅខាងក្រៅ ខណៈអ្នកជំងឺកូវីដភាគច្រើន បាននិងកំពុងសម្រាកព្យាបាល ថែទាំនៅតាមផ្ទះ។
លោក ឃួង ស្រេង អភិបាលរាជធានី-ភ្នំពេញបានក្រើនរំឭកដូចនេះកាលពីថ្ងៃទី ២ វិច្ឆិកា បន្ទាប់ពីថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញសង្កេតឃើញមានប្រជាពលរដ្ឋមួយចំនួនធំ អនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានី-ភ្នំពេញបានល្អប្រសើរ ប៉ុន្តែនៅមានពលរដ្ឋមួយចំនួនតូចទៀត នៅពុំទាន់អនុវត្តបានល្អនៅឡើយ។
លោកបញ្ជាក់ថា៖ «រដ្ឋបាលរាជធានី-ភ្នំពេញសូមធ្វើការក្រើនរំឭកជាថ្មីម្តងទៀតដល់អ្នកជំងឺកូវីដ ១៩ កម្រិតស្រាល ដែលសម្រាកព្យាបាល ថែទាំ នៅតាមផ្ទះ ត្រូវទុកដាក់សំរាមនៅក្នុងស្បោងឱ្យបានត្រឹមត្រូវ និងដាច់ដោយឡែកពីសំរាមរបស់អ្នកផ្សេងទៀត»។
លោក ឃួង ស្រេង បានបន្ថែមថា ត្រូវធ្វើការបាញ់ថ្នាំ ឬអាល់កុលសម្លាប់មេរោគកូវីដ ១៩ នៅលើសំរាមទាំងក្នុង និងខាងក្រៅស្បោង ហើយត្រូវទុកដាក់សំរាមដាច់ដោយឡែកលើសពី ៧២ ម៉ោង ទើបអាចបញ្ចេញមកខាងក្រៅបាន។
មួយវិញទៀត សំរាមរបស់អ្នកជំងឺកូវីដ ១៩ ត្រូវដាក់ក្នុងស្បោងពណ៌លឿង ឬសរសេរស្លាកសញ្ញាបញ្ជាក់នៅលើស្បោង ដើម្បីងាយស្រួលក្នុងការប្រមូល ហើយត្រូវប្រើប្រាស់ស្បោងសំរាមដែលមានចំណុះ ១៥ គីឡូក្រាម ដើម្បីផ្ទុកបរិមាណសំរាមឱ្យបានរយៈពេល ៥ ថ្ងៃយ៉ាងតិច ដើម្បីចៀសវាងបញ្ចេញសំរាមរៀងរាល់ថ្ងៃ។
លោកអភិបាលបញ្ជាក់ថា៖ «ក្នុងករណីដែលអ្នកជំងឺមិនសហការ និងមិនអនុវត្តតាមការណែនាំនេះ ហើយបង្កឱ្យមានការឆ្លងជំងឺកូវីដ ១៩ ដល់អ្នកដទៃ បុគ្គលដែលប្រព្រឹត្តត្រូវទទួលខុសត្រូវតាមមាត្រាទី ៩ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»។
មាត្រា ៩ នៃច្បាប់នេះបានចែងថា អំពើចម្លងដោយចេតនានូវជំងឺកូវីដ ១៩ ដល់អ្នកដទៃតាមគ្រប់មធ្យោបាយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ និងលិខិតបទដ្ឋានពាក់ព័ន្ធ ដែលមានជាធរមាន។
ដោយឡែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនៅថ្ងៃទី ១ ខែវិច្ឆិកាថា អ្នកជំងឺកូវីដ ១៩ កម្រិតស្រាលដែលសម្រាកព្យាបាលនៅតាមផ្ទះមានច្រើនជាងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ។
លោកលើកឡើងពីស្ថានភាពនៃជំងឺឆ្លងរាលដាលកូវីដ ១៩ ថា ទិន្នន័យនៃអ្នកជំងឺកូវីដ ១៩ ចូលថ្មី ដែលបានចុះបញ្ជីរាយការណ៍ ដោយអាជ្ញាធរមានសមត្ថកិច្ច សរុបមានការកើនឡើងជាមធ្យម ៧៧% ក្នុងអំឡុងពេលប្រមាណ ១២ ថ្ងៃ ក្រោយពីភ្ជុំបិណ្ឌ។
លោកបញ្ជាក់ថា៖ «ប៉ុន្តែការកើនឡើងនេះបានថយចុះមកនៅត្រឹមជាមធ្យម ២៥% នៅក្នុងអំឡុងពេល ៥ ថ្ងៃចុងក្រោយ ដែលក្នុងនោះមួយចំនួនអ្នកចូលថ្មី ដែលសម្រាកព្យាបាលនៅផ្ទះបានកើនឡើងពី ១៤% ដល់ ២៣%។ អ៊ីចឹងបានសេចក្ដីថា ចំនួនវាឆ្លង ក៏ប៉ុន្តែការចូលព្យាបាលនៅពេទ្យតិច ក៏ប៉ុន្តែអ្នកព្យាបាលនៅតាមផ្ទះច្រើន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា ចំនួនអ្នកចូលថ្មីដែលសម្រាកព្យាបាលនៅតាមមណ្ឌលព្យាបាលបានថយចុះពី ៥៩% មកនៅ ៥២%។ ចំណែក អ្នកជំងឺថ្មី ដែលចូលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបានថយចុះពី ២៧% មក ២៥% នៃចំនួនអ្នកជំងឺអ្នកចូលថ្មីសរុបនៅទូទាំងប្រទេស។
លោកថ្លែងថា៖ «អ៊ីចឹងបានសេចក្ដីថា អត្រាអ្នកព្យាបាលនៅតាមផ្ទះកើន អ្នកចូលមន្ទីរពេទ្យថយ»។
ជាមួយគ្នានេះលោក ហ៊ុន សែន ក៏បានណែនាំឱ្យមានការពង្រឹងសមត្ថភាពព្យាបាលកូវីដ ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ដោយត្រូវពង្រឹងសមត្ថភាពមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យតាមភូមិភាគ។
លោកបញ្ជាក់ថា៖ «យើងបញ្ចេញកម្លាំង ទាំងក្រសួងសុខាភិបាល ទាំងបង្កើតឡើងនូវអនុគណៈកម្មការ ដើម្បីជួយសាងសង់ រៀបចំកន្លែងសម្រាកព្យាបាលរហូតដល់មានកន្លែងផលិតអុកស៊ីហ្ស៊ែននៅតាមខេត្តទៀត។ ប៉ុន្តែ កុំផ្អែកទៅលើថា ដោយសារកន្លែងពេទ្យមានច្រើន បែរជានាំគ្នាខ្វះការប្រយ័ត្ន ធ្វេសប្រហែសលើវិធានការ ៣កុំ ៣ការពារឱ្យសោះ»។
ទាក់ទងនឹងការពង្រឹងសមត្ថភាពពេទ្យនេះដែរ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានថ្លែងកាលពីថ្ងៃទី ២ វិច្ឆិកាថា ការពង្រឹងសមត្ថភាពព្យាបាលបន្ថែមទៀតនៅតាមមន្ទីរពេទ្យ ពិសេសផ្នែកសង្គ្រោះបន្ទាន់ក្នុងពេលបើកប្រទេសឡើងវិញនេះ គឺជាការចាំបាច់បំផុត។
លោកស្រីថ្លែងថា៖ «អ្វីដែលសម្តេចតេជោលើកឡើងនេះគឺល្អឥតខ្ចោះ និងចំចំណុចបច្ចេកទេសដែលចាំបាច់ណាស់ក្នុងដំណាក់កាលនេះដែលយើងត្រូវតែពង្រឹងបន្ថែមទៀតនូវសមត្ថភាពរបស់គ្រូពេទ្យរបស់យើង ដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋនៅពេលដែលគាត់ឆ្លងជំងឺកូវីដ ១៩»៕