ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជាបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់នូវឱសថប្រភេទ Molnupiravir របស់អាមេរិក ដែលជាប្រភេទឱសថគ្រាប់ប្រើតាមមាត់ប្រឆាំងនឹងមេរោគកូវីដ ១៩ (Antiviral) ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ សម្រាប់ព្យាបាលជំងឺកូវីដ ១៩។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃទី ៣ ខែវិច្ឆិកា បានចេញវិញ្ញាបនបត្រអនុញ្ញាតប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ឱ្យមានការប្រើប្រាស់ឱសថ Molnupiravir របស់អាមេរិក។
លោកបានលើកឡើងតាមរយៈលិខិតនេះថា៖ «លក្ខខណ្ឌនៃការប្រើប្រាស់ឱសថនេះ គឺប្រើតែក្នុងអំឡុងពេលគ្រោះអាសន្នសុខភាពសាធារណៈនៃជំងឺកូវីដ ១៩ ដែលកំពុងកើតមាន និងជាជម្រើសនៃការព្យាបាលដែលស្ថិតក្រោមការស្រាវជ្រាវ និងវាយតម្លៃ»។
លោក ម៉ម ប៊ុនហេង បានបន្តថា ប្រើក្រោមអាទិភាពរបស់រាជរដ្ឋាភិបាលដូចមានចែងក្នុងផែនការដាក់ពង្រាយឱសថជាតិបច្ចុប្បន្ន និងក្រុមមនុស្សអាទិភាព។
លិខិតដដែលនេះបានបញ្ជាក់ថា នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង នឹងដឹកនាំអង្គភាពពាក់ព័ន្ធដទៃទៀត ដើម្បីអនុវត្តផែនការគ្រប់គ្រងហានិភ័យ ដោយផ្អែកលើ Risk Management Plan (RMP) ដែលផ្តល់ដោយក្រុមហ៊ុន ឬអាចរកបានពីអង្គការសុខភាពពិភពលោក។
មួយវិញទៀត មណ្ឌលព័ត៌មានឱសថកម្ពុជានៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង និង អង្គភាពពាក់ព័ន្ធដទៃទៀតត្រូវរាយការណ៍អំពីប្រតិកម្មរំខាន និងតាមដានការប្រើប្រាស់ រួមទាំងកំណត់ត្រាលេខឡូត៍ដែលបានចែកចាយទៅទីកន្លែងព្យាបាល និងដែលបានផ្តល់ជូនអ្នកជំងឺ។
ប្រភពដដែលនេះ បានបន្តថា អង្គភាពដែលមានកាតព្វកិច្ចអនុវត្តការព្យាបាលជំងឺកូវីដ ១៩ ដែលប្រើប្រាស់ឱសថសម្រាប់ព្យាបាលនេះ ត្រូវសហការជាមួយអង្គភាពដទៃទៀត ដើម្បីបង្កើនសមត្ថភាពគ្រប់គ្រងគ្លីនិកក្នុងការឆ្លើយតបបន្ទាន់ និងទាន់ពេលវេលាចំពោះប្រតិកម្មរំខានបន្ទាប់ពីប្រើប្រាស់ឱសថនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១ ខែវិច្ឆិកា បានប្រកាសឱ្យដឹងផងដែរថា កម្ពុជាកំពុងទិញថ្នាំសម្រាប់ការព្យាបាលចំនួន ៥ ម៉ឺននាក់ ដែលជាថ្នាំរបស់អាមេរិកដែលព្យាបាលល្អក្នុងម្នាក់តម្លៃ ៥០ ដុល្លារ ដែលសរុបជាទឹកប្រាក់អស់ ២,៥ លានដុល្លារ។
លោកបានថ្លែងថា៖ «កាលពីមុន ៧០០ ដុល្លារក្នុងម្នាក់ ក្រោយមកចុះមកនៅ ៥០ ដុល្លារ។ ឥឡូវមកនៅ ៤៦ ដុល្លារ ទាំងថ្លៃដឹកជញ្ជូន។ យើងគិតទាំងថ្លៃដឹកជញ្ជូនព្រោះលុយយើងចេញដែរ»។
លោក ហ៊ុន សែន បានបន្ថែមថា៖ «ការពិតមនុស្សយើងកំពុងនៅឈឺតែប៉ុន្មានពាន់នាក់ទេ ប៉ុន្តែយើងទិញត្រៀមទុកសម្រាប់ព្យាបាលមនុស្ស ៥ ម៉ឺននាក់។ អ៊ីចឹងយើងអត់មានរឿងត្រូវសូញសាញច្រើនទេ គឺបញ្ជាទិញតែម្តង ប៉ុន្តែសុំប្រជាពលរដ្ឋយើងកុំផ្អែកថាថ្នាំនេះល្អ បាត់ការប្រុងប្រយ័ត្នឱ្យសោះ»។
គួររំឭកដែរថា ថ្មីៗកន្លងមកនេះ ក្រសួងសុខាភិបាលកម្ពុជាបានចេញអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ ១៩ ដែលផលិតនៅប្រទេសរុស្ស៊ីចំនួន ៥ ប្រភេទផ្សេងគ្នាក្នុងលក្ខខណ្ឌបន្ទាន់ផងដែរ។ វ៉ាក់សាំងទាំងនោះមាន ប្រភេទ Sputnik V, ប្រភេទ CoviVac (Russia COVID-19 vaccine), ប្រភេទ Sputnik-Light និងប្រភេទ EpiVacCorona ចំនួន ២ ប្រភេទ។
ដោយឡែកទាក់ទងនឹងចំនួននៃការចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្រាប់ក្រុមអាយុពី ១៨ ឆ្នាំឡើង ចាក់បានជាង ១០ លាននាក់ ឬស្មើនឹង ១០០,១១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់ដែលកម្ពុជាបានសម្រេចគោលដៅកាលពីថ្ងៃទី ៣១ ខែតុលា កន្លងមកនេះ។ សម្រាប់ក្រុមអាយុពី ១២ ឆ្នាំទៅក្រោម ១៨ ឆ្នាំចាក់បានជិត ១,៨ លាននាក់ ឬស្មើ ៩៨,០២% ធៀបជាមួយចំនួនប្រជាជនគោលដៅជាង ១,៨ លាននាក់ រីឯលើកុមារអាយុពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំចាក់បានជាង ១,៩ លាននាក់ ឬស្មើនឹង ១០១,៧៨% ធៀបជាមួយនឹងប្រជាជនគោលដៅជិត ១,៩ លាននាក់។ សម្រាប់ការចាក់វ៉ាក់សាំងលើកុមារអាយុ ០៥ ឆ្នាំ ក្នុងរយៈពេល ២ ថ្ងៃ បានជិត ៧ ម៉ឺននាក់ ឬស្មើ ២២,៤៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤ ៣១៧ នាក់៕
វីដេអូ៖