ភ្នំពេញៈ ចាប់តាំងពីចុងខែកញ្ញាមក ក្រសួងអប់រំ យុវជន និងកីឡាបានបណ្ដុះបណ្ដាលគ្រូបង្រៀនមកពីវិទ្យាល័យធនធាន និងវិទ្យាល័យបណ្តាញចំនួន ៣ ២៩២ នាក់ ស្តីពីការបង្រៀនពីចម្ងាយ ដើម្បីឱ្យដំណើរការថ្នាក់រៀនតាមប្រព័ន្ធអេឡិចត្រូនិកមានគុណភាព និងប្រសិទ្ធភាព។
យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី ១ ខែវិច្ឆិកា ក្រសួងបន្តជំរុញការបណ្ដុះបណ្ដាលគ្រូជាង ៧០០ នាក់ជារៀងរាល់សប្ដាហ៍លើបំណិនការបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក។ វគ្គបណ្ដុះបណ្ដាលគ្រូបង្រៀននេះ គឺស្ថិតក្រោមការរៀបចំរបស់គម្រោងអភិវឌ្ឍន៍វិស័យអប់រំនៅមធ្យមសិក្សាទុតិយភូមិ (USESDP) ដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ក្រសួងបានបន្តថា «វគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញទាំងស្រុងនេះមានគោលបំណងឱ្យគណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ ចេះប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន ដើម្បីធានាការបន្តផ្ដល់សេវាបង្រៀនដល់សិស្សដោយអនុវត្តតាមគន្លងថ្មីគឺការប្រើប្រាស់បច្ចេកវិទ្យាបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ប្រើប្រាស់ជាឧបករណ៍ជំនួយបន្ថែមលើការបង្រៀននាថ្ងៃអនាគតស្របតាមបរិបទការអប់រំឌីជីថល»។
យោងតាមប្រភពដដែលដែលបានដកស្រង់សម្ដី លោក ឌី សមស៊ីដេត អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ និងជាប្រធានគ្រប់គ្រងគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ (USESDP) បានលើកឡើងថា ការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកអប់រំត្រូវធ្វើជាប្រចាំ ដើម្បីឱ្យពួកគេក្លាយជាមនុស្សមានជំហរ រឹងមាំទាំងចិត្តគំនិត និងស្មារតី។
លោក រស់ សុវាចា អ្នកនាំពាក្យរបស់ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ពីថ្ងៃទី ២ វិច្ឆិកាថា គ្រូបង្រៀនភាគច្រើនអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់បង្រៀនតាមអនឡាញមុន និងក្នុងបរិការណ៍កូវីដ ១៩ ។
លោកបានបន្តថា៖ «ចំពោះគ្រូបង្រៀនដែលត្រូវការការបណ្តុះបណ្តាលបន្ថែមដើម្បីអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់បង្រៀនតាមអនឡាញក្រសួងបានបន្តផ្តល់ឱកាសពង្រឹងសមត្ថភាពតាមគ្រប់រូបភាព។ ក្នុងន័យនេះក្រសួងអប់រំ យុវជន និងកីឡា បង្វែរបញ្ហាប្រឈមឱ្យទៅជាឱកាសពង្រឹងគុណវុឌ្ឍិគ្រូបង្រៀន ដែលស្របតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ ក្នុងគោលបំណងអភិវឌ្ឍមូលធនមនុស្សសម្រាប់ចូលរួមប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៥០»។
លោក រស់ សុវាចា បានបន្តថា នៅមុននិងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ ១៩ ក្រសួងអប់រំបានបន្តលើកកម្ពស់ការបណ្តុះបណ្តាលគ្រូបង្រៀន។
ក្រសួងបានធ្វើការងារមួយចំនួនដូចជា បន្តអនុវត្តផែនការសកម្មភាពកំណែទម្រង់ និងជំរុញគ្រប់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូឱ្យបន្តអនុវត្តកម្មវិធីបណ្តុះបណ្តាលឱ្យបានពេញលេញ និងច្បាស់លាស់ដោយបែងចែកឱ្យមានការសិក្សាក្នុងថ្នាក់រៀនស្វ័យសិក្សា និងការប្រើប្រាស់បច្ចេកវិទ្យា។ បន្ថែមពីនេះផងដែរ ក្រសួងក៏បានបន្តផ្តល់ការបណ្តុះបណ្តាល ដោយប្រើវិធីសាស្ត្របង្រៀនថ្មីៗ និងការប្រើបច្ចេកវិទ្យាព័ត៌មានក្នុងដំណើរការបង្រៀន និងរៀន ។
លោកបន្តថា៖ «គ្រូបង្រៀនក៏ទទួលបានវិធីសាស្ត្របង្រៀនថ្មីៗ រួមមាន ការរៀនសូត្រសកម្ម ការរៀនបែបស្ថាបនា ការរៀនតាមបែបដោះស្រាយបញ្ហា ការរៀនតាមបែបស្រាវជ្រាវ និងការរៀនតាមបែបរិះរក រួមទាំងបច្ចេកទេសគ្រប់គ្រងថ្នាក់រៀនផ្ទាល់ និងតាមអនឡាញ»៕
រ៉ូ គីមឡុង