ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានពន្យល់ចំពោះការរិះគន់ របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា ការផ្តន្ទាទោសអ្នកប្រព្រឹត្តបទល្មើសតាមនីតិវិធីតុលាការ និងផ្អែកតាមទិដ្ឋភាពច្បាប់ គឺជាយន្តការនៃការលើកស្ទួយសិទ្ធិមនុស្ស និងនីតិរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ០៤ ខែវិច្ឆិកាថា៖ «ការផ្តន្ទាទោសអ្នកប្រព្រឹត្តបទល្មើស តាមនីតិវិធីតុលាការ និងផ្អែកតាមទិដ្ឋភាពច្បាប់ គឺជាយន្តការនៃការលើកស្ទួយសិទ្ធិមនុស្ស និងនីតិរដ្ឋ ក្នុងសង្គមប្រជាធិបតេយ្យ មិនមែនជាការរិតត្បិតសិទ្ធិសេរីភាព ឬមួយក៏ជាការបំបិទសំឡេងប្រឆាំង ឬក៏ធ្វើទុក្ខបុកម្នេញ សកម្មជននោះទេ»។
លោកបានលើកឡើងដូចនេះ បន្ទាប់ពីអ្នកជំនាញ របស់អង្គការសហប្រជាជាតិចំនួន ៣ រូប បានស្នើឱ្យកម្ពុជាបញ្ឈប់ការប្រើប្រាស់តុលាការ ដើម្បីផ្តន្ទាទោសលើអ្នកហ៊ាននិយាយ អំពីសិទ្ធិមនុស្ស ដោយអ្នកជំនាញទាំងនេះ បានរិះគន់ប្រទេសកម្ពុជាយ៉ាងខ្លាំងថា បានប្រើប្រាស់ប្រព័ន្ធតុលាការ ជាមធ្យោបាយក្នុងការកាត់បន្ថយវិសាលភាពសម្រាប់សកម្មភាពរបស់ពលរដ្ឋ។
លោកបានបន្ថែមថា សកម្មភាពនៃការប្រព្រឹត្តបទល្មើសក៏មិនមែនជាការអនុវត្តសិទ្ធិសេរីភាពតាមបែបប្រជាធិបតេយ្យ ហើយក៏មិនត្រូវបានទទួលនូវការលើកទឹកចិត្ត និងការការពារដែរ។
ក្រុមអ្នកជំនាញ របស់អង្គការសហប្រជាជាតិទាំង ៣ រូបនេះមាន លោក វិទិត មុនតាប៊ន (VititMuntarbhorn) អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី អាយរីន ខាន់ (Irene Khan) អ្នករាយការណ៍ពិសេសស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិ នៃសេរីភាពបញ្ចេញមតិ និងទស្សនៈ និងលោកស្រី ម៉ារី ឡល័រ (Mary Lawlor) អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពរបស់ក្រុមអ្នកការពារសិទ្ធិមនុស្ស។
អ្នកជំនាញទាំង៣រូបនេះ ក៏បានអំពាវនាវឱ្យប្រទេសកម្ពុជា ការពារសេរីភាពបញ្ចេញមតិ ក្រោយពីអ្នកការពារសិទ្ធិមនុស្ស និងសកម្មជននយោបាយសរុប ១៥ នាក់ ក្នុងសំណុំរឿងពីរផ្សេងគ្នា ត្រូវបានតុលាការផ្តន្ទាទោស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទិ្ធមនុស្សប្រចាំកម្ពុជា កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានតាមរយៈអ៊ីម៉ែល។
អ្នកជំនាញសិទ្ធិមនុស្សទាំងនេះ បានមានប្រសាសន៍ថា៖ «យើងខ្ញុំព្រួយបារម្ភជាខ្លាំង អំពីសាលក្រមផ្តន្ទាទោសទាំងនេះ ដែលសរបញ្ជាក់ជាថ្មីម្តងទៀត នូវការធ្លាក់ចុះនៃលំហពលរដ្ឋ និងនយោបាយនៅកម្ពុជា ដែលមានលក្ខណៈជាប្រព័ន្ធ និងមានការរៀបចំច្បាស់លាស់»។
អ្នកជំនាញទាំងនេះបានបន្តថា ពួកគេពិតជាភ្ញាក់ផ្អើលដែលថា តុលាការត្រូវបានប្រើប្រាស់ជាមធ្យោបាយជាថ្មីទៀត ក្នុងការបំបិទសំឡេងរិះគន់របស់អ្នកដែលហ៊ាននិយាយរិះគន់ រួមទាំងសកម្មភាពអហិង្សាដែលត្រូវបានការពារដោយសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «ប្រទេសកម្ពុជា គួរតែចាត់វិធានការជាបន្ទាន់ ក្នុងការបង្កលក្ខណៈអំណោយផលដល់ប្រព័ន្ធមួយ ដែលសង្គមស៊ីវិលអាចចូលរួមងាយស្រួល និងលទ្ធិប្រជាធិបតេយ្យរឹងមាំ ព្រមទាំងការពារ និងធានានូវសេរីភាពបញ្ចេញមតិ សិទ្ធិបង្កើតសមាគម និងការប្រមូលផ្តុំដោយសន្តិភាព»។
អ្នកជំនាញរបស់អង្គការសហប្រជាជាតិ ក៏បានអំពាវនាវដល់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការបន្ទាន់ដើម្បីការពារលំហពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ តាមរយៈការអនុវត្តអនុសាសន៍នានា ដែលប្រទេសកម្ពុជា បានទទួលយកនៅពេលត្រួតពិនិត្យជាសកល តាមកាលកំណត់កាលពីឆ្នាំ ២០១៩។
ក្នុងចំណោមអនុសាសន៍ទាំងនោះ ក៏មានការសន្យាថា នឹងបង្កើតលក្ខខណ្ឌល្អប្រសើរ ដែលសង្គមស៊ីវិល រួមទាំងអ្នកការពារសិទ្ធិមនុស្ស អាចបំពេញការងាររបស់ខ្លួនដោយសេរី ដោយគ្មានការជ្រៀតជ្រែក ឬរារាំង។
ក៏ប៉ុន្តែលោក ជិន ម៉ាលីន បានបញ្ជាក់ថា៖ «ការអនុវត្តច្បាប់ ដោយផ្អែកទៅលើទិដ្ឋភាព នីតិវិធីច្បាប់ របស់កម្ពុជាតាមរយៈយន្តការរបស់តុលាការ គឺជាវិធានការច្បាប់ជាទូទៅ ដែលគេតែងតែប្រើប្រាស់នៅក្នុងសង្គមប្រជាធិបតេយ្យ នីតិរដ្ឋ»។
ពាក់ព័ន្ធនឹងករណីនេះដែរ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការបញ្ជាក់ទាក់ទងនឹងយុវជនជាប់ចោទម្នាក់ ឈ្មោះ កាក់ សុវណ្ណច្ឆ័យ ភេទប្រុស អាយុ ១៧ ឆ្នាំ ដែលជាកូនសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ជាជនម្នាក់ក្នុងចំណោម ១៥ នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថដែលបានប្រព្រឹត្តិឡើងក្នុងឆ្នាំ ២០២១ នេះ។
សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពញ ដែលបានចេញនៅថ្ងៃទី ០៤ ខែវិច្ឆិកា បានឱ្យដឹងថា កាលថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២១ តុលាការបានធ្វើការវិនិច្ឆ័យ ដោយមានការគិតគូរពិចារណាយ៉ាងហ្មត់ចត់ លើផលប្រយោជន៍អនីតិជន ហើយបានសម្រេចផ្តន្ទាទោសយុវជនរូបនេះដាក់ពន្ធនាគារកំណត់ទណ្ឌកម្មត្រឹមពាក់កណ្តាលនៃទោសដែលច្បាប់បានកំណត់ចំពោះនីតិជន ហើយទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារតែមួយផ្នែកប៉ុណ្ណោះ ទោសនៅសល់ត្រូវព្យួរសាកល្បង ដោយតម្រូវឱ្យទណ្ឌិតគោរពវិធានការត្រួតពិនិត្យមួយចំនួន។
អ្នកនាំពាក្យបានបញ្ជាក់ថា ៖ «ពិរុទ្ធជនរូបនេះ នឹងត្រូវដោះលែងនៅថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះ បន្ទាប់ពីជាប់ឃុំរយៈពេល ៤ ខែ ១៥ ថ្ងៃ និងត្រូវប្រគល់ជូនអាណាព្យាបាល ធ្វើការអប់រំ ណែនាំ និងមើលការខុសត្រូវឱ្យបានល្អ»។
ជននេះ ត្រូវបានសមត្ថកិច្ចធ្វើការណែនាំអប់រំ ដោយមិនបានចោទប្រកាន់តាមនីតិវិធីតុលាការនោះទេ ព្រោះយល់ថា ជាអនីតិជន ដែលបានប្រព្រឹត្តអំពើនេះ ជាលើកដំបូង ប៉ុន្តែជននេះ នៅតែមិនកែប្រែខ្លួន ទើបមានវិធានការតាមផ្លូវច្បាប់ ចំពោះករណី លើកទី២ នេះ។
ដោយឡែកចំពោះការលើកឡើងដែលថា យុវជនរូបនេះមានជំងឺ អូទីសឹម ជាការអះអាងផ្ទាល់ខ្លួន ដោយពុំមានបង្ហាញ ភស្តុតាងបញ្ជាក់គ្មានសំបុត្រពេទ្យ ឯកសារដែលធ្លាប់ព្យាបាល និងគ្មានលិខិតកោសលវិច័យនោះទេ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានបន្តថា តុលាការបានធ្វើការពិនិត្យកាយសម្បទា និងសាកសួរអំពីការយល់ដឹងជាទូទៅរបស់ក្មេងនេះ គឺមានសភាពធម្មតាដូចក្មេងដទៃ ដោយពុំមានសភាពមិនប្រក្រតីដូចការលើកឡើងរបស់ក្រុមគ្រួសារនោះទេ៕