ភ្នំពេញៈ ទីភ្នាក់ងារជំនួយអាមេរិក USAID ប្រកាសប្តេជ្ញា បន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជាបន្តទៀត ក្រោយរយៈពេល ១០ ឆ្នាំកន្លងមក អង្គការនេះបានជួយកសិករកម្ពុជាជាង ២៣០ ០០០ នាក់ និងគ្រួសាររបស់ពួកគេឱ្យចាកផុតពីភាពស្រេកឃ្លាន និងភាពក្រីក្រ។
ការប្រកាសយ៉ាងដូច្នេះបានធ្វើឡើង ស្របពេលឆ្នាំនេះគឺជាខួប ៦០ ឆ្នាំរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID ដែលអង្គការនេះបានបង្កើតឡើង ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាដៃគូ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ USAID បានអះអាងថា ខ្លួនជួយកសិករកម្ពុជាចំនួនជាង ២៣០ ០០០ នាក់ និងគ្រួសាររបស់គេឱ្យចាកផុតពីភាពអត់ឃ្លាន និងភាពក្រីក្រ។ នេះបើតាម USAID បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ៤ វិច្ឆិកា។
USAID បានបន្ថែមទៀតថា តាមរយៈកម្មវិធីកសិកម្ម និងកម្មវិធីបរិស្ថានរបស់ខ្លួន សហគមន៍មូលដ្ឋានបានលើកកម្ពស់មុខជំនួញ ជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូលនៃគ្រួសាររបស់ពួកគេហើយជាលទ្ធផល សហគមន៍ជនបទទាំងនេះទទួលបានចំណូលបន្ថែមចំនួន ៩០ លានដុល្លារ សម្រាប់សេដ្ឋកិច្ចកម្ពុជា។
ក្នុងពេលដែលអបអរដំណាក់កាលនេះ USAID បានប្រកាសថា៖ «យើងធ្វើការឆ្លុះបញ្ចាំងលើការប្តេជ្ញាចិត្តរបស់យើង ចំពោះការអភិវឌ្ឍដែលមានការចូលរួមទាំងអស់គ្នា និងកាតព្វកិច្ចរបស់យើងក្នុងការមិនចោលក្រុមណាមួយនៅក្នុងការងារអភិវឌ្ឍន៍របស់យើង»។
លោកស្រី Nancy J. Eslick តំណាងទីភ្នាក់ងារ USAID ប្រចាំកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៤ វិច្ឆិកាថា ឈានដល់ខេត្តទាំង ២៥ របស់កម្ពុជា USAID បានធ្វើការជាមួយដៃគូកម្ពុជា និងអន្តរជាតិ ដើម្បីអនុវត្តកម្មវិធីដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់។
លោកស្រីបន្តថា ការងាររបស់ខ្លួន គឺផ្តោតលើការពង្រឹងបណ្តាអង្គការសង្គមស៊ីវិល និងការការពារសិទ្ធិមនុស្ស ការកែលម្អសុខភាព និងអាហារូបត្ថម្ភដោយគាំទ្រការអប់រំ និងការអភិវឌ្ឍកុមារព្រមទាំងការបង្កើនផលិតកម្មកសិកម្ម សន្តិសុខស្បៀងក្នុងការជួយការអភិរក្សព្រៃឈើ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះធម្មជាតិ។
បើទោះជាក្នុងពេលបច្ចុប្បន្នពិភពលោកមានការប្រឈមថ្មីនៃជំងឺកូវីដ ១៩ ក៏លោកស្រីបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈ USAID នៅបន្តជួយដល់កម្ពុជាតាមរយៈកម្មវិធីនានាដែលខ្លួនបានដាក់ចេញ។
លោកស្រី Nancy ថ្លែងទៀតថា៖ «ចក្ខុវិស័យរបស់យើងនៅក្នុងប្រទេសកម្ពុជា គឺចង់ឃើញប្រទេសមួយនេះកាន់តែរីកចម្រើន ផ្នែកប្រជាធិបតេយ្យ និងឯករាជ្យ ដែលរាល់សំឡេងទាំងអស់ត្រូវបានស្តាប់ឮ និងគោរព ហើយអធិបតេយ្យភាពរបស់កម្ពុជាត្រូវបានការពារ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានស្វាគមន៍ចំពោះការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គការអន្តរជាតិមួយ ដើម្បីរួមគ្នាអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសជួយបង្កើនជីវភាពរបស់ប្រជាពលរដ្ឋឱ្យងើបចេញពីភាពក្រីក្រ។
លោកបន្តថា ជាគោលជំហររបស់រដ្ឋាភិបាលកម្ពុជាគឺនៅតែចង់ឃើញ USAID បន្តចូលរួមជាមួយរដ្ឋាភិបាលក្នុងការជួយគាំទ្រផ្នែកអភិវឌ្ឍន៍ ដើម្បីរំដោះប្រជាពលរដ្ឋចេញពីភាពក្រីក្រ ក៏ដូចជាគាំទ្រវិស័យអប់រំវិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម។ «USAID គឺជាសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាល អាស្រ័យហេតុដូច្នេះខ្ញុំឃើញ USAID ធ្វើការជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍក្នុងវិស័យទាំងនេះ។ រដ្ឋាភិបាលគឺស្វាគមន៍ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការទាំងអស់គ្នា ព្រោះយើងត្រូវការធ្វើយ៉ាងណាកុំឱ្យមានផលបញ្ច្រាស់ ដែលប្រឆាំងនឹងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល»៕